ជាតិ
​ប្រធានាធិបតី​សិង្ហ​បុរី ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​
08, Jan 2017 , 1:54 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
 
​លោក តូ​នី តាន់ កេង​យាំ (Tony Tan Keng Yam) ប្រធានាធិបតី​ទី​៧ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី  បាន​មកដល់​កម្ពុជា​ហើយ នៅ​ម៉ោង​ប្រមាណ ១ រសៀល ថ្ងៃទី ៨ ខែមករា​នេះ​។ 
​លោក​ប្រធានាធិបតី​រូបនេះ បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ៨ ដល់ ១១ ខែមករា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​

 
​នៅ​ថ្ងៃទី ៨ ខែមករា​នេះ លោក តូ​នី តាន់ កេង​យាំ បាន​មកដល់​កម្ពុជា​ហើយ​។  បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស កម្ពុជា អំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​របស់ លោក Tony Tan Keng Yam ដែល​តប​នឹង​ការអញ្ជើញ​របស់​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នេះ លោក នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ  និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅ​ព្រះបរមរាជវាំង​។

បន្ទាប់មក​លោក​ប្រធានាធិបតី​នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ​។ ​ឯកសារ​ទាំងពីរ​នោះ ទី ១  អនុស្សារណៈ ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​អប់រំ​បច្ចេក ទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​ទី​២ អនុស្សារណៈ​រវាង​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​នៃ​កម្ពុជា និង​មន្ទីរពេទ្យ Tan Tock Seng នៃ​សិង្ហ​បុរី​។​ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកាលពី​ថ្ងៃទី ៤ ខែមករា​។ 
 
 
​ជាមួយគ្នានេះ សេចក្តីជូនដំណឹង​ក្រសួងការបរទេស​កម្ពុ​ជា​ដដែល បញ្ជាក់ថា លោក​ប្រធានាធិបតី​សិង្ហ​បុរី នឹង​ទៅ​ទស្សនា​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង​ប្រាសាទអង្គរវត្ត នៅ​ខេត្តសៀមរាប​ផងដែរ​។​
 
 

Tag:
 តូ​នី តាន់ កេង​យាំ​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com