ជាតិ
ការ​លុកលុយ​ចូល (hack) វ៉ិ​ប​សាយ គ​.​ជ​.​ប បណ្តាល​ឲ្យ​មាន​ក្តីបារម្ភ​អំពី​ការបោះឆ្នោត
05, Jan 2017 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកនាំពាក្យ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) និយាយថា ការ​លុកលុយ ចូលទៅក្នុង​វ៉ិ​ប​សាយ ដែល​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត ពី​សំណាក់​ក្រុម​ហែក​ឃើ (Hacker)​មិន​ប៉ះពាល់​ដល់​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ទិន្នន័យ​ផ្សេងៗ​នោះទេ​។ ប៉ុន្តែ អ្នកឃ្លាំមើល​ការរៀបចំ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា បានចាត់ទុក​ការ​លួច​ចូលទៅ​កាន់​គេហទំព័រ​បែបនេះ គឺជា​បញ្ហា​ដ៏​ធំ ដែល​អាច​ប៉ះពាល់​ដល់​ការបោះឆ្នោត​នាពេលខាងមុខ​។​



​ក្រោយ​វ៉ិ​ប​សាយ www.voterlist.org.kh ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ សាធារណជន​បាន​រអ៊ូរទាំ ហើយ​សារព័ត៌មាន​មួយចំនួន ក៏បាន​ចុះផ្សាយ​ពី​ការលំបាក​ក្នុងការ​ចូលទៅ​ស្វែ​ករក​ឈ្មោះ​។ គ​.​ជ​.​ប ក៏បាន ប្រកាសថា មូលហេតុ​ដែល​គេហទំព័រ​នេះ ដំណើរ​ទៅដោយ​រអាក់រអួល គឺ​ដោយសារតែ ក្រុម Hacker លួច​ចូលទៅ​កាន់ ដើម្បី​បង្ក​ការរំខាន​ណាមួយ​។

​លោក សម គ​ន្ធា​មី នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) និយាយថា​លោក​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​នៃ​ការរក្សា​បញ្ជី​ឈ្មោះ​បោះឆ្នោត បន្ទាប់ពី​ឮថា មានការ​លុកលុយ​ចូល (Hacking) វ៉ិ​ប​សាយ www.voterlist.org.kh ដែល​គ​.​ជ​.​ប ទើបនឹង​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​។ លោក សម គ​ន្ធា​មី និយាយថា  ការ​ហែក​ចូល​នេះ អាច​នឹង​ប៉ះពាល់​ដល់​បញ្ជី​ឈ្មោះ​បោះឆ្នោត ហើយ​ធ្វើ​ឲ្យ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក៏ដូចជា​ការបោះឆ្នោត​ថ្នាក់ជាតិ នាពេលខាងមុខ ដំណើរ​ទៅដោយ​ខុស​ប្រក្រតី​។

​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ព្រួយបារម្ភ​មែនទែន​។ វាអាច មាន​បញ្ហា​ឈ្មោះ​របស់​ប្រជាពលរដ្ឋ ដូចជា​ការបាត់​ឈ្មោះ ឬក៏​ខុស​ឈ្មោះ ជាដើម​។ បើ​បញ្ជី​ឈ្មោះ​មាន​បញ្ហា ការបោះឆ្នោត ក៏​អាចមាន​បញ្ហា​ដែរ​»​។​

​គ​.​ជ​.​ប បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង នៅតាម​សាលាឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស ដែល​ដំណើរ​ទៅ​ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​។ បញ្ជី​ឈ្មោះ​បោះឆ្នោត ក៏ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ www.voterlist.org.kh ផងដែរ​។

​ទាក់ទង​នឹង​បញ្ហា​នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​បញ្ហា​ក់ថា ការ​លួច​ចូលទៅ​កាន់​គេហទំព័រ ពី​សំណាក់​ក្រុម Hacker មិនបាន​បង្ក​ផលប៉ះពាល់​ដល់​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះទេ​។ អ្នកនាំពាក្យ​ដដែល បាន​អះអាងថា ក្រោយ​បញ្ហា​នេះ​កើតឡើង​ភ្លាម ក្រុម​បច្ចេក​របស់​គ​.​ជ​.​ប ក៏​ខ្នះខ្នែង​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស ដើម្បី​ឲ្យ​គេហទំព័រ ដំណើរ​ទៅជា​ធម្មតា​វិញ​។

​លោក បន្តទៀតថា គ​.​ជ​.​ប ថែមទាំង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គេហទំព័រ​ខាងលើ ដើរ​លឿន​ជាង​មុន នៅពេលដែល​ប្រជាពលរដ្ឋ​ចូល​ទៅរក​ឈ្មោះ​របស់​ពួកគាត់​។ លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា​៖«​ឥ​ឡូង​ហ្នឹង លែង​អី​ហើយ ។ គេហទំព័រ ដើរ​វិញ​ហើយ​»​។

​លោក ហង្ស ពុទ្ធា មិនបាន​បញ្ជាក់ថា ពួក Hacker នោះ នៅ​ប្រទេស​ណា​ឡើយ ហើយ​លោក ក៏​មិនទាន់​ដឹង​ច្បាស់​ថា ពួកគេ លួច​ចូលទៅ​កាន់​គេហទំព័រ​នេះ ក្នុង​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ ដែរ​។ បើតាម​លោក ហង្ស ពុទ្ធា គ​.​ជ​.​ប នឹង​សហការ​ជាមួយនឹង​សមត្ថកិច្ច ដើម្បី​ស្វែង​ជនល្មើស យកមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

​បញ្ហា​ខាងលើនេះ ក៏ត្រូវ​បាន​លោក ហង្ស ពុទ្ធា លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ផងដែរ នៅ​ថ្ងៃទី​៥ មករា​នេះ​។ គ​.​ជ​.​ប បាន​បើក​កិច្ចប្រជុំ​មួយ ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ពិគ្រោះ​យល់​ប​ល់ លើ​សេចក្តីព្រាង​ស្តីពី បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​។ កិច្ចប្រជុំ​នេះ មាន​រយៈពេល​ដល់​ទៅ​២​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ ទី​៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ នៅ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា​៣០០​នាក់​៕


Tag:
 គជប​
  សម គ​ន្ធា​មី​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com