ជាតិ
CDC ក្រើនរំលឹក​ដល់​ពលរ​ដ្ឋ​ប្រុងប្រយ័ត្ន​ជំងឺផ្ដាសាយបក្សី​ប្រភេទ​ថ្មី ដែល​កើត​លើ​មនុស្ស
05, Jan 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៃ​ក្រសួងសុខាភិបាល បានចេញ​សេចក្ដីណែនាំ​ក្រើនរំលឹក ស្ដីពី​ការបង្ការ ការពារ​ជំងឺផ្ដាសាយបក្សី​លើ​មនុស្ស​។ ជំងឺផ្ដាសាយបក្សី​ប្រភេទ​ថ្មី បានសម្លាប់​មនុស្ស​ជាច្រើន​នាក់ នៅក្នុង​ប្រទេស​ចិន តែ​សម្រាប់​កម្ពុជា មិនទាន់មាន​ករណី​ជំងឺផ្ដាសាយបក្សី​ប្រភេទ​ថ្មី​នោះទេ​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់ CDC​។​



​បច្ចុប្បន្ននេះ នៅក្នុង​ប្រទេស​កម្ពុជា មិនទាន់មាន​ករណី​ជំងឺផ្ដាសាយបក្សី​ប្រភេទ H7N9 និង H5N6 នៅឡើយ​ទេ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៥ រហូតដល់​ឆ្នាំ​២០១៤ កម្ពុជា ធ្លាប់មាន​ករណី​ជំងឺផ្ដាសាយបក្សី​ប្រភេទ H5N1 ចំនួន ៥៦ ករណី ក្នុងនោះ  ៣៧ ករណី​បាន​ស្លាប់​។ ដោយឡែក នាពេល​បច្ចុប្បន្ន កម្ពុជា មិនទាន់មាន​ករណី​ជំងឺផ្ដាសាយបក្សី​ប្រភេទ H7N9 និង H5N6​ក៏ដោយ តែ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ថែរក្សា ការពារ​សុខភាព​ពី​ការចម្លង​រោគ  ជាពិសេស​ពលរដ្ឋ​ដែលមាន​បំណង​ទៅ​ក្រៅប្រទេស នា​រដូវ​បុណ្យចូលឆ្នាំ​ចិន និង​ឆ្នាំ​ខ្មែរ ខាងមុខនេះ​។​

​បើ​ផ្អែក​តាម CDC បាន​បញ្ជាក់ថា ការ​រាលដាល​នៃ​ជំងឺផ្ដាសាយបក្សី​ថ្មី​ប្រភេទ H5N6 លើ​សត្វ​បក្សី ដែល​បាន​បណ្ដាល​ឲ្យ​មានការ​សំលាប់សត្វ​បក្សី​ប្រមាណ​ជិត ២០ លាន​ក្បាល​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​។ ជាមួយគ្នានេះ នៅ​ប្រទេស​ចិន មាន​របាយការណ៍​ពី​ករណី​ជំងឺផ្ដាសាយបក្សី​លើ​មនុស្ស​ដែល​បង្កដោយ​វីរុស​ផ្ដាសាយ​បក្សី​ប្រភេទ H7N9 ចំនួន ៨០៧ នាក់ គិត​ក្នុង​រយៈពេល​ពី​ឆ្នាំ​២០១៣ ដល់ ២០១៦​។​

​ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី ប្រជាពលរដ្ឋ​គួរ​មានការ​ប្រុងប្រយ័ត្ន ដោយ​ចៀសវាង​ការធ្វើដំណើរ ទៅកាន់​ប្រទេស ឬ​ទីកន្លែង ដែល​ស្គាល់ ឬ​ដឹងថា​មាន​ករណី​ផ្ដាសាយ​បក្សី​។ ជាពិសេស ការចូលទៅ​កន្លែង​ចិញ្ចឹមសត្វ ឬ​ប៉ះពាល់ និង​ប្រលាក់​ដោយ​លាមក​សត្វ​។ បន្ថែម​លើ​នេះ ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ដោយ​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ និង​ចំណីអាហារ​ដែលមាន​សុវត្ថិភាព​។

​គួរ​បញ្ជាក់ថា វីរុស​ជំងឺផ្ដាសាយបក្សី ជាធម្មតា​ចរាចរ​ក្នុងចំណោម​ប​សុ​បក្សី ដែលមាន​វីរុស​នេះ​រួមមាន H5N1, H5N6, H7N3, H7N7,H7N9 និង​H9N2 ដែល​អាច​ឆ្លងទៅ​មនុស្ស និង​នាំ​ឲ្យ​មាន​ជំងឺផ្ដាសាយបក្សី​។ សព្វថ្ងៃនេះ ដោយសារតែ​វីរុស​នៅតែ​បន្ត​ចរាចរ​គ្មាន​ដែន​កំណត់ វា​ជា​ក្ដីកង្វល់​ចំពោះ​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស តំបន់ និង​ក្នុង​សកលលោក​។

​ជាមួយគ្នានេះ រោគសញ្ញា​ជំងឺផ្ដាសាយបក្សី មាន​ចាប់ពី​គ្រុនផ្ដាសាយ​ធម្មតា​ទៅជា​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ហើយ​អ្នកជំងឺ​ភាគច្រើន​ដែលមាន​ការឆ្លង​វីរុស​នេះ មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។ រោគសញ្ញា​ទូទៅ​រួមមាន គ្រុនក្ដៅ​លើសពី ៣៨,៥ អង្សា ក្អក និង​ពិបាក​ដកដង្ហើម ដែល​អាច​ស្លាប់​បាន​។ ជំងឺផ្ដាសាយបក្សី​ប្រភេទ H5N1 H7N9  និង​H5N6 គ្មាន​វ៉ាក់សាំង​សម្រាប់​ការពារ​ទេ ចំណែក​ការព្យាបាល​ជំងឺ គឺមាន​ការប្រើ​ថ្នាំ​ប្រឆាំង​វីរុស​គ្រុនផ្ដាសាយ ដែល​អាចមាន​ប្រសិទ្ធភាព ជាមួយ​ការព្យាបាល​រោគសញ្ញា​ផងដែរ​៕


Tag:
 សុខភាព​
  ផ្ដាសាយ​បក្សី​
© រក្សាសិទ្ធិដោយ thmeythmey.com