ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម ចង់​អញ្ជើញ​អ្នកពាក់ព័ន្ធ​វិស័យ​កសិកម្ម មក​ជជែក​លើ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​មួយ​នេះ​
05, Dec 2016 , 8:24 am        
រូបភាព
រូបភាពពីក្រសួងកសិកម្ម
រូបភាពពីក្រសួងកសិកម្ម
ដោយ:
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចង់​អញ្ជើញ​សហគមន៍​នានា ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ព្រៃឈើ និង​នេសាទ មក​ជជែក​លើ​បញ្ហា​ប្រឈម​របស់​សហគមន៍ និង​រួមគ្នា​រក​ដំណោះស្រាយ​។



​ការបង្ហាញ​ឆន្ទៈ​ហៅ​អ្នកពាក់ព័ន្ធ​មក​ពិភាក្សា​លើ​វិស័យ​កសិកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​៣០ ខែ​វិឆ្ឆិកា​។ លោក វេ​ង សាខុន ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​អញ្ជើញ​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ ហើយ​និង​សហគមន៍​កសិកម្ម​ទាំងអស់ មកជួប​ជុំគ្នា ដោយ​លើក​អ្វីខ្លះ ដែល​គាត់​ប្រឈម ហើយ​យើងទាំងអស់គ្នា​រួម​ដោះស្រាយ​»​។​

​ក្រៅពី​ចង់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សហគមន៍ លោក វេ​ង សាខុន ក៏​បង្ហាញ​ឆន្ទៈ​កែលម្អ​វិស័យ​កសិកម្ម​ទាំងមូល ដែល​ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់លោក ដោយ​លោក​លើកឡើង​យ៉ាងដូច​នេះ​ថា​៖«​យើង​ត្រូវ​បើកទូលាយ បើ​មិន​ដូច្នេះ​ទេ យើង​នៅ​ស្រ​ង៉ំ​ម្នាក់ឯង គឺថា​ល្អ​រហូត​»​។​

​ការបង្ហាញ​បំណង​របស់​រដ្ឋមន្ត្រី​កសិកម្ម ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​នៅពេលនេះ គឺធ្វើឡើង​បន្ទាប់ពី​ក្រសួងកសិកម្ម តែង​ទទួលរង​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា និង​កា​ត្អូញត្អែរ​របស់​កសិករ ជុំវិញ​វិស័យ​កសិកម្ម​នេះ​។​

​វិស័យ​កសិកម្ម ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​វិស័យ​អាទិភាព​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​យ៉ាងណាមិញ ភាព​រីកចម្រើន​នៃ​វិស័យនេះ បាន​ទាញ​ឲ្យ​ជាប់​ពាក់ព័ន្ធ​ដល់​ស្ថាប័នរដ្ឋ​ជាច្រើន​ទៀត មាន​ជាអាទិ៍ ក្រសួងពាណិជ្ជកម្ម ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្ថាប័ន​ផ្នែក​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ផ្នែក​ថាមពល​៕


Tag:
 កសិកម្ម​
  វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com