ជាតិ
តូប​អាជីវករ​ខ្មែរ​មួយ​នៅ​ផ្សារ​រុង​ក្លឿ​ឆេះ ដោយសារ​អ៊ុតខោអាវ​ប្រហែស​
05, Jan 2017 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គិភ័យ​បាន​លេប​ត្របាក់​តូប​លក់​កាបូប​របស់​អាជីវករ​ខ្មែរ​ក្នុង​ផ្សារ​រុង​ក្លឿ​ចំនួន​១​តូប ទាំងស្រុង និង​តូប​លក់​អីវ៉ាន់​១​តូប​ទៀត រង​ការឆាបឆេះ​តិចតួច នៅ​ថ្ងៃទី​៥ មករា​។ នេះ​បើតាម ការផ្សាយ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​។​



​អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្សាយ​ឲ្យ​ដឹងថា អាជ្ញាធរខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ប្រើពេល​ប្រមាណ ១​ម៉ោង​កន្លះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ ១០​គ្រឿង ទើប​អាច​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ទាំងស្រុង​។​

​នគរបាលជាតិ​ស្រង់​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ផ្អែក​តាម​ការស្រាវជ្រាវ​របស់​អាជ្ញាធរ​ថៃ ឱ្យដឹង​នៅថ្ងៃនេះ​ថា មូលហេតុ​នាំ​ឲ្យ​មាន​អគ្គិភ័យ ព្រោះ​អា​ជីករ​ខ្មែរ​ម្ចាស់​តូប​ជួរ​អក្សរ C បាន​អ៊ុតខោអាវ ហើយ​គេ​មិនបាន​ដក​ឆ្នាំងអ៊ុត​ចេញពី​លើ​ខោអាវ ទើប​ឆាបឆេះ នៅ​ព្រឹក​ថ្ងៃទី ៥ មករា តែម្តង​។ តាម​នគរបាលជាតិ អគ្គិភ័យ​ខាងលើ បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អា​ជីករ​ខ្មែរ​រងគ្រោះ ឈ្មោះ ស្រី អូន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អស់​រាប់ម៉ឺន​ដុល្លារ​។ ប៉ុន្តែ វា​ពុំ​បង្កឱ្យមាន​អ្នករងរបួស ឬ​បាត់បង់​អាយុជីវិត​ឡើយ​។​

​តាម​ប្រភព​ដដែល រយៈពេល​ជាង​១​ឆ្នាំ​កន្លងទៅ អគ្គិភ័យ​បាន​ឆេះ​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ​ចំនួន​៣​លើក​មកហើយ​នាំ​ខួច​ខាត​ទ្រព្យសម្បត្តិ​រាប់សែន​ដុល្លារ​។ ប៉ុន្តែ​ម្ចាស់​ផ្សារ ឬ​រដ្ឋាភិបាល​ថៃ​ពុំដែល​ជួយ​ដោះស្រាយ​សំណង​ខូចខាត​នោះទេ ស្របពេល​អាជីវករ​ខ្មែរ​បាន​បង់ពន្ធ​ឲ្យ​ម្ចាស់​ផ្សារ និង​រដ្ឋ​ថៃ​បាន​ត្រឹមត្រូវ​៕

​ផ្សារ​រុង​ក្លឿ​ស្ថិត​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ជាប់​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕


Tag:
 ​អាជីវករ​
  ផ្សារ​រុង​ក្លឿ​
  បន្ទាយមានជ័យ​
  ស្រះកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com