ជាតិ
នយោបាយជាតិ
ឯកឧត្តម កឹម សុខា បញ្ជាក់ថា ការលើកលែងទោសលោក គ្មានលក្ខខណ្ឌ ឬដោះដូរអ្វីឡើយ រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា ( Kem Sokha)
×
បន្ទាប់ពីត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ កាលពីថ្ងៃសៅរិ៍ នៅថ្ងៃអាទិត្យទី ០៤ ខែធ្នូនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានជួបក្រុមយុវជនខេត្តកំពង់ចាម ដោយឯកឧត្តម ប្រកាសថា ការលើកលែងទោសឲ្យរូបលោក កាលពីថ្ងៃសុក្រ គ្មានលក្ខខណ្ឌ ឬការដោះដូរអ្វីនោះទេ។
ក្រោយមានការសង្ស័យពីសំណាក់អ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន ជុំវិញការលើកលែងទោសប្រធានស្តីទីគណបក្សសង្គ្រោះជាតិថា អាចមានការដោះដូរ ឬលក្ខខណ្ឌសម្ងាត់ណាមួយជាមួយ សម្តេច ហ៊ុន សែន នោះ ឯកឧត្តម កឹម សុខា បានចេញមុខបដិសេធចោលទាំងស្រុង។ នៅចំពោះមុខក្រុមយុវជនបក្សមកពីខេត្តកំពង់ចាម នៅថ្ងៃទី ៤ ខែធ្នូនេះ ឯកឧត្តម កឹម សុខា បានបញ្ជាក់យ៉ាងនេះថា៖« ខ្ញុំសូមបញ្ជាក់ថា ស្ថានការណ៍ថ្មីៗនេះ ទី ១ ដំណោះស្រាយ អត់មានលក្ខខណ្ឌ អត់មានការដោះដូរទេ តែគឺជាការឯកភាគគ្នា។ ទី២ ជាដំណោះស្រាយរវាងខ្មែរ និងខ្មែរ»។
ជាមួយគ្នានេះ ឯកឧត្តម សុខា ក៏ឆ្លៀតបន្ថែមថា ដំណោះស្រាយនេះ មិនមែនចប់ត្រឹមការលើកលែងទោសឲ្យលោកទេ តែលោកនឹងព្យាយាមចរចាឲ្យមានការដោះលែងសកម្មជន ឬមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងជាប់ពន្ធនាគារបច្ចុប្បន្ន។ «បញ្ហានេះ ខ្ញុំបានជជែកគ្នាជាមួយប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សកាន់អំណាចរួចហើយ។ យើងនឹងដោះស្រាយ បញ្ហាបងប្អូន ជាដំណាក់ៗ ទៅតាមប្រព័ន្ធតុលាការ ហើយយើងនឹងធ្វើឲ្យបាននាពេលខាងមុខ។ ជោគជ័យប៉ុណ្ណា ខ្ញុំមិនហ៊ានធានាទេ តែយើងនឹងធ្វើឲ្យបាន»។ អ្នកនយោបាយដែលធ្លាប់ឃុំខ្លួនក្នុងស្នាក់ការបក្សអស់ ៦ ខែ លើកឡើងបែបនេះហើយ ក៏បន្តនិយាយពីការចូលរួមប្រជុំសភានៅពេលខាងមុខដូច្នេះថា៖« សប្តាហ៍ក្រោយនេះ បើមានប្រជុំរដ្ឋសភា ខ្ញុំនឹងទៅចូលប្រជុំ ហើយនឹងមានការជជែកគ្នា រវាងក្រុមមតិភាគច្រើន និងក្រុមមតិភាគតិច»។
ជាការកត់សម្គាល់ សារនយោបាយរបស់ឯកឧត្តម កឹម សុខា ទៅកាន់ក្រុមយុវជនជាងកន្លះម៉ោងនៅថ្ងៃនេះ ភាគច្រើនប្រាប់អ្នកគាំទ្រខ្លួនឲ្យឈប់ជេរប្រមាថគ្នា តែឲ្យរិះគន់ដើម្បីស្ថាបនាវិញ។ ជាងនេះ ទៅទៀត លោកក៏ឲ្យយុវជនទាំងនោះ កុំគិតតែរិះគន់បក្សដទៃ តែភ្លេចគិតពីការពង្រឹងសមត្ថភាពខ្លួនឯង ឬរិះគន់តែមិនមានយោបល់ដើម្បីដោះស្រាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com