អន្តរជាតិ
បារាំង និង​អាល្លឺម៉ង់ ពួតដៃគ្នា​រិះគន់ ដូ​ណា​ល់ ត្រាំ
17, Jan 2017 , 8:19 pm        
រូបភាព
​ការនិយាយ​ចំៗ​លើ​កិច្ចការ​ផ្ទៃក្នុង​អាល្លឺម៉ង់ និង​ការហៅ​សម្ព័ន្ធ​យោធា​ថា​ជា​អង្គការ​ហួស​សម័យ​ដោយ​លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​បណ្ដា​សមាជិក​អឺរ៉ុប និង​ណា​តូ ប្រតិកម្ម​យ៉ាងខ្លាំង​។ បារាំង និង​អាល្លឺម៉ង់ ដែលជា​បងធំ​របស់​អឺរ៉ុប ក៏បាន​រិះគន់​ខ្លាំងៗ​តប​នឹង​ការលើកឡើង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដោយបាន​ប្រាប់​លោក ត្រាំ វិញ​ថា អឺរ៉ុប នឹង​ចាត់ចែង​វាសនា​ខ្លួនឯង ហើយ​អាមេរិក មិនចាំបាច់​លូកដៃ​លូក​មាត់​ក្នុង​កិច្ចការ​អឺរ៉ុប​ទៀត​ដែរ​។​



​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល និង​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ឆ្លើយតប​យ៉ាង​សោះកក្រោះ​នឹង​ពាក្យសម្ដី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដែល​បាន​បង្កើត​ភាពមិនច្បាស់លាស់​លើ​ទំនាក់​ទំនងជា​មួយណា​តូ និង​ទំនងជា​ចង់​ដកខ្លួន​ឈប់​គាំទ្រ​អឺរ៉ុប​ទៀត​នោះ​។ លោក ត្រាំ ដែល​ជិត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទៅហើយនោះ បង្ក​ការខឹង​សម្បារ​យ៉ាងខ្លាំង​ក្នុងចំណោម​សមាជិក​អឺរ៉ុប និង​ណា​តូ ជាមួយនឹង​ការប្រើ​ពាក្យសម្ដី​គ្រោតគ្រាត​របស់លោក​។​

​អធិការបតី​អាល្លឺម៉ង់ ប្រហែលជា​អ្នក​ដែល​មិន​សប្បាយចិត្ត​ជាងគេ ដ្បិត​លោក ត្រាំ បាន​វាយប្រហារ​ខ្លាំង​លើ​រដ្ឋាភិបាល​លោកស្រី​លើ​រឿង​ជនភៀសខ្លួន​។ លោកស្រី មឺ​ហ្កែ​ល នៅ​ថ្ងៃទី​១៦ ខែមករា បាន​ប្រើពាក្យ​ធ្ងន់ៗ​តប​ថា អឺរ៉ុប នឹង​ក្ដោប​ក្ដាប់​អនាគត​ខ្លួនឯង​ផ្ទាល់ មិនចាំបាច់​មាន​នរណា​មកជួយ​ឡើយ​។ លោកស្រី​បន្តថា ជាថ្មី​ម្ដងទៀត លោក ត្រាំ បានបង្ហាញ​ជំហរ​របស់លោក ដែល​គ្រប់គ្នា​បានដឹង​រួចស្រេច​ទៅហើយ តែ​លោកស្រី​ផ្ទាល់ ក៏មាន​ជំហរ​របស់​ខ្លួនឯង ហើយ​អ្នក​រាល់គ្នា​ក៏​ដឹង​ពី​ជំហរ​នេះដែរ​។

​បើតាម​សារព័ត៌មាន BBC ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ វិញ ក៏​កើតទុក្ខ​មិន​សុខចិត្ត​ដោយសារ​សម្ដី​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ដែរ និង​បាន​ប្រាប់​ឲ្យ​លោក ត្រាំ ថា អឺរ៉ុប​មិនត្រូវ​ការ​ដំបូន្មាន​ពី​អ្នក​ក្រៅ​ឡើយ​។ ថ្លែង​ក្នុង​ពិធី​បំពាក់​មេដាយ​ឲ្យ​អគ្គរដ្ឋទូត​អាមេរិក​នៅ​ថ្ងៃទី​១៦ ខែមករា លោក ហូ​ឡង់ បញ្ជាក់​ច្បាស់​ថា អឺរ៉ុប​ត្រៀមខ្លួន​រូ​ចរាល់​ក្នុង​ការចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្ត​រអា​ត្ល​ង់​ទិ​ក តែ​អឺរ៉ុប មិន​ចង់បាន​ការណែនាំ​ពី​អ្នកដទៃ​ឡើយ​។ 

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​មកពី​អង់គ្លេស និង​អាល្លឺម៉ង់ លោក ត្រាំ បាន​អះអាងថា លោកស្រី​អធិប​កា​រប​តី អែន​ជេ​ឡា មឺ​ហ្កែ​ល បង្កើត​កំហុសឆ្គង​មួយ​ដ៏​គ្រោះថ្នាក់​រហូត​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ច្រើន​ដល់​អឺរ៉ុប​។ លោក បាន​បន្ទោស​លោកស្រី អធិការបតី​អាល្លឺម៉ង់ ដែល​ហ៊ាន​បើកទ្វារ​ព្រំដែន​ទទួលយក​ជនភៀសខ្លួន​កន្លងមក​រហូត​បង្ក​ឲ្យ​មាន​ជា​វិបត្តិ បញ្ហា​អសន្តិសុខ និង​ជំរុញ​ឲ្យ​ប្រជាជន​អង់គ្លេស​បោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ផង​។ 

​បន្ថែម​ពីលើ​នោះ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Frank-Walter Steinmeier អះអាង​ដែរ​ថា ទាំង​អឺរ៉ុប និង​ណា​តូ សុទ្ធតែ​ព្រួយបារម្ភ​ជុំវិញ​ការលើកឡើង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ ដែលមាន​ជំហរ​ដកខ្លួន​ឆ្ងាយ​ពី​អឺរ៉ុប និង​ងាក​ទៅរក​ភាពជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​វិញ​នោះ​។ លោក ត្រាំ ក៏បាន​រិះគន់​សម្ព័ន្ធ​យោធា​ណា​តូ និង​សមាជិក​សម្ព័ន្ធ​យោធា​នេះ​យ៉ាងខ្លាំង​នាពេល​កន្លងមក ជាពិសេស​ការមិន​បង់​ថ្លៃ​ចំណាយ​របស់​ណា​តូ​តែម្ដង​៕


© រក្សាសិទ្ធិដោយ thmeythmey.com