ជាតិ
កម្ពុជា​បាន​ពានរង្វាន់​អន្តរជាតិ​ពី​អង់គ្លេស​លើ​ការងារ​សុវត្ថិភាព​ចរាចរណ៍​
14, Dec 2016 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានទទួល​ពានរង្វាន់ Prince Michael International Road Safety Awards កាលពី​ថ្ងៃទី​១៣ ខែធ្នូ នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។​



​ពានរង្វាន់ Prince Michael International Road Safety Awards ត្រូវ​ផ្តួចផ្តើមឡើង​ដោយ​ព្រះអង្គម្ចាស់ Michael ដែលជា​ប្អូនជីដូនមួយ​របស់​ម្ចាស់​ក្សត្រិយ៍​អេ​លីហ្សា​បែ​តទី​២ នៃ​ចក្រភព​អង់គ្លេស​។ ការផ្តល់​ពានរង្វាន់​នេះ​ដល់​កម្ពុជា ដោយសារតែ​មានការ​វាយតម្លៃ​ខ្ពស់​លើ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក  (Cambodia National Road Safety Committee) ក្នុង​ការងារ​អប់រំ និង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​យោងតាម AKP សម្តេច ស ខេង បាន​មានប្រសាសន៍ថា ការទទួល​ពានរង្វាន់​នេះ​គឺ បានមកពី​ការខិតខំ ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុងនោះ មានការ​ប្តេជ្ញាចិត្ត​រប​ស់រាជ​រដ្ឋាភិបាល ការខិតខំ​របស់​មន្ត្រី អនុវត្តន៍​ច្បាប់ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ អង្គការ​ជាតិ អន្តរជាតិ ដែល​ទទួលបាន​ជោគជ័យ ក្នុងការ​ចូលរួម​កាត់​បន្ថយ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆ្នាំ​២០១៦​នេះ​។



​ការខិតខំ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក រយៈពេល​១១​ខែ ឆ្នាំ​២០១៦ បានធ្វើ​ឱ្យមាន​ការថយចុះ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤៥១​លើក ចំនួន​អ្នកស្លាប់​ថយចុះ ២៥៩​នាក់ របួស​ថយចុះ​ចំនួន​៥៩៦​នាក់ ប្រៀបធៀប​ឆ្នាំ​២០១៥​។​ក​តា្ដ​ទាំងអស់​នេះហើយ ដែលជា​លក្ខណៈវិនិច្ឆ័យ ក្នុងការ​ទទួលបាន​ពានរង្វាន់​នេះ​៕

​ប្រភព​រូបភាព Roadsafetyawards


Tag:
 ចរាចរណ៍​
  សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com