ជាតិ
សេដ្ឋកិច្ច
កិច្ចសន្យា​កសិកម្ម ជួយ​កសិករ​លក់​ស្រូវ​ក្នុងតម្លៃ​ខ្ពស់​
05, Dec 2016 , 7:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​កសិករ ធ្វើ​កិច្ចសន្យា​កសិកម្ម (Farming Contact) ដោយមាន​ភាគី​រដ្ឋ​ចូលរួម ដើម្បី​ឲ្យ​ការលក់​ស្រូវ​របស់​កសិក​រ​បាន​ប្រសើរឡើង​។ ស្របគ្នា​នេះដែរ ក្រុមហ៊ុន AMRU RICE  ដែល​កំពុង​អនុវត្ត​កិច្ចសន្យា​ជាមួយ​កសិករ​បានបង្ហាញ​ពី​ជោគជ័យ​នេះ​។​


​បើតាម លោក វេ​ង សាខុន អនុក្រឹត្យ​ស្ដីពី​កិច្ចសន្យា​កសិកម្ម ត្រូវ​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១១ ប៉ុន្តែ​ការចុះកិច្ចសន្យា​រវាង​ក្រុមហ៊ុន និង​សហគមន៍​កសិកម្ម នៅតែមាន​ចំនួន​តិចតួច​។ លោក​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​យ៉ាង​ដូច្នេះ​ថា​៖« មាន​គេ​ផ្ដើមធ្វើ​ខ្លះ​ហើយ ប៉ុន្តែ​កន្លងទៅ​មានការ​ភ័យខ្លាច ព្រោះ​អត់​មាន​ភាគី​ទី​បី ពិសេស​រដ្ឋាភិបាល​ជួយ​ធ្វើ​សាក្សី​»​។​
 
​កិច្ចសន្យា​កសិកម្ម  គឺជា​ការសហការ​រវាង​ក្រុមហ៊ុន​ដែល​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ក្រុម​កសិករ ដែល​ភាគី​ទាំងពីរ​នឹងធ្វើ​ការ​ជាមួយគ្នា​លើ​ការងារ​ជ្រើសរើស​ពូជ ការដាំដុះ និង​ការធានា​ទីផ្សារ​លក់​កសិផល​។ ចំពោះ​ការកំណត់​តម្លៃ​កសិផល លោក វេ​ង សាខុន ប្រាប់​ដូច្នេះ​ថា​៖«​តម្លៃ ស៊ីសង​ភាគី​ទាំងពីរ​ឯកភាពគ្នា​។ ទាល់តែ​គេ​និយាយ​ត្រូវ​គ្នា​ហើយ បាន​យើង (​ភាគី​រដ្ឋ​) ជួយ​សម្របសម្រួល ផ្សំផ្គុំ​ឲ្យ​គេ​»​។
​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន AMRU RICE បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមហ៊ុន​លោក​កំពុង​អនុវត្ត​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​ចំនួន ១៨​សហគមន៍​នៅ​ខេត្តព្រះវិហារ ដើម្បី​ដាំ​ស្រូវ​សរីរាង្គ​។ តាម​កិច្ចសន្យា ដែលមាន​ភាគី​រដ្ឋ​ចូលរួម​នេះ ក្រុមហ៊ុន​លោក​ធានា​ទិញស្រូវ​ពី​កសិករ​ផ្អែក​តាម​តម្លៃ​ទីផ្សារ និង​បូក​បញ្ចូល​តម្លៃបន្ថែម​។ បើតាម​លោក សុង សារ៉ន AMRU RICE កំពុង​ទិញស្រូវ​ផ្ការំដួល​ពី​សហគមន៍​ទាំងនោះ ក្នុងតម្លៃ​ពី ១២០០​រៀល ទៅ ១៥០០​រៀល (​តម្លៃ​នៅ​ស្រែ​) ក្នុង​១​គី​ឡី​ក្រាម អាស្រ័យ​គុណភាព​ស្រូវ​។ 
 
​លោក សុង សារ៉ន បញ្ជាក់ថា ការចុះកិច្ចសន្យា​ជាមួយ​កសិករ គេ​មិនអាច​ចែង​ពី​តម្លៃ​ថេរ​បានទេ ដែល​នឹង​នាំ​ឲ្យ​ក្រុមហ៊ុន​បរាជ័យ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​បើ​កំណត់​តម្លៃ​ថេរ ខ្ញុំ​ជឿថា ការបរាជ័យ​ខ្ពស់​ណាស់ ព្រោះ​ពេល​ទំនិញ​បាន​ថ្លៃ កសិករ​លក់​ឲ្យ​អ្នកផ្សេង​ហើយ តែបើ​តម្លៃ​ចុះ​វិញ​កសិករ​សម្រុក​លក់​ឲ្យ​ក្រុមហ៊ុន​។ ក្រុមហ៊ុន​បើ​ធ្វើ​ម៉ូ​ដែល​ណឹ​ង ដឹង​បរាជ័យ​ក្នុងស្ថានភាព​ទីផ្សារ​សព្វ​ថ្ងៃ​»​។ 
​តើ​ក្រុមហ៊ុន​អាច​ចាំ​ទិញស្រូវ​ពី​កសិករ​ពេល​ប្រមូល​ផល​តែម្ដង ដោយ​មិនបាច់​ធ្វើ​កិច្ចសន្យា  បើ​ក្រុមហ៊ុន​បម្រុង​នឹង​ទិញស្រូវ​ពី​កសិករ​លើស​តម្លៃ​ទីផ្សារ​ដដែល​?
 
«​គេ​មិន​ជឿ​ទេ​! (​អ្នកបញ្ជា​ទិញ​)​។ ការកំណត់​តម្លៃ​គ្រាន់តែ​ជា​រឿង​មួយ តែ​សំខាន់បំផុត​ត្រូវការ​បណ្ដុះបណ្ដាល ការចូលរួម​អនុវត្ត​គម្រោង ធ្វើ​ជាមួយគ្នា​។ ក្រុមហ៊ុន​ត្រូវ​ចុះ​មើល​កសិករ​ជាប់​រហូត​»​។ នេះ​ការលើកឡើង​របស់ លោក សុង សារ៉ន មុននឹង​លោក​បន្តថា​៖«​បើ​ក្រុមហ៊ុន​ចាំ​ទិញ​ថ្លៃ គ្មាន​និរន្តរភាព​ទេ សួរថា​ទិញ​ថ្លៃ លក់​ឲ្យ​អ្នកណា​?​។  យើង​ត្រូវមាន​សូចនាករ មាន​របាយការណ៍​ឲ្យ​គេ​មើល​។
 
​អគ្គនាយក​ក្រុមហ៊ុន AMRU RICE រូបនេះ​អះអាង​បន្តទៀតថា​៖« ក្រុមហ៊ុន​ខ្ញុំ​អាច​ទិញ​ថ្លៃ ព្រោះ​ក្រុមហ៊ុន មាន​ស្ដង់ដារ​សិទ្ធិមនុស្ស ស្ដង់ដារ​សរីរាង្គ  និង​ស្ដង់ដារ​បរិស្ថាន​ជាដើម​»​។ បើតាម លោក សារ៉ន ទីផ្សារ​អង្ករ​សរីរាង្គ​មាន​ភាពរឹងមាំ បើ​ធៀប​នឹង​ទីផ្សារ​អង្ករ​ទូទៅ​។ 
 
​បើតាម​ការអះអាង​រប​ស់​កសិករ និង​រោង​ម៉ាស៊ីនកិនស្រូវ ទីផ្សារ​ស្រូវ​ផ្ការំដួល (​ស្រូវ​សើម​) សព្វថ្ងៃ​មានតម្លៃ ពី​៩០០​រៀល ទៅ ៩៥០​រៀល ក្នុង​១​គី​ឡី​ក្រាម ដែល​ធ្លាក់​ថ្លៃ​ជាង​រដូវ​ប្រមូល​ផល​ឆ្នាំមុន​ដែល​កសិករ​អាច​លក់បាន​ក្នុងតម្លៃ​ពី ១១០០​រៀល ទៅ​១២០០​រៀល​៕
 
 

Tag:
 ស្រូវ​អង្ករ​
  សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com