ជាតិ
អំពើហិង្សា​លើ​កុមារ​នៅ​ភូមិ​ឃុន​រាម ក្នុង​ខេត្តសៀមរាប ថយចុះ ក្រោយ​មាន​ជំនួយ​របស់​EU
03, Dec 2016 , 2:56 pm        
រូបភាព
ដោយ:
 
​សៀមរាប​៖ អាជ្ញាធរ​នៅក្នុង​ភូមិ ឃុន​រាម ឃុំ ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​អង្គ​ការដែល​ធ្វើការ​ទាក់ទង​នឹង​ការការពារ​កុមារ​នៅក្នុង​តំបន់​នេះ បាន​ឲ្យ​ដឹងថា ស្ថានភាព​ភាព​អំពើហិង្សា​ចំពោះ​កុមារ​នៅក្នុង​ភូមិ​នេះ បាន​កាត់បន្ថយ​ប្រមាណ ៣០ ភាគរយ មកដល់​បច្ចុប្បន្ននេះ​។ អំពើហិង្សា​នៅក្នុង​ភូមិ​នេះ ថយចុះ ក្រោយពី​អង្គការ Plan សហការ​ជាមួយ​អាជ្ញាធរ ចុះ​ពន្យល់​ប្រជាជន ដោយ​មានការ​ឧបត្ថម​ពី​សហភាព​អឺរ៉ុប​។


​មេឃុំ ឃុន​រាម លោក ជូ សយ បាន​ថ្លែងថា នៅក្នុង​ភូមិ​ឃុន​រាម​នេះ ពីមុនមក​សំបូរ​ករណី​អំពើហិង្សា​លើ​កុមារ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អំពើហិង្សា​លើ​កុមារ ត្រូវបាន​កាត់បន្ថយ​ច្រើន បន្ទាប់ពី​មានការ​ចុះ​ពន្យល់​ពី​អង្គការ Plan  អន្តរជាតិ ក្រោម​ជំនួយ​របស់​សភាព​អឺរ៉ុប​។ « យើងខ្ញុំ​ពិតជា​ត្រេកអរ​ខ្លាំងណាស់ ដែល​នៅក្នុង​ភូមិ ឃុំ របស់ខ្ញុំ មិនសូវមាន​អំពើហិង្សា​លើ​កុមារ​ច្រើន​ដូច​ពីមុន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជូន សយ នៅ​ចំពោះមុខ​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar ក្នុងអំឡុង​ពេលដែល​លោក​មន្ត្រី​ទូត​រូបនេះ ចុះ​ពិនិត្យមើល​ការអនុវត្ត​គម្រោង​ជាក់ស្តែង​នៅក្នុង​ភូមិ​ឃុន​រាម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា​។ 
  
 
​ភូមិ​ឃុន​រាម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​មាន​ប្រជាជន​រស់នៅ​ចំនួន ១,៧២៣ គ្រួសារ​។  ភូមិ​នេះ​ស្ថិតនៅ ចម្ងាយ​ប្រហែល ៤៦ គីឡូម៉ែត្រ ខាងជើង​ក្រុង​សៀមរាប ។ អ្នកភូមិ​ជាង ៣០ ភាគរយ រស់នៅ​ក្រោម​បន្ទាត់ ក្រីក្រ​។ ជាងនេះទៅទៀត ប្រជាជន​នៅ​ភូមិ​នេះ ត្រូវបាន​កាត់ផ្តាច់​ពី​សង្គម រួមជាមួយ​នឹង​ការផ្តល់សេវា​សង្គម​មិន គ្រប់គ្រាន់ នៅតែ​ជា​មូលហេតុ​សំខាន់​នៃ​ភាព​ងាយ​រងគ្រោះ​របស់​កុមារ​ចំពោះ​ពលកម្ម​កុមារ ការជួញដូរ និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​។ 
 
​ដើម្បី​ធានាថា កុមារ​ទាំងអស់​ទទួល​បាន​សិទ្ធិ​របស់ខ្លួន និង​ត្រូវបាន​ការពារ​ពី​អំពើហិង្សា​គ្រប់​ទម្រង់​ក្នុង​គ្រប់​មជ្ឈដ្ឋាន សហភាព​អឺរ៉ុប​បានផ្តល់​ដល់​អង្គការ​ផ្លែ​ន​អន្តរជាតិ​នូវ​មូលនិធិ​ចំនួន ១,៥ លាន អឺរ៉ូ ដើម្បី​អនុវត្ត​គម្រោង​មួយ ដែលមាន​រយៈពេល​បី​ឆ្នាំ​ស្តីពី «​ការលើកកម្ពស់​សហគម​ន៍​កុមារ​មេត្រី​តាមរយៈ​ការបង្កើត​ប្រព័ន្ធ​ជាតិ​ការពារ​កុមារ​នៅ​ប្រទេស​កម្ពុជា​»​នៅ​ខេត្តសៀមរាប និង​ខេត្ត​ត្បូងឃ្មុំ​។  ភូមិ​ឃុន​រាម​គឺជា​តំបន់​អនុវត្ត​គម្រោង​មួយ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការគាំទ្រ​នេះ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​។ 
  
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា ចាប់តាំងពី​ពេល​គម្រោង​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៤ អាជ្ញាធរ​មូលដ្ឋាន​ក្នុងភូមិ​ឃុន​រាម​បានដឹង​ពី​របៀប​ឆ្លើយតប​ឲ្យ​បាន​ត្រឹមត្រូវ​ទៅនឹង​អំពើហិង្សា​ក្នុង​គ្រប់​ទម្រង់​ទៅលើ​កុមារ​។ លើសពីនេះ​ទៀត ក្រុម​សហគមន៍​ដែល​រួមមាន ក្រុម​ឪពុកម្តាយ ក្រុម​ជិតស្និទ្ធ និង​ក្លិប​កុមារ​ត្រូវបាន​បង្កើតឡើង​រួមគ្នា​ដោយ​គម្រោង និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធានាថា កុមារ​គ្រប់រូប​ត្រូវបាន​ការពារ​យ៉ាង​ល្អប្រសើរ​។   ជា​លទ្ធផល ករណី​អំពើហិង្សា​ទៅលើ​កុមារ​ត្រូវបាន​កាត់បន្ថយ​រហូត​ដល់ ៣០% បើ​ប្រៀបធៀប​នឹង​ទិន្នន័យ​មូលដ្ឋាន​។  
 
​លោក ទី សុ​វណ្ណា​រី អ្នកឯកទេស​ផ្នែក​សិទ្ធ​កុមារ​ប្រចាំ​ប្រទេស​នៃ​អង្គការ​ផ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា អរ​អំណរគុណ​ដល់​សហភាព​អឺរ៉ុប​ដែល​បានផ្តល់​ឲ្យ​យើង​នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​អនុវត្ត​គម្រោង​នេះ​។ លោក បន្តថា គម្រោង​នេះ​អនុញ្ញាត​ឲ្យ​អង្គការ​របស់លោក កសាង​សមត្ថភាព​របស់​សហគម​ន៍​មូលដ្ឋាន​រួមបញ្ចូល ទាំង​កុមារ និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ធ្វើ​ការងារ​ជាមួយគ្នា ក្នុង​ការធ្វើអន្តរាគមន៍ និង​ឆ្លើយតប​ចំពោះ​អំពើ ហិង្សា​គ្រប់​ទម្រង់​ទៅលើ​កុមារ​។  លើសពីនេះ​ទៀត គម្រោង​នេះ​ក៏ត្រូវ​បានទទួល​ស្គាល់​ផងដែរ នៅក្នុង​ផែនការ​សកម្មភាព​ជាតិ​អភិវឌ្ឍន៍​កុមារ ៣ ឆ្នាំ​ដំបូង ដែល​ផ្តល់​ការណែនាំ​ច្បាស់លាស់​ដល់​ស្ថាប័ន​រដ្ឋាភិបាល​អំពី​របៀប​លើកកម្ពស់​សិទ្ធិ​កុមារ និង​ដោះស្រាយ​រាល់​ការរំលោភ​សិទ្ធិ​កុមារ​នៅក្នុង​ប្រទេស កម្ពុជា​។​
  
 
​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា រូបលោក​ពិតជា​សប្បាយ​ចិត្ត នៅពេលដែល​ទទួលបាន​ព័ត៌មាន​ថា អត្រា​នៃ​អំពើហិង្សា​នៅក្នុង​ភូមិ​នេះ ត្រូវបាន​កាត់បន្ថយ បន្ទាប់ពី​អង្គការ​Plan បាន​អនុវត្ត​គម្រោង​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប​។ « ហើយ​អ្វីដែល​កាន់តែ​ពិសេស​សម្រាប់​ខ្ញុំ​នោះ នៅពេលដែល​ខ្ញុំ​បាន​ចុះមក​មើល​ផ្ទាល់ និង​បាន​ស្តាប់​មតិយោបល់ ព័ត៌មាន​ពី​សំណាក់​ប្រជាជន​ផ្ទាល់​នៅក្នុង​ភូមិ​នេះ​អំពី​ស្ថានភាព​ជាក់ស្តែង ដែល​វា​ប្រសើរ​ជាង​ខ្ញុំ​អង្គុយតែ​នៅក្នុង​ការិយាល័យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ឯកអគ្គរដ្ឋទូត​។ 














Tag:
 ភូមិ​ឃុន​រាម​
 ​ កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com