អន្តរជាតិ
អ៊ុយ​ក្រែ​ន​អរគុណ​អាមេរិក តែ​បន្ទោស អឺរ៉ុប​ដែល​ស្ទាក់ស្ទើរ​ទទួលយក​ខ្លួន​ជា​សមាជិក​ថ្មី​
17, Jan 2017 , 9:39 pm        
រូបភាព
​លោក​អនុ​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ទទូច​សុំ​ឲ្យ​សហគមន​អន្តរជាតិ​បន្ត​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​និង​ឲ្យ​រដ្ឋបាល​អាមេរិក​ថ្មី​បន្ត​រក្សា​ទណ្ឌកម្ម​ទាំង​អម្បាលម៉ាន​ប្រឆាំង​រុស្ស៊ី​ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន ដើម្បី​បង្ខំ​ឲ្យ​រុស្ស៊ី​គោរព​កិច្ចព្រមព្រៀង​ទីក្រុង Minsk​។ កន្លងមក​លោក ដូ​ណា​ល់ ត្រាំ ចង់​ដក​ទណ្ឌកម្ម​ចេញ​ទាំងអស់ ដើម្បី​ជា​ថ្នូរ​នឹង​ការសម្រេច​កិច្ចព្រមព្រៀង​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី​។   ចំណែក​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ដែល​ជួប​អនុ​ប្រធានាធិបតី​អាមេរិក​គាំទ្រ​ជំហរ​រដ្ឋបាល​អាមេរិក​ចាស់ និង​សង្ឃឹម​មុតមាំ​ថា​រដ្ឋបាល​ថ្មី​នឹង​បន្ត​ជំហរ​នេះ​។ តែ​លោក​បង្ហាញ​ការខកចិត្ត​ចំពោះ​អឺរ៉ុប ដែល​ពន្យារពេល​ម្តង​ជា​ពីរដង​ចំពោះ​ការបើកផ្លូវ​ឲ្យ​អ៊ុយ​ក្រែ​ន​ចូលរួម​រស់​ជាមួយ​សហភាព​អឺ​រ៉ុ​នោះ​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖





​ការចូល​កាន់តំណែងរ​បស់​អ្នកនយោបាយ​អាមេរិក​ដែលមាន​ទំនោរ​ទៅរក​រុស្ស៊ី ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​ក្តីកង្វល់​មួយ​ដ៏​ធំ​របស់​បណ្តា​រដ្ឋ​អឺរ៉ុប​ដែល​ធ្លាប់​ជ្រកកោន​ក្រោម​ឆ័​ត្រ​សន្តិសុខ​របស់​ក្រុង​វ៉ាស៊ីនតោន​។ មកដល់​បច្ចុប្បន្ន គេ​ឃើញ​មាន​វត្តមាន​សព្វាវុធ​និង​កងទ័ព​រុស្ស៊ី​ច្រើន​នៅតាម​ព្រំដែន ដែល​វា​ជា​យុទ្ធសាស្ត្រ​បង្ហាញ​សាច់ដុំ​យោធា ទប់ទល់​ការកសាង​កម្លាំង​ទ័ព​របស់​ណា​តូ និង អាមេរិក​នៅក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​ចាប់ពី​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​។ 

​មេដឹកនាំ​រដ្ឋ​អឺរ៉ុប​ហាក់​ជ្រួលច្របល់​ចិត្ត​និង​មាន​មន្ទិលសង្ស័យ​ខ្ពស់​ចំពោះ គោលជំហរ​លោក ដូ​ណា​ល់ ត្រាំ ចំពោះ​អឺរ៉ុប ព្រោះ​លោក​តែងតែ​យល់ឃើញថា រុស្ស៊ី​មាន​ចេតនា​ល្អ​ទេ​។  ខណៈដែល​ពេលវេលា​លោក​នៅមាន​ចេះតែ​ខើច​ខ្លី​ណាស់​ទៅហើយនោះ  រដ្ឋបាល​អាមេរិក​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឯណោះ​ក៏​បារម្ភ​ពី​អនាគត​នៃ​រដ្ឋ​អឺរ៉ុប​ខាងកើត ហើយ​លោក​ក៏​ខ្លាច​រុស្ស៊ី​លើកទ័ព​ឈ្លានពាន​ប្រទេស​ទាំងនេះ​ទៀត​ដែរ ។​

​ដូច្នេះហើយ អនុ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ត្រហេបត្រហប​ធ្វើដំណើរ​ទៅកាន់​អ៊ុយ​ក្រែ​ន​ដើម្បី​ស្កាត់​ជួប​ប្រធានាធិបតី​អតីត​រដ្ឋ​សហភាពសូវៀត​នេះ មុនពេល​ដែល​លោក​ចាក​ចេញពី​តំណែង​នៅ​ចុង​សប្តាហ៍​នេះ​។ គេ​ដឹង​ច្បាស់​ថា វត្តមាន​លោក Joe Biden នៅ​អ៊ុយ​ក្រែ​ន កាយវិការ​មួយ​ដែល​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ស្ងប់ចិត្ត និង​មាន​ទំនុកចិត្ត​ចំពោះ​ជំហរ​អាមេរិក​ក្នុងការ​ការពារ​អឺរ៉ុប​ក៏ដូចជា​អ៊ុយ​ក្រែ​ន នាពេល​អនាគត​។​

​អនុ​ប្រ​ធា​ធិបតី​ដែល​ចំណាយពេល ៨​ឆ្នាំ ធ្វើការ​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រូបនេះ​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន ៦​ដង ហើយ​ទស្សនកិច្ច​លើក​ទី ៥​របស់លោក​កើតឡើង​ក្រោយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង នា​ខែកុម្ភៈ​ឆ្នាំ ២០១៤​។​

១.​លោក Biden ស្នើ​ឲ្យ ដូ​ណា​ល់ ត្រាំ រក្សាទុក​ទណ្ឌកម្ម​ដាក់​គំនៀប​រុស្ស៊ី​

​នៅ​ទីក្រុង​គៀវ លោក Joe Biden បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន ហើយ​លោក​យក​ឱកាស​ចុងក្រោយ​ដែល​លោក​មាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ទប់ទល់​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​រដ្ឋ​តូចតាច​។ 

​យោងតាម​សារព័ត៌មាន​អ៊ុយ​ក្រែ​ន Kyiv Post លោក​ក៏​ទទូច​សុំ​ឲ្យ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ពិចារណា​ឲ្យ​បាន​ជាក់ច្បាស់​ពី​ការឈាន​ទៅ​ដក​ទណ្ឌកម្ម​ដែលមាន​ទាំង​អម្បាលម៉ាន​ដែល​ត្រូវ​បានដាក់​ប្រឆាំង​ក្រុង​មូ​ស្គូ​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​កន្លងមក​។  ទណ្ឌកម្ម​អាច​នឹងត្រូវ​ដកចេញ ដរាបណា​រុស្ស៊ី​គោរព​និង​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង Minsk ដែល​ចូល​ជា​ធរមាន​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ ២០១៥ នោះ​។​

​ឈរ​ទន្ទឹម​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ចន្ទ ទី ១៦​មករា លោក Joe Biden បាន​ថ្លែង​ដូច្នេះ​ថា​៖  «​សហគមន៍​អន្តរជាតិ​ត្រូវតែ​បន្ត​ងើបឈរ​ប្រឆាំង​រាល់​ការគំរាមកំហែង​និង​ការឈ្លានពាន​របស់​រុស្ស៊ី​។ រាល់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ក្នុង​សំណុំរឿង Crimea ត្រូវ​រក្សាទុក រហូតដល់​រុស្ស៊ី​ផ្ទេរ​រាល់​កម្មសិទ្ធិ​ទាំងឡាយណា​ជា​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​មកវិញ​»​។​

​ការអំពាវនាវ​របស់​លោក Joe Biden នេះ​ធ្វើឡើង ក្រោយ​ពេលដែល​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ អះអាងថា លោក​នឹង​ពិចារណា​ដក​រាល់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ពាក់ព័ន្ធ​រឿង​អ៊ុយ​ក្រែ​ន បើសិនជា​ប្រទេស​ទាំងពីរ​សម្រេចបាន​កិច្ចព្រមព្រៀង​បន្ថយ​ចំនួន​អាវុធ​នុយក្លេអ៊ែរ​នោះ​។ លោក ដូ​ណា​ល់ ត្រាំ លើកឡើង​ពី​លក្ខខណ្ឌ​នេះ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អង់គ្លេស The Times of London កាលពី​ចុង​សប្តាហ៍​មុន​។​

​វា​ជា​រឿង​ពិបាក​ស្មាន​ដែរ​ចំពោះ​បញ្ហា​នេះ​។ តាំងពី​យូរ​មកហើយ លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​និន្នាការ​ងាក​ទៅ​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ហើយ​លោក​បន្ត​កោតសរសើរ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថែមទៀត​។ ដូច្នេះហើយ ការដក​ទណ្ឌកម្ម​ដើម្បី​ស្តារ​ទំនាក់ទំនង​និង​បង្កើត​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​ប្រហែលជា​រឿង​សម​ហេតុផល​។​

២. អ៊ុន​ក្រែ​ន​កម្ចាត់​អំពើពុករលួយ​ដើម្បី​រាំង​ខ្ទ​បើ​

​បន្ទាប់ពី​ទិតៀន​រុស្ស៊ី លោក Joe Biden  ក៏បាន​ដាស់តឿន និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក Poroshenko បន្ត​លើកស្ទួយ​នីតិរដ្ឋ និង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ស៊ី​រូង​ផ្ទៃ​ក្នុងនោះ​។ លោក Biden ជឿថា រុស្ស៊ី​ប្រើប្រាស់​អំពើពុករលួយ​នេះ​ជា​យុទ្ធសាស្ត្រ​បង្កបញ្ហា​,​គំរាមកំហែង និង​រក្សា​ឥទ្ធិពល​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​ផង​។ អ្វីដែល​អ៊ុយ​ក្រែ​ន​ត្រូវ​យល់​គឺ យុទ្ធនាការ​ប្រឆាំង​ពុករលួយ​មិនមែន​ត្រឹមតែ​បង្កើត​តម្លាភាព និង​អភិបាលកិច្ច​ល្អ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​វិធានការ​មួយ​ដើម្បី​រក្សា​សន្តិសុខ​ផងដែរ​។

​អ្នកណា​ក៏​ដឹងថា អំពើពុករលួយ​ជា​អត្តសញ្ញាណ​មួយ​របស់​អ៊ុយ​ក្រែ​ន​តាំងពីដើម​មក​។ មន្ត្រី​ស្ទើរ​គ្រប់​ជាន់ថ្នាក់​សុទ្ធ​តែមាន​ជាប់​ពាក់ព័ន្ធ​ជំងឺ​សង្គម​នេះ ហើយ​ពួកគេ​កេងប្រវ័ញ្ច​ប្រទេសជាតិ​ដើម្បី​ភាពមានបាន​របស់ខ្លួន​។

​តប​តាម​ការស្នើសុំ​នេះ លោក Poroshenko បាន​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​លើកស្ទួយ​នីតិរដ្ឋ​នៅ​អ៊ុយ​ក្រែ​ន​។ Poroshenko បាន​ថ្លែងអំណរគុណ​ជ្រាលជ្រៅ​បំផុត​ដល់​លោក Biden និង​រដ្ឋបាល​លោក អូ​បា​ម៉ា ដែល​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​តាំងពីដើម​មក​។ ហើយ​លោក​ក៏​ដឹងគុណ​រដ្ឋបាល​អាមេរិក​ដែល​បាន​បន្ថែម​ពេល​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​កាលពី​ថ្ងៃ ១៣ មករា​ដូចគ្នា​។​

​ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន  អ្នកណា​ក៏​ដឹងថា អាមេរិក​មាន​ចំណែក​សំខាន់​ក្នុងការ​គាំទ្រ (​បញ្ឆេះ​)​ចលនា​បដិវត្តន៍ Maidan​រៀបចំឡើង​ដោយ​ក្រុមគាំទ្រ​អឺរ៉ុប ដែល​ផ្ទុះឡើង​នៅ​អ៊ុយ​ក្រែ​ន​ចុងឆ្នាំ ២០១៣ ដើម្បី​ប្រឆាំង​របប​ដឹកនាំ​លោក Viktor Yanukovych ដែល​ស្និទ្ធ​ជាមួយ​របប​ដឹកនាំ​ក្រេ​ម​ឡាំង​។ ចាប់ពីពេលនោះ​មក ក្រុង​វ៉ាស៊ីនតោន​បន្ត​លូកដៃ​យ៉ាងជ្រៅ​ចូលក្នុង​វិបត្តិ​នេះ ដើម្បី​តតាំង​ក្រុង​មូ​ស្គូ​។​

៣.​អ៊ុយ​ក្រែ​ន​ហាក់​ស្តាយក្រោយ​ចំពោះ​អឺរ៉ុប​

​ក្នុងពេល លោក Biden ទស្សនកិច្ច​នេះដែរ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ហាក់​ព្យាយាម​បន្ទោស​អឺរ៉ុប​ផង និង​បង្ហាញ​ការខកចិត្ត​ផង​ចំពោះ​អង្គការ​តំបន់​ដែល​មិន​ព​ន្លឿ​ន​នីតិវិធី​ទទួលយក​អ៊ុយ​ក្រែ​ន​។  មេដឹកនាំ​អ៊ុយ​ក្រែ​ន​រូបនេះ​ចង់​ប្រាប់​អឺរ៉ុប​ថា អ៊ុយ​ក្រែ​ន​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដោយ​គាស់​រំលើង​របប​ដឹកនាំ​ស្និទ្ធ​រុស្ស៊ី និង​ប្រឹង​តស៊ូ​ដើម្បី​ប្រឆាំង​រុស្ស៊ី​ព្រោះតែ​ប្រាថ្នា​ចង់ភ្ជាប់​និស្ស័យ​ជាមួយ​អឺរ៉ុប​។ តែ​អឺរ៉ុប​ហាក់បី​ស្ទាក់​ស្ទើរនឹង​ទទួលយក​អ៊ុយ​ក្រែ​ន​នៅឡើយ​។​

​កាលពី​ខែធ្នូ​ឆ្នាំមុន សហភាព​អឺរ៉ុប​បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មកដល់ពេលនេះ កិច្ចព្រមព្រៀង​នេះ​មិនទាន់​ចូល​ជា​ធរមាន​ឡើយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Poroshenko បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​និង​បណ្តា​អគ្គរដ្ឋទូត​បរទេស​នា​នា​ថា ការពន្យារពេល​ទទួល​យក​អ៊ុយ​ក្រែ​ន ជា​រឿង​អយុត្តិធម៌​សម្រាប់​អ៊ុយ​ក្រែ​ន ព្រោះ​ប្រជាជន​អ៊ុយ​ក្រែ​ន​លះបង់​ធំធេង​ណាស់​។​

​មេដឹកនាំ​រូបនេះ​ព្រលយ​ពាក្យ​ថា អ៊ុយ​ក្រែ​ន​អាច​នឹង​អស់​និស្ស័យ​នឹង​ដើរ​លើផ្លូវ​ជាមួយ​អឺរ៉ុប​បើសិនជា​អឺរ៉ុប​បន្ត​ពន្យារពេល​ក្នុង​ការធ្វើសមាហរណកម្ម​អ៊ុយ​ក្រែ​ន​ចូលក្នុង​សហភាព​អឺរ៉ុប​ដោយ​គ្មាន​ហេតុផល​នោះ​។​វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​ហាក់​ផុងខ្លួន​ជ្រៅ​ក្នុងស្ថានភាព​ដែល​រុលទៅមុខ​ក៏​មិន​រួច ហើយ​ចង់​បក​ត្រឡប់ក្រោយ​ក៏​មិនកើត​៕


© រក្សាសិទ្ធិដោយ thmeythmey.com