ជាតិ
អ្នកស្រាវជ្រាវ​កំពុង​សិក្សា​ពី​ទំនាក់ទំនង​រវាង​ក្រុង​ភ្នំ​គូ​លេន​មក​រាជធានី​អង្គរ​
18, Jan 2017 , 7:59 am        
រូបភាព
រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
​សៀមរាប​៖ អ្នកស្រាវជ្រាវ​បាន​ប្រទះឃើញ​ជណ្តើរ​បុរាណ​មួយ នៅ​ភ្នំ​គូ​លេន​។ តាម​ការស្រាវជ្រាវ ផ្លូវ​នេះ​អាចមាន​ទំនាក់ទំនង​គ្នា រវាង​កូន​ក្រុង​នៅលើ​ភ្នំ​គូ​លេន ទៅ​រាជធានី​អង្គរ កាលសម័យ​បុរាណ​។



​លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បាន​ប្រាប់​សារ​ព័ត​មាន​ថ្មីៗ​តាមរយៈ​បទ​សម្ភាស​មួយ​ថា កាលពី​ឆ្នាំ​២០០៨ ក្រុម​ស្រាវជ្រាវ​របស់លោក​បាន​ប្រទះឃើញ​ជណ្តើរ​បុរាណ ដែល​សង់​ពី​ជើងភ្នំ​ទៅ​កំពូលភ្នំ​គូ​លេន​។ ផ្លូវ​នេះ​មាន​ទទឹង​ប្រហែល​១១​ម៉ែត្រ និង​បណ្តោយ​ប្រហែល ៧០០​ម៉ែត្រ​។ គេ​បាន​សាងសង់​ជណ្តើរ​ខាងលើ ដោយ​ការ​ច្រឹប​ថ្មភ្នំ​ធ្វើជា​កាំជណ្តើរ ហើយ​កន្លែង​ដែល​គ្មាន​ថ្ម​ធម្មជាតិ គេ​បាន​យក​ថ្មបាយក្រៀម​ទៅ​បិទ​។ កន្លែង​នោះ ត្រូវបាន​អ្នកស្រុក​ហៅថា «​ផ្លូវ​ចែ​រ៉ែ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ឹម សុខ​រិទ្ធី​។​

​លោក អ៊ឹម សុខ​រិទ្ធី បាន​បន្តថា​៖« យើង​បាននិងកំពុង​ធ្វើការ​សិក្សា និង​តាមដាន​ពី​ផ្លូវដី​ចេញពី​អង្គរ ភ្ជាប់​ទៅ​ផ្លូវ​ចែ​រ៉ែ ក្នុង​បំណង​ចង់ដឹង​ឲ្យ​ច្បាស់ ពី​ការធ្វើទំនាក់ទំនង​រវាង​កូន​ក្រុង​នៅលើ​ភ្នំ​គូ​លេន និង​រាជធានី​អង្គរ នា​សម័យ​កាលនោះ​»​។

​បច្ចុប្បន្ន ផ្លូវ​ចែ​រ៉ែ​បាន​ក្លាយជា​ភូមិ​មួយ​របស់​អ្នកស្រុក​នៅ​ទីនោះ​។ ប៉ុន្តែ ជណ្តើរ​បុរាណ ដែល​អ្នកស្រាវជ្រាវ​កំពុង​សិក្សា​នោះ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​រង​ការខូចខាត​ច្រើន ដោយ​សកម្មភាព​កាប់​ឈើ​។ ឈ្មួយ​ឈើ បាន​កាប់​ដួល​រំលំ​ឈើ និង​បាន​រុញ​ទម្លាក់​តាម​ជណ្តើរ​បុរាណ ធ្វើ​ឲ្យ​មានការ​ខូចខាត​ជា​ទម្ងន់​៕


Tag:
 ​អ៊ឹម សុខ​រិទ្ធី​
  ផ្លូវ​ចែ​រ៉ែ​
  ភ្នំ​គូ​លេន
© រក្សាសិទ្ធិដោយ thmeythmey.com