ជាតិ
លោក ឱម យ៉ិនទៀង នឹងដាក់​ការិយាល័យ ACU នៅ​ថ្នាក់ក្រោម​ជាតិ ជា​លើកដំបូង​
08, Jan 2017 , 8:31 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នឹង​បង្កើត​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​ក្នុង​រាជធានី​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​ចំនួន ៣ ជា​លើកដំបូង ក្នុង​ឆ្នាំ ២០១៧​នេះ ដើម្បី​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្នាក់ក្រោម​ជាតិ​។​


​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន ACU បាន​បង្ហើប​ឲ្យ​ដឹងថា រាជធានី​ខេត្ត​ចំនួន ៣ ដែល​នឹងមាន​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ និង​មន្ត្រី​ប្រចាំការ​ផ្ទាល់ ក្នុង​ឆ្នាំ​ថ្មី ជា​លើកដំបូង រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​។​
 
​មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​រូបនេះ បន្ត​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មន្ត្រី ACU តាម​ការិយាល័យ​រាជធានី​ខេត្ត​មាន​តួនាទី​ដូច​អង្គភាព ACU ទីស្នាក់ការ​កណ្តាល គឺ​ពួកគេ​មាន​តួនាទី​អប់រំ បង្ការ​ទប់ស្កាត់ ទទួល​ពាក្យបណ្តឹង និង​អធិការកិច្ច​រួច ធ្វើ​សំណុំរឿង​បញ្ជូនទៅ​តុលាការ តែ​លើកលែង​ករណី​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​។​
 
​លោក​ទេសរដ្ឋមន្ត្រី​ដែល​ចង់​ឲ្យ​រូបវន្តបុគ្គល និង​និ​តី​បុគ្គល​ទុកចិត្ត​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ​រូបនេះ បាន​ប្រាប់​ពី​មូល​ហេតុដែល ACU ជ្រើសរើស​រាជធានី​ខេត្ត​ទាំង ៣ ចំណោម ២៥​មុនគេ ពីព្រោះ​វា​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ដែលមាន​អ្នកវិនិយោគ​ចាយវាយ​ថវិកា​ច្រើន​។​
 
​ក្រោយ​បញ្ចប់​ពិធី​សាទរ​ទិវា​បុណ្យជាតិ ៧​មករា និង​ទិវា​ជាតិ​-​អន្តរជាតិ​ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ នៅ​ថ្ងៃទី​៦ ខែមករា ក្នុង​សាលា​តិច​ណូ លោក​និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​សិក្សា​ពិសោធន៍​ការងារ​រយៈពេល ៣​ឆ្នាំ​កន្លងមកនេះ តើ​បទល្មើស​ណាខ្លះ បាន​កើតឡើង​ដូចម្តេច​? ស្ថាប័ន​ណាខ្លះ​កើត​ច្រើន ឬ​ណាខ្លះ​កើត​តិច​? ហើយ យើង​ត្រូវ​សិក្សា​វិធានការ​ថ្មី​ទៀត ឧទាហរណ៍ ការប្រឆាំង​នឹង​ការលាង​សម្អាត​ប្រាក់​ដែលជា​កិច្ចការ​មួយ​ថ្មី សំខាន់​ដែល​ទាមទារ​ធ្វើ​ក្នុង​ឆ្នាំ​២០១៧​ឲ្យ​បានល្អ​»​។​
 
​លោក ឱម យ៉ិនទៀង បាន​លើក​ករណី​ប្រឆាំង​អំពើពុករលួយ​តូច​មួយ​ដែល​ក្រុមហ៊ុន​ក្នុង​តំបន់​សេដ្ឋកិច្ច ប្តឹង​ឲ្យ​អង្គភាព ACU ស៊ើបអង្កេត​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ខ្លះ គេ​យឺត​ឯកសារ​តែ ៦​ម៉ោង​ទេ​ណា គឺ​គាត់​ប្តឹង​មក​យើង (ACU) ថា​គាត់​យឺត​ឯកសារ ៦​ម៉ោង ឲ្យ​ខ្ញុំ​ដោះស្រាយ ហើយ​ការដោះស្រាយ​មិនត្រូវ​ឲ្យ​មាន​ផល​ទំនាស់​ដល់​គាត់​វិញទៀត​។ តើ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​? ខ្ញុំ​បាន​បើក​អធិការកិច្ច ហើយ​យើង​សុំ​ពិនិត្យមើល​បញ្ជី​កត់ត្រា​ការងារ​ចេញចូល​ចំនួន​ប្រាំ​ថ្ងៃមុន ទើប​យើង​ដឹង​រឿង ដូច្នេះ​យើង​អាច​ដោះស្រាយ​ជូន​គាត់​ដោយ​មិន​ប៉ះពាល់​គាត់ (​អ្នកប្តឹង​)»​។​
 
​ក្រៅពី​ការដាក់​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​តាម​រាជធានី​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ជាតិ បាន​បង្ហើប​ទៀតថា ACU នឹងដាក់​ការិយាល័យ​តាម​ខេត្ត​ដែលមាន​ច្រកទ្វារព្រំដែន​អន្តរជាតិ ដូចជា ស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម និង​ព្រៃវែង​ទៀត ដើម្បី​ប្រឆាំង​អំពើពុករលួយ​តាម​ច្រកព្រំដែន​ជា​បន្តបន្ទាប់​។​
 
​ទន្ទឹមគ្នា​នឹង​បង្កើត​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្នាក់ក្រោម​ជាតិ លោក​ថា ACU នឹង​រើស​មន្ត្រី​ជំនាញ​នគរបាល​យុត្តិធម៌​ជាង ២០០​នាក់​ទៀត បន្ថែម​លើ​មន្ត្រី​ដែលមាន​ជាង ៥០០​នាក់​ស្រាប់ ដើម្បី​ឆ្លើយតប​តម្រូវការ​ការងា​រ​ប្រឆាំង​អំពើពុករលួយ​ថ្មី​ខាងលើ ក្នុង​ឆ្នាំ​២០១៧ ។​
 
​លោក​ទេសរដ្ឋមន្ត្រី ជឿជាក់ថា ការ​បង្ខិត​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​ទៅ​ថ្នាក់ក្រោម​ជាតិ នឹង​ជំរុញ​ការបោះ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស នៅ​កម្ពុជា​ថែមទៀត​។ ជាក់ស្តែង លោក ឱម យ៉ិនទៀង បង្ហើប​ឲ្យ​ដឹងថា នា​ខែម​ករានេះ លោក​នឹង​ចុះ​កិច្ចព្រមព្រៀង​ប្រឆាំង​អំពើពុករលួយ​រវាង ACU ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ចិន​ជាង ២០០ ក្រុមហ៊ុន ជា​លើកដំបូង បន្ទាប់ពី​ក្រុមហ៊ុន​អាមេរិក និង​អឺរ៉ុប​ជាង ១០ បាន​ចុះ​កិច្ចព្រមព្រៀង​រួចរាល់ ក្នុង​ឆ្នាំ​កន្លងទៅ​។​
 
​ប៉ុន្តែ លោក​ទេសរដ្ឋមន្ត្រី ពុំទាន់​អាច​បញ្ជាក់​កាល​បរិ​ច្ឆ​ទ​ចាប់ផ្តើម​អនុវត្ត​វិធានការ​ថ្មី​ឲ្យ​ប្រាកដ​នោះទេ លោក​គ្រាន់តែ​បញ្ជាក់ថា ACU កំពុង​ធ្វើ​ផែនការ​ចំណាយ​ថវិកា​សម្រាប់​ឆ្នាំ​ថ្មី​៕
 
 

Tag:
 ​ឱម យ៉ិនទៀង​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com