ជាតិ
កម្ពុជា​សុំ​ឲ្យ​កូរ៉េខាងជើង​យោគយល់​លើ​ការប្រឆាំង​ផែនការ​អាវុធ​នុយក្លេអ៊ែ​រ​
17, Jan 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សុំ​ឲ្យ​លោក Jang Yun Gon ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ថ្មី​ប្រចាំ​នៅ​កម្ពុជា យោគយល់​ចំពោះ​ការប្រឆាំង​ផែនការ​បាញ់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​



​លោក ប្រាក់ សុខុន ដែល​និយាយ​ទៅកាន់​លោក Jang Yun Gon ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ថ្មី​ថា មូលហេតុ​ដែល​កម្ពុ​ជាស​ម្រេច​ចេញ​សេចក្តី​ការណ៍​ចំនួន ២ កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ប្រឆាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺ​កម្ពុជា​ផ្អែក​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជុំ ស​ន្ទ​រី អ្នក​ពាក្យ​ក្រសួង ក្រោយ​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​លោក Jang Yun Gon នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

«​ឯកឧត្តម​ទេសរដ្ឋមន្ត្រី [​ប្រាក់ សុខុន​] បានបញ្ជាក់​សុំ​ឲ្យ​ប្រទេស​ជា​មិត្ត​មេត្តា​យោគយល់​ចំពោះ​កម្ពុជា ដោយ​កម្ពុជា​ជា​សមាជិក​មួយ​របស់​អង្គការសហប្រជាជាតិ ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវគោរព និង​អនុវត្តតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពី ការ​សាង​ល្បង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​»​។ លោក ជុំ ស​ន្ទ​រី បាន​ស្រង់​សម្តី​លោក ប្រាក់ សុខុន បញ្ជាក់ មុន​បន្ថែមថា កម្ពុជា​នៅតែ​រក្សា​គោលជំហរ​ជំរុញ​ឲ្យ​ភាគី​កូរ៉េ​ទាំងពីរ​បង្រួបបង្រួម​គ្នា​ដោយ​សន្តិវិធី ជៀសវាង​ការប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់អាវុធ​។​

​បើតាម​លោក ជុំ ស​ន្ទ​រី លោក ប្រាក់ សុខុន បានបញ្ជាក់​ប្រាប់​លោក Jang Yun Gon ថ្ងៃទី​១៧ ខែមករា​នេះ ថា កម្ពុជា​នៅតែ​ទំនាក់ទំនង​ល្អ​ដែល​បន្សល់ទុក​ដោយ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម អ៊ី​ល​ស៊ុ​ង នៅ​ដដែល រហូតដល់​ប​ច្ច​ប្បន្ន​។​

​មិន​ខុសគ្នា​ដែរ លោក Jang Yun Gon ឯកអគ្គរដ្ឋទូត​ប្រទេស​កុំ​មុយ​នី​ស​ប្រចាំ​កម្ពុជា បាន​ប្រា​ប់លោក ប្រាក់ សុខុន ថា កូរ៉េខាងជើង​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ដដែល ទោះបីជា​សភាពការណ៍​ពិភពលោក​មានការ​ប្រែប្រួល​ក្តី​។ «​ទំនាក់ទំនង​កម្ពុជា និង​កូរ៉េខាងជើង មិនមាន​ការប្រែប្រួល​ទៅតាម​សភាពការណ៍​សកលលោក​នោះទេ​»​។ លោក ជុំ ស​ន្ទ​រី ស្រង់​សម្តី​លោក Jang Yun Gon ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប នៅថ្ងៃនេះ​។​

​ដោយឡែក បញ្ហា​ឧបទ្វីប​កូរ៉េ​ទាំងពីរ វិញ លោក ជុំ ស​ន្ទ​រី បាន​និយាយថា លោក Jang Yun Gon ប្រាប់​កម្ពុជា​ថា មេដឹកនាំ​កូរ៉េខាងជើង​បាន​ត្រៀម​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង​រួចរាល់ ដើម្បី​បញ្ចប់​វិវាទ​ឈានទៅ​បង្រួបបង្រួម​ប្រទេស​បងប្អូន​កូរ៉េ​ទាំងពីរ ជានិច្ច​។​

​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ជា​ឯកច្ឆន្ទ​លើស​ម្រេច​ដំណោះស្រាយ​ថ្មី​មួយ​ដោយ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ចំនួន​ពីរដង​ដែលមាន​ទិសដៅ​បិទ​ច្រក​សេដ្ឋកិច្ច ឆ្លើយតប​នឹង​មហិច្ឆតា​«​នុយក្លេអ៊ែរ​»​ដោយ​ឥត​ញ​ញឺ​ត​របស់លោក គីម ជុង​អ៊ុន មេដឹកនាំ​រដ្ឋ​ឯកោ​មួយ​នេះ ។ ហេតុ​នាំ​ឲ្យ​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ រួមទាំង​កម្ពុជា​ដែលជា​ប្រទេស​តូច​មួយ​នៅ​អាស៊ីអាគ្នេយ៍ ចាំ​ចាច់​ត្រូវគោរព​សេចក្តីសម្រេច​របស​ក្រុមប្រឹក្សាសន្តិសុខ UN​។​

​យោងតាម​ប្រការ​២៦​នៃ​សេចក្តីសម្រេច ដំណោះស្រាយ ២៣២១​នោះ កូរ៉េខាងជើង មិនអាច​ផ្គត់ផ្គង់ លក់ ឬ​ដឹកជញ្ជូន​ទាំង​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​ទឹកដី​របស់ខ្លួន ឬ​នាវា​ដឹកជញ្ជូន​ដែលមាន​ទង់ជាតិ​កូរ៉េខាងជើង​នូវ ធ្យូង និង​ថ្ម​ទៀត​បានឡើយ ហើយ​សមាជិក​ទាំងអស់​អង្គការសហប្រជាជាតិ​ទាំងអស់ ក៏​ត្រូវបាន​ហាមឃាត់​ក្នុង​ការធ្វើ​លទ្ធកម្ម​ពី​កូរ៉េខាងជើង​លើ​មុខទំនិញ​ទាំងនោះ​ផងដែរ​៕



Tag:
 ប្រាក់ សុខុន​
  Jang Yun Gon
  ជុំ ស​ន្ទ​រី​
  ខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com