ជាតិ
អ្នកនេសាទ​ខ្មែរ​ថា​ទិន្នផល​ត្រី​ធ្លាក់ចុះ ស្របពេល​ដែល​ឡាវ​បន្ត​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​មួយទៀត
14, Dec 2016 , 8:39 am        
រូបភាព
ដោយ: VOA
​ច្រាំង​ចំរេះ​៖ នៅ​ផ្សា​រលក់​ត្រី​មួយកន្លែង​តាម​បណ្ដោយ​ច្រាំង​ទន្លេសាប ការប្រមូល​ផល​នៅពេល​ព្រលឹម​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ ។ ត្រី​អណ្ដែង​ត្រូវប៉ាន់​ជាងគេ ក្នុងចំណោម​ត្រី​ផ្សេងៗ​ទៀត ពីព្រោះ​អ្នកទិញ​ត្រី​សម្រាប់​ភោជនីយដ្ឋាន​កុម្ម៉ង់​ទិញ​ច្រើន​។​



​ការលក់ដូរ​នៅពេល​ព្រឹក​ព្រលឹម​គឺមាន​ភាព​មមាញឹក​សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​ដែល​បាន​បង្កាត់ និង​ឲ្យ​ចំណី​ត្រី​រួចរាល់​នៅក្នុង​ស្រះ​។ ប៉ុន្តែ​នៅពេល​រសៀល គឺ​ខុសគ្នា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ាន ម៉ាត់ ដែលជា​អ្នកលក់​ត្រី​អាយុ ២៩ ឆ្នាំ​។​

​ទិន្នផល​ត្រី​របស់​អ្នកនេសាទ​តាម​ទន្លេសាប និង​ទន្លេមេគង្គ សម្រាប់​លក់​មានការ​ធ្លាក់​ចុះ​។ លោក ម៉ាន ម៉ាត់ បាន​បន្ទោស​លើ​បញ្ហា​ជាច្រើន ដែល​បណ្ដាល​ឲ្យ​មានការ​ធ្លាក់ចុះ​នូវ​ទិន្នផល​ត្រី ដែល​ក្នុងនោះ​មានដូចជា​ការនេសាទ​ខុសច្បាប់​ដោយ​ប្រើ​សំណាញ់​ឆក់​ត្រី ការនេសាទ​ហួសកំណត់ ការប្រែប្រួល​អាកាសធាតុ និង​គ្រោះរាំងស្ងួត​ជាដើម​។​

​ប៉ុន្តែ លោក ម៉ាន ម៉ាត់ បាន​បន្ថែមទៀតថា បញ្ហា​ធំ​បំផុត​ដែល​ប៉ះពាល់​ដល់​របរ​នេសាទ​ត្រី​របស់លោក គឺ​ដោយសារ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ប្រទេស​ឡាវ​។​

​លោក ម៉ាន ម៉ាត់ ដែលជា​ជនជាតិខ្មែរ​ឥស្លាម និង​ជា​កូនប្រុស​របស់​អ្នកនេសាទ​ត្រី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ទិន្នផល​ត្រី​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ ឪពុក​របស់ខ្ញុំ ឥឡូវនេះ ចាប់​ត្រី​បានតែ​ពី ៥ ទៅ ១៥ គីឡូក្រាម​តែប៉ុណ្ណោះ ក្នុង​មួយថ្ងៃ​។ កាលពី​លើក​មុន គាត់​ចាប់បាន​ពី ១០០ ទៅ ២០០ គីឡូក្រាម ក្នុង​មួយថ្ងៃ​។ ក្នុង​រយៈពេល ១០ ឆ្នាំ ទៅមុខទៀត នឹង​គ្មាន​ត្រី​នៅ​សេសសល់​ឡើយ​»​។​

​ក្ដីបារម្ភ​កំពុង​កើតឡើង​នៅ​ទូទាំង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ជា​កន្លែង​ដែលមាន​ទំនប់​វា​រី​អគ្គិសនី និង​ការបំផ្លិចបំផ្លាញ​ជម្រក​ធម្មជាតិ ដែល​បណ្ដាល​ឲ្យ​ត្រី​មិនអាច​ហែល​បញ្ច្រាស​ទឹក​ទៅ​ពង និង​បង្ក​ការលំបាក​ដល់​ការរស់នៅ​របស់​ត្រី​ទាំងនោះ​។​

​ចំណុច​ចាប់ផ្ដើម​នៃ​បញ្ហា​
​បញ្ហា​នេះ កើតឡើង នៅពេលដែល​រដ្ឋាភិបាល​ឡាវ​សម្រេចចិត្ត​សាងសង់​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​ប៊ូ​រី (Xayaburi) ដែលមាន​ទឹកប្រាក់ ៣,៨ ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១២ ទោះបី​ជាមាន​ការតវ៉ា​ខ្លាំងក្លា​ជា​សាធារណៈ​ពី​អ្នកវិទ្យាសាស្ត្រ និង​អ្នក​បរិស្ថាន​ក៏ដោយ​។ អាជ្ញាធរ​ឡាវ​ក៏បាន​ប្រកាស​ផងដែរ​ថា ខ្លួន​នឹង​បន្ត​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដន សា​ហុង (Don Sahong) មួយទៀត ក្នុង​ទឹកប្រាក់ ៣០០ លាន​ដុល្លារ​អាមេរិក នៅ​តំបន់ ស៊ីផា​ន់​ដន (Siphandone) ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ឡាវ ដែល​នៅ​ទីនោះ​ជាទី​ជម្រក​របស់​ផ្សោត​ទន្លេ Irrawaddy ដែល​កំពុង​រង​ការគំរាមកំហែង និង​ជា​ប្រជុំ​កោះ​ទាំង ៤០០០ ដ៏​ល្បីឈ្មោះ​របស់​ឡាវ​។​

​ប៉ុន្តែ​បញ្ហា​ចុងក្រោយ​មួយទៀត​គឺ កាលពី​ខែវិច្ឆិកា​រដ្ឋាភិបាល​ឡាវ​ដឹកនាំ​ដោយ​លោក ប្រធានាធិបតី ប៊ុនហាង វូ​រ៉ា​ឈិ​ត (Bounnhang Vorachith) បានសម្រេច​បន្ត​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ទី ៣ របស់ខ្លួន​ទៅលើ​ទន្លេមេគង្គ​ត្រង់​ភូមិ ប៉ាក់ បេង (Pak Beng) ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ ក្នុង​ទឹកប្រាក់​ចំនួន ១,៨៨ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​លក់​អគ្គិសនី​ទៅ​ឲ្យ​ប្រទេសជិតខាង​ខ្លួន ជាពិសេស​ប្រទេស​ចិន ដែល​បាន​កសាង​ទំនប់​វា​រី​អគ្គិសនី កាត់​ទន្លេមេគង្គ​ក្នុង​ទឹកដី​របស់ខ្លួន​។​

​លោក ម៉ាន ម៉ាត់ បាន​និយាយថា​៖ «​ពួកគេ​ឃាំង​ត្រី​ទុក នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេ ហើយ​ពួកគេ​ប្រលែង​នៅពេល​ទឹក​មាន​កម្រិត​ខ្ពស់​ប៉ុណ្ណោះ​។ ឥឡូវនេះ​ចំនួន​ត្រី​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​»​។​

​យោងតាម​ព្រឹត្តិបត្រ​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ជលផល​ឈ្មោះ Catch and Culture ឬ វប្បធម៌ និង​ការចាប់​ត្រី បាន​ឲ្យ​ដឹងថា ទិន្នផល​ត្រី​សរុប​បាន​ពី​ការនេសាទ​ក្នុង​ទន្លេមេគង្គ និង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ បាន​ទឹកប្រាក់​សរុប ១១ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៥​។​

​ឧស្សាហកម្ម​ធំៗ​
​ប្រជាជន ៧០ លាន​នាក់​ពឹងផ្អែក​ទៅលើ​ត្រី​ទាំងនោះ ហើយ​សន្តិសុខ​ស្បៀង​របស់​ពួកគេ បាន​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​។​

​រយៈពេល​ជាង​ពីរ​ទសវត្ស​ចុងក្រោយ​នេះ ចំនួន​ប្រជាជន​ដែល​រស់នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម បាន​កើនឡើង​យ៉ាងហោចណាស់ ១០​លាន​នាក់ ធ្វើ​ឲ្យ​មានការ​កើនឡើង​តម្រូវការ​ត្រី និង​បណ្ដាល​ឲ្យ​មាន​បាតុភូត​មួយ​ដែល​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ឈ្មោះថា «​ការនេសាទ​ត្រី​ធ្លាក់ចុះ​» ដែលជា​លទ្ធផល​ចំនួន​ត្រី​ធំ​ថយចុះ និង​ជំនួស​មកវិញ​ដោយ​ត្រី​តូចៗ ដែល​មិនអាច​យកជាការបាន​។​

​លោក ធុ​យ រ៉ា អ្នកនេសាទ​អាយុ​៤១ ឆ្នាំ ដែល​ប្រើ​ទូក​តូច​ប្រកប​របរ​នេសាទ និង​បង់សំណាញ់ បាន​និយាយថា​៖ «​ប្រទេស​ឡាវ​គួរ តែ​បញ្ឈប់​គម្រោង​វា​រី​អគ្គិសនី ពីព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការនេសាទ​។ វា​រី​អគ្គិសនី​ទាំងនោះ កំពុង​រាំង​ត្រី​មិន​ឲ្យ​ទៅ​ពង​កូន នៅ​ខ្សែទឹក​ខាងលើ​ទន្លេ​បាន​»​។​

​លោក​បាន​និយាយថា​បច្ចុប្បន្ននេះ របរ​នេសាទ​មិន​កាក់កប​ឡើយ ដោយសារ​កម្ពស់​ទឹក​ទាប​ជាង​ធម្មតា​។ លោក រ៉ា បន្ថែមថា​៖ «​ឥឡូវនេះ​ខ្ញុំ​មិន​នេសាទ​ទេ គ្រាន់តែ​ជួសជុល​ទូក​ប៉ុណ្ណោះ​។​

​អ្នកនេសាទ​ដូច​លោក ធុ​យ រ៉ា និង ហ៊ាន អ៊ូ​ត អាយុ ៦៩ ឆ្នាំ ក៏មាន​ការបារម្ភ​ដូច​លោក ម៉ាន ម៉ាត់ ដែរ​។ អ្នក​ទាំងពីរ​និយាយថា​ពួកគេ​ធ្លាប់​ចាប់បាន​ត្រី ៣០០ គីឡូក្រាម​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ឥឡូវនេះ​បានត្រឹមតែ ២០ គីឡូក្រាម​ប៉ុណ្ណោះ សម្រាប់​ថ្ងៃ​ណា​ហេង​។​

«​ប្រាំ​ដង​ហើយ ដែល​ខ្ញុំ​បង់សំណាញ់​ព្រឹក​នេះ ហើយ​បាន​ត្រី​តែ​ប៉ុណ្ណឹង​»​។ លោក ហ៊ាន អ៊ូ​ត បាន​រៀបរាប់ ស្រប​ពេលដែល​ចង្អុល​ទៅកាន់​ចៅ​របស់គាត់ ដែល​កំពុង​យួរ​ត្រី​បន្តិចបន្តួច ល្មម​ទុក​គ្រាន់​ធ្វើ​នុយ​ប៉ុណ្ណោះ​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​ក៏បាន​ឮ​មក​ថា ឡាវ​កំពុងតែ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ទី ៣ កាត់​ទន្លេមេគង្គ​។ តែ​ប៉ុណ្ណឹង​ចប់​ហើយ គ្មាន​ត្រី​ទៀត​ទេ ហើយ​ចៅៗ​របស់ខ្ញុំ​នឹង​ទៅធ្វើ​អ្វី​ផ្សេង ស្រប​ពេលដែល​ពួកគេ​ទៅ​សាលារៀន​»​។​

​យុទ្ធសាស្ត្រ​របស់​ឡាវ​
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ទីក្រុង​វៀងចន្ទន៍​មិន​ខ្វល់​ឡើយ​។ ឡាវ​មាន​គម្រោង​លក់ វា​រី​អគ្គិសនី​ឲ្យ​ទៅ​ប្រទេសជិតខាង​តាមរយៈ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ជា​បន្តបន្ទាប់ សរុប​ចំនួន ១១ កាត់​ទន្លេមេគង្គ និង ១២៣ ទៀត​ទូទាំងប្រទេស ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ដាច់ស្រយាល​មួយ​នេះ ក្លាយជា «​អាគុយ​ប្រចាំ​តំបន់​អាស៊ី​»​។​

​ប្រទេស​ឡាវ​ក៏​ព្យាយាម​សម្រាល​ដល់​ការបារម្ភ​ពី​ការ​ញាស់​កូន​ត្រី ដោយ​កសាង​ផ្លូវ​ត្រី​ហែល ដើម្បី​ឲ្យ​ត្រី​អាច​ហែល​ទៅ​ពង​កូន​នៅ​ខ្សែទឹក​ខាងលើ​បាន​។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ មិន​ជឿថា​ការសាងសង់​ផ្លូវ​ត្រី​ហែល​នេះ​មាន​ប្រសិទ្ធភាព​នោះទេ ដោយ​លើកឡើងថា​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​។​

​ការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​ពឹងផ្អែក​យ៉ាង​ធំធេង​ទៅលើ​ការចិញ្ចឹម​ត្រី​។​

​យោងតាម​អត្រាកំណើន​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដីពី វប្បធម៌ និង​ការចាប់​ត្រី បាន​ឲ្យ​ដឹងថា កំណើន​វារីវប្បកម្ម​នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ មានការ​កើនឡើង​លឿន​ជាង​បី​ដង​នៃ​ល្បឿន​មធ្យម​ជាស​កល​។ ទិន្នផល​នៃ​កសិដ្ឋាន​ចិញ្ចឹម​ត្រី បានផ្ដល់​ផល​សរុប​ជា​ទឹកប្រាក់​ប្រមាណ ៥,៨ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៥ កើនឡើង​ពី ៤,៨ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១០​។ វា​មាន​ចំនួន​តិចជាង ១​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០០៣​។​

​ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​នៅ​ផ្សារ​ត្រី​ក្នុងស្រុក​មួយកន្លែង​នៅ​ច្រាំង​ចំរេះ កន្លែង​ដែល​វារីវប្បកម្ម​កំពុង​រីកចម្រើន​ខ្លាំង ខណៈពេលដែល​អ្នកនេសាទ​តាមបែប​ប្រពៃណី​កំពុង​ជួប​ការលំបាក​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com