ជាតិ
បុណ្យ​ស្រូវ និង​ចំបើង នៅ​សៀមរាប​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ​
14, Dec 2016 , 8:59 am        
រូបភាព
បុណ្យចំបើង​ ដែល​ត្រូវ​បាន​រៀបចំកន្លងមកនៅខេត្តបន្ទាយមានជ័យ។ រូបថត TVK
បុណ្យចំបើង​ ដែល​ត្រូវ​បាន​រៀបចំកន្លងមកនៅខេត្តបន្ទាយមានជ័យ។ រូបថត TVK
 
​សៀមរាប​៖ បុណ្យ​ស្រូវ និង​ចំបើង លើក​ទី​២ ដែលជា​កិច្ចសហប្រតិបត្តិការ​រៀប​ចំ​ដោយ​កម្ពុជា និង​កូរ៉េ គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​បញ្ជាក់ថា គណៈកម្មការ​រៀបចំ​កំពុង​ជ្រើសរើស​ទីតាំង​២​កន្លែង​នៅក្នុង​ខេត្តសៀមរាប​សម្រាប់​រៀប​ចំ​ពិធី​ថ្មី​មួយ​នេះ​។​


​បុណ្យ​ស្រូវ និង​ចំ​ប៉ើង ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន ចាត់ទុកថា​ជា​ផលិតផល​ថ្មី​មួយទៀត សម្រាប់​ខេត្តសៀមរាប​។ លោក​រដ្ឋមន្ត្រី​រំពឹងថា ពិធីបុណ្យ​នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​មក​ទស្សនា​ខេត្តសៀមរាប​។​
 
​តាម​គម្រោង បុណ្យ​ស្រូវ និង​ចំបើង គ្រោង​ធ្វើ​នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ​។ បុណ្យ​នេះ​នឹង​បង្ហាញ​ឲ្យ​ភ្ញៀវទេសចរ​ដឹងថា ក្រៅពី​ប្រាសាទ ខេត្តសៀមរាប​នៅមាន​វិស័យ​ជាច្រើន​ទៀត រួមមាន ក​សិ​-​ទេសចរណ៍ អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍​។​ល​។ ដែល​សុទ្ធសឹង​ជាទី​ពេញចិត្ត​សម្រាប់​ភ្ញៀវទេសចរ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី​ទេសចរណ៍​។​
 
​បុណ្យ​ស្រូវ និង​ចំ​ប៉ើង​លើក​ទី​១ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ កាលពីដើម​ខែមករា ឆ្នាំ​២០១៥​។ បុណ្យ​ស្រូវ​លើក​ទី​១ ក្រោម​ប្រធានបទ «​ស្រូវ ជីវិត វប្បធម៌ និង​ទេសចរណ៍​» បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន ជាពិសេស​ទេសចរ​ក្នុងស្រុក​។​
 
​គួរ​បញ្ជាក់ថា ក្នុង​បទ​សម្ភាស​ដល់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ប្រចាំត្រីមាស​រវាង​ក្រសួងទេសចរណ៍ និង​វិស័យ​ឯកជន​នៅ​ថ្ងៃទី​១២ ធ្នូ លោក ថោង ខុន បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​រយៈពេល​១០​ខែ​ចុងឆ្នាំ​២០១៦​នេះ ប្រទេស​កម្ពុជា​ទទួលបាន​តួលេខ​ភ្ញៀវទេសចរ​ជិត​៤​លាន​នាក់ ហើយ​រំពឹងថា នឹង​កើន​ដល់​ប្រមាណ​៥​លាន​នាក់​ក្នុង​រយៈពេល​២​ខែ​ទៀត​៕

Tag:
 ថោង ខុន​
  បុណ្យ​ស្រូវ​
  បុណ្យ​ចំ​ប៉ើង
© រក្សាសិទ្ធិដោយ thmeythmey.com