ជាតិ
សាកល្បង​ស្ដង់ដារ​រៀន​ពេញ​មួយថ្ងៃ​សម្រាប់​សិស្ស​បឋមសិក្សា នៅ​ស្រុក​អង្គរធំ ខេត្តសៀមរាប​
06, Jan 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​ឲ្យ​អនុវត្ត​សាកល្បង​ការបង្រៀន និង​ការរៀន​ពេញ​មួយថ្ងៃ​នៅ​បឋមសិក្សា ចាប់ពី​ខែមករា ឆ្នាំ​២០១៧ សម្រាប់​សាលាបឋមសិក្សា​ដូន​ឪ និង​គោក​គ្រើល ដែល​ស្ថិត​ក្នុងស្រុក​អង្គរធំ ខេត្តសៀមរាប​។ សម្រាប់​កុមារ​ទាំងនោះ នឹង​ទទួលបាន​ការផ្ដល់​អាហារ​ថ្ងៃត្រង់​នៅ​សាលា ជាពិសេស​ការសិក្សា​ប្រកបដោយ​ជោគជ័យ និង​មាន​គុណភាព​ជាដើម​។

 
​យោងតាម​លិខិត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញផ្សាយ​នៅ​ថ្ងៃទី​០២ មករា ក្រសួង​នឹង​ចាប់ផ្ដើម​ដាក់​អនុវត្ត​សាកល្បង​ការបង្រៀន ដើម្បី​ឲ្យ​ការសិក្សា​របស់​សិស្ស​ទទួល​បាន​លទ្ធផល​ល្អ តាមរយៈ​ការបង្រៀន និង​ការរៀន​ពេញ​មួយថ្ងៃ ដោយ​បង្កើន​ម៉ោង​សិក្សា និង​ផ្ដល់​អាហារ​ថ្ងៃត្រង់​សម្រាប់​សិស្ស​បឋម ឲ្យ​ដល់​កម្រិតស្ដង់ដារ ជាមួយ​ប្រទេស​ក្នុង​តំបន់​។ 
 
​នៅក្នុង​លិខិត​របស់​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ការអនុវត្ត​សាកល្បង​ការបង្រៀន និង​ការរៀន​ពេញ​មួយថ្ងៃ​នៅ​បឋមសិក្សា គឺជា​ផ្នែក​មួយ​សម្រាប់​បង្កើន​គុណភាព​លទ្ធផល​សិក្សា​របស់​សិស្ស​នៅ​បឋមសិក្សា​។

ជាពិសេស តាមរយៈ​ការបង្កើន​ការចូលរួម​ពី​សំណាក់​មាតា បិតា​អាណាព្យាបាល សហគមន៍ អាជ្ញាធរ​ដែនដី និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ដើម្បី​ផ្ដោតលើ​ការសិក្សា​រៀនសូត្រ​របស់​សិស្ស​ឲ្យ​ទទួលបាន​ជោគជ័យ និង​មាន​គុណភាព​៕ 

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com