ជាតិ
ព្រឹត្តិការណ៍​កីឡា​កងទ័ព​នៅ​កោះ​ពេជ្រ គឺ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​…
05, Jan 2017 , 3:27 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ការរៀបចំ​កម្មវិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដែលមាន​ការ​ចល័ត​សម្ភារ​យោធា​ផង មិនមែន​ជាការ​កំញើញ​កម្លាំង​ទ័ព​បន្លាច​សាធារណជន​ឡើយ​។​



​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​និយាយថា ការប្រកួត​កីឡា​កងទ័ព ដែល​នឹង​ប្រព្រឹត្តឡើង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦ ដល់ទី​៨ នៅ​កោះ​ពេជ្រ ក្នុង​គោលបំណង​ចម្បង​ឲ្យ​សាធារណជន ពិសេស​គឺ យុវជន​យល់​ពី​តម្លៃ​កងកម្លាំង​ការពារជាតិ​។​

​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៥ ខែមករា​នេះ​ថា ការប្រកួត​កីឡា​កងទ័ព​បានធ្វើ​ឡើង ១០​ឆ្នាំ​មកហើយ នៅក្នុង​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ខេត្តកំពង់ស្ពឺ​។ លោក​ពន្យល់​ពី​មូល​ហេតុដែល​ទ័ព​រៀបចំ​នៅ​ទីសាធារណៈ ជា​លើកដំបូង ក្នុងឆ្នាំនេះ គឺ​ចង់​ឲ្យ​មហាជន ពិសេស​គឺ យុវជន​បាន​ចូលរួម​ផង ដើម្បី​បង្កើន​ទំនាក់ទំនង​សាមគ្គីភាព​រវាង​មហាជន និង​កងកម្លាំងប្រដាប់អាវុធ​ជាតិ​។​



​នៅពេល​អ្នកសារព័ត៌មាន​ចោទសួរ​ពាក់ព័ន្ធ​នឹង​មតិ​សាធារណជន​ដែល​លើកឡើងថា កងកម្លាំង​កំពុង​កំញើញ​កម្លាំង មុន​ការបោះឆ្នោត​ឬទេ​? លោក ហ៊ុន ម៉ា​ណែ​ត បាន​បដិសេធ ភ្លាមៗ​ទាំង​ញញឹម​ដូច្នេះ​ថា​៖«​គោលដៅ​ធំ គឺ​ដើម្បី​ឲ្យ​ប្រជាជន ជាពិសេស យុវជន​ជំនាន់​ក្រោយ មិន​ថា យុវជន​ដែលជា​កង កម្លាំងប្រដាប់អាវុធ ឬ​យុវជន​ស៊ីវិល​នៅក្នុង​ស្ថាប័ន​នានា ឲ្យ​ចាប់អារម្មណ៍ ទទួលស្គាល់ និង​ឲ្យ​តម្លៃ​លើ​អ្វីដែល​អតីតយុទ្ធជន​ដែល​គាត់​បាន​លះបង់ ដើម្បី​ជាតិ​មាតុភូមិ​របស់​យើង​ដែល​យើង បាន​សុខសន្តិភាព​សព្វថ្ងៃនេះ​»​។​

​ជាមួយគ្នា​ដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​សាធារណជន​ឲ្យ​ផ្តល់​ការគោរព​ដល់​អតីតយុទ្ធជន​កម្ពុជា នៅ​គ្រប់​ទីកន្លែង​ដែល​បានធ្វើការ​ដើម្បី​បុព្វហេតុ​ការពារ​ដែនដី និង​សណ្តាប់ធ្នាប់​ជាតិ​។​



​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត  កងទ័ព កងរាជអាវុធហត្ថ កង​នគរបាលជាតិ និង​មហាជន​សរុប​ជាង ៥០០​នាក់ ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ទ័ព នាពេលខាងមុខ​។ ក្រៅ ការប្រកួត​កីឡា ទ័ព​ក៏​នឹង​តាំងពិព័រណ៍​បង្ហាញ​អំពី​ការងារ​យោធា ការបណ្តុះបណ្តាល​យោធា និង​សម្ភារ​យោធា ដើម្បី​សាទរ​ខួប ៣៨​ឆ្នាំ ថ្ងៃទី​៧ មករា និង​ប្រមូល​វិភាគទាន​ជួយ​សមាគម​អតីតយុទ្ធជន​ផង​៕




Tag:
 ហ៊ុន ម៉ា​ណែ​ត​
  យោធា​
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com