ជាតិ
គ​.​ជ​.​ប ទទួល​បណ្តឹង​ឲ្យ​លុប​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ជាង ១​ពាន់​នាក់ រយៈពេល​តែ ៣​ថ្ងៃ​
17, Jan 2017 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ពាក្យបណ្តឹង​ឲ្យ​លុបឈ្មោះ​អ្នក​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​យ៉ាងហោច​ចំនួន ១១៨៩ នាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ពីថ្ងៃ​ទី ១៤ ដល់ ១៦ ខែមករា​។ នេះ​បើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​។



​បណ្តឹង​ទាំងនេះ ធ្វើឡើង​ក្រោយពេល គ​.​ជ​.​ប បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​បណ្តោះអាសន្ន កាលពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី​១៤ ខែមករា ដែល​ផ្តល់ឱកាស ដល់​ប្រជាពលរដ្ឋ សម្រាប់​ការប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រាប់ ក្រុម​អ្នកសារព័ត៌មាន​ថា ក្រុមប្រឹក្សាឃុំ​សង្កាត់​ទូទាំងប្រទេស បានទទួល​ពាក្យបណ្តឹង​ចំនួន ១៤១២​បណ្តឹង ក្នុងនោះ មាន​បណ្តឹងតវ៉ា​ឲ្យ​កែ​ទិន្នន័យ ចំនួន ៦៥១​បណ្តឹង និង​បណ្តឹង​ជំទាស់​ស្នើ​ឲ្យ​មានការ​លុបឈ្មោះ​ចំនួន ៧៦១​បណ្តឹង​ដែល​ស្នើ​ឲ្យ​លុបឈ្មោះ​អ្នកបោះឆ្នោត​ចំនួន ១១៨៩​នាក់ ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមករា​នេះ​។​

​រីឯ គ​.​ជ​.​ប បានទទួល​តែ​ចំនួន ៦៤ បណ្តឹង​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​រូបនេះ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ប្រកាស​រក្សា​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ប្រជុំ​សម្រេច​ឃុំ​សង្កាត់​លើ​សំណុំ​ចំនួន ៧ នៅ​ដដែល ជា​លើកដំបូង នៅ​ថ្ងៃទី​១៦ មករា​នេះ​។​

​ដើម្បី​ឲ្យ​ទាន់​នីតិវិធី​បោះឆ្នោត​ដែល គ​.​ជ​.​ប បានកំណត់​រួច លោក ហង្ស ពុទ្ធា បន្ត​បញ្ជាក់ថា គ​.​ជ​.​ប នឹង​ពិនិត្យ​បណ្តឹង​ជំទាស់​ពី​ព្រឹក រហូតដល់​ម៉ោង ១២ យប់ ពីនេះ​តទៅ ។ តាម​អ្នកនាំពាក្យ នៅ​ថ្ងៃទី​១៧ មករា​នេះ គ​.​ជ​.​ប នឹង​បើកសវនាការ​លើ​សំណុំរឿង​ចំនួន ១៦ ហើយ សំណុំរឿង ១៦​ទៀត គេ​នឹង​សវនាការ​នៅ​ថ្ងៃទី​១៨ និង​នៅ​ថ្ងៃទី​១៩ មាន​សំណុំរឿង​ចំនួន ២៣ ជា​បន្តបន្ទាប់​ទៀត​។​

​សវនាការ​លើ​បណ្តឹង​ជំទាស់​ទាំងនេះ នឹង​ធ្វើឡើង​រហូតដល់​ពេល គជប ផ្តល់​សុពលភាព និង​ប្រកាស​ផ្សា​បញ្ជី​បោះឆ្នោត​ផ្លូវការ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ លោក ហង្ស ពុទ្ធា បញ្ជាក់​ពី​ប្រតិទិន​ដែល គ​.​ជ​.​ប បានកំណត់​។​

«​គជប ធ្វើការ​ប្រយ័ត្នប្រយែង​បំផុត​ជាមួយ​ស្ថាប័ន​សញ្ជាតិ​ពាក់ព័ន្ធ ព្រោះ​អ្នកប្តឹង​ខ្លះ កត់​ទិន្នន័យ​ខុស ខ្លះ​ឈ្មោះ​ខុស ខ្លះ​ខុស​លេខ​អត្តសញ្ញាណ​បណ្ណ ជាដើម​»​។ អ្នកនាំពាក្យ និយាយ​បន្ថែមថា អ្នកប្តឹង​ជំទាស់​ដែល​មិន​សុខចិត្ត​នឹង​ការសម្រេច​របស់​ក្រុមប្រឹក្សា គ​.​ជ​.​ប អាច​បន្ត​ប្តឹងតវ៉ា​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ រយៈពេល ៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​គេ​សម្រេច ហើយ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ពេល ១០​ថ្ងៃ ដើម្បី​ដោះស្រាយ​សំណុំរឿង​បន្តទៀត​។​

«​យើង​នឹង​បាយទឹក​នៅទីនេះ (​ទីស្នាក់ការ​គ​.​ជ​.​ប​) ទាំងអស់​។ យើង​ធ្វើការ​រហូតទល់​ចប់​ករណី​បណ្តឹង​ទាំងអស់ ក្នុង​មួយថ្ងៃៗ​»​។ លោក ហង្ស ពុទ្ធា បញ្ជាក់​ពី​ការងារ​ដោះស្រាយ​បណ្តឹង​ជំទាស់​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​

​កន្លងទៅ លោកស្រី ម៉េង សុភា​រី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រកឃើញ​ជនជាតិ​វៀតណាម​ប្រមាណ ៥​ពាន់​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់  ពី​ខែកញ្ញា ដល់​ចុងខែ​តុលា កន្លងទៅ ។​

​គួរបញ្ជាក់​ផងដែរ ក្រោយ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៧,៨៧៣,១៩៤ ស្នើ​នឹង​៨១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត​ចំនួន ៩,៦៦៤,២១៦ លាន​នាក់​។ ចំនួន​ដែល​ចុះឈ្មោះ​បាន​ក្នុង​បញ្ជី​ថ្មី​នេះ ថយចុះ​ជិត ២​លាន​នាក់ ធៀប​ទៅនឹង ៩​លាន ២ សែន​នាក់​ដែល គ​.​ជ​.​ប បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១២ ៕


Tag:
 ហង្ស ពុទ្ធា​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com