អន្តរជាតិ
អ្នកវិភាគ​៖ មរតក​នយោបាយ​នៅ​អាស៊ី​របស់លោក អូ​បា​ម៉ា គឺ​រក្សាសន្តិភាព​និង​វិបុលភាព​តំបន់
17, Jan 2017 , 10:59 pm        
រូបភាព
​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាក​ចេញពី​តំណែង​ដោយ​ផ្ទេរអំណាច​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ​។ គេ​កំពុង​ផ្តោតអារម្មណ៍​លើ​មរតក​នយោបាយ​ការបរទេស​សំខាន់​របស់លោក អូ​បា​ម៉ា ដែល​បាន​បន្សល់ទុក​ក្រោយពេល​លោក​ចាក​ចេញទៅ​។ អ្នកវិភាគ​មើលឃើញថា មរតក​សំខាន់​របស់លោក​មានដូចជា រក្សា​សន្តិភាព​ និង​វិបុលភាព​ក្នុង​តំបន់ , ទប់ទល់​របប​ព្យុងយ៉ាង​, ក្រសោប​វៀតណាម  និង​ទាញ​មី​យ៉ាន់​ឲ្យ​ផុតពី​អំណាច​ផ្តាច់មុខ​របស់​ចិន​ផងដែរ​។ បន្ថែមពីនេះ ​នយោបាយ​ពង្រឹង​ឥទ្ធិពល​របស់​អាមេរិក​នៅ​អាស៊ី​ឡើងវិញ ​ក្រោម​អាណត្តិ​លោក អូ​បា​ម៉ា ក៏​មិនមែនជា​បរាជ័យ​ដែរ​។



​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាក​ចេញពី​តំណែង​ក្នុង​រយៈពេល ៣​ថ្ងៃ​ទៀត ក្រោយ​កាន់អំណាច​អស់​រយៈពេល​ពីរ​អាណត្តិ​មកនេះ​។ ប្រជាជន​អាមេរិក​មើលឃើញ​សមិទ្ធផល​ជាច្រើន​ដែល​រដ្ឋ​បាលលោក បា​រ៉ា​ក់ អូ​បា​ម៉ា​សម្រេចបាន​កន្លងមក​ ទាំង​សេដ្ឋកិច្ច សង្គម និង​គោលនយោបាយ​ការបរទេស​។

​ទាក់ទង​មរតក​នយោបាយ​ការបរទេស​នេះ ម្តង​ជា​ពីរដង​ក្នុង​សន្ទរកថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​គូសបញ្ជាក់​ពី​សមិទ្ធផល​ដែល​លោក​សម្រេចបាន​ក្នុង​រយៈពេល ៨​ឆ្នាំ ក្នុងនោះ​មាន​ទាំង​ការស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​គុយបា​, បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​សម្លាប់​មេខ្លោង​ក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន​។ ក្រៅពីនេះ លោក អូ​បា​ម៉ា ក៏​លើកឡើង​ពី​ការ​បន្សល់ទុក​មរតក​ធំៗ​ច្រើន​ដែរ ​នៅក្នុង​តំបន់​អាស៊ី​ក្នុង​អាណត្តិ ៨​ឆ្នាំ​មកនេះ​។

១.​អ្វី​ជា​មរតក​នយោបាយ​សំខាន់ៗ​របស់លោក អូ​បា​ម៉ា នៅ​អាស៊ី​?

​តាមពិតទៅ តំបន់​អាស៊ី​បាន​ក្លាយជា​តំបន់​ដ៏​សំខាន់ ​ដែល​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផ្តោត​យកចិត្តទុកដាក់​ខ្លាំង​ស្មើ​តំបន់​អឺរ៉ុប​ដែរ​។  ក្រោយ​ឡើងកាន់តំណែង​ឆ្នាំ ២០០៩ លោក អូ​បា​ម៉ា បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ដែរ​ ដើម្បី​ផ្លាស់ប្តូរ​គោលនយោបាយ​ដែល​បន្សល់ទុក​ពី​រដ្ឋបាល​លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស (Georg W. Bush) ដើម្បី​ឆ្ពោះ​មករក​តំបន់​អាស៊ី ក៏ដូចជា​ផ្តោត​សំខាន់​លើ​តំបន់​នេះ​វិញ​។

​ក្រោម​ការប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ី​រយៈពេល ៨​ឆ្នាំ​មកនេះ លោក អូ​បា​ម៉ា បាន​បង្កើត​សមិទ្ធផល​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ពាក់ព័ន្ធ​សមិទ្ធផល​នេះ លោក​បណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​ពិភពលោក ​នៃ​សកល​វិទ្យាល័យ Occidental College នៅ​រដ្ឋ Los Angeles សហរដ្ឋអាមេរិក និង​ជា​អ្នកនិពន្ធ​សៀវភៅ ដែលមាន​ចំណងជើង​ថា «​ការពឹង​ផ្អែកលើ​ជំនួយ​បរទេស​នៅ​កម្ពុជា​» ឬ (Aid Dependence in Cambodia) យល់ឃើញថា មរតក​សំខាន់​របស់លោក អូ​បា​ម៉ា នៅ​អាស៊ី​គឺ​ការរក្សាបាន​នូវ​ស្ថិរភាព​ និង​វិបុលភាព​ក្នុង​តំបន់​ ដោយ​ទប់ទល់​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​។​

«​មរតក​សំខាន់​របស់លោក អូ​បា​ម៉ា គឺ​សន្តិភាព​ និង​វិបុលភាព​តំបន់ ដោយ​រដ្ឋបាល​លោក​ប្រឹងប្រែង​ធ្វើយ៉ាងណា ​ទប់ស្កាត់​កូរ៉េខាងជើង​កុំ​ឲ្យ​អុកឡុក​តំបន់​, ក្រសោប​យក​វៀតណាម​និង​ទាញ​វៀតណាម​ឲ្យ​ឆ្ងាយ​ពី​ចិន​។ ​​អាមេរិក ​ក៏បាន​ជួយ​រុញ​មី​យ៉ាន់​ម៉ា​ឲ្យ​ត្រឡប់​ចូល​វេទិកា​ពិភពលោក​វិញ​ និង​ផុតពី​ឥទ្ធិពល​ផ្តាច់មុខ​របស់​ចិន​»​។ នេះ​ជាការ​បកស្រាយ​របស់លោក អ៊ា សុផល ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​។

២.​គោលនយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​មិនមែន​រឿង​បរាជ័យ​

​ទឡ្ហីករណ៍​នោះ​តួយ៉ាង​មានដូចជា  លោក អូ​បា​ម៉ា បរាជ័យ​ក្នុងការ​ប្រឈមមុខ​ជាមួយ​មហា​យក្ស​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ​រហូត​បណ្តែត​បណ្តោយ​ឲ្យ​ចិន​​សង់​សំណង់ ​និង​ដំឡើង​សម្ភារ​សឹក​នៅ​តំបន់​ជម្លោះ​ផង​។ ​​ក្រៅពីនេះ លោក ក៏​មិនមាន​លទ្ធភាព​ជំរុញ​ឲ្យ​សភា ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ស្តង់ដារ​មាស ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (Tran-Pacific Partnership) មុន​លោក​ចាក​ចេញពី​តំណែង​ដែរ​។ ចុងក្រោយ​គឺ ការដើ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ​ និង​ការគោរព​សិទ្ធិមនុស្ស នៅ​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន ​មាន​ហ្វីលីពីន ថៃ មី​យ៉ាន់​ម៉ា កម្ពុជា និង​វៀតណាម​ជាដើម​។  

​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងនេះ សាស្ត្រាចារ្យ អ៊ា សុផល ពន្យល់ថា រាល់​ការលើកឡើង​ខាងលើ​មិនមែន​បានន័យថា វា​ជា​បរាជ័យ​នៃ​គោលនយោបាយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឡើយ ហើយ​មកដល់ពេលនេះ​គេ​ក៏​មិនទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ថា វា​ជា​បរាជ័យ​ ​ឬ​ជោគជ័យ​ដែរ​។​

​សម្រាប់​លោក​ផ្ទាល់ បញ្ហា​ដែល​កើតមានឡើង​ខាងលើ វា​ពាក់ព័ន្ធ​នយោបាយ​ផ្ទៃ​ប៉ុណ្ណោះ​ មិនមែន​បណ្តាលមកពី​គោលនយោបាយ​ត្រឡប់មក​តំបន់​អាស៊ី​នេះ​ទេ (Pivot To Asia)​។ «​ការបរាជ័យ​នៃ​កិច្ចព្រមព្រៀង TPP វា​ទាក់​ទងនឹង​នយោបាយ​ក្នុងស្រុក​អាមេរិក​។ ​រីឯបញ្ហា​ដែល​កើត​នៅ​ហ្វីលីពីន ថៃ និង​កម្ពុជា​ ក៏​ដោយសារ​បញ្ហានយោបាយ​ក្នុងស្រុក​របស់​ប្រទេស​ទាំង​នោះដែរ​។ គ្រប់យ៉ាង​មិន​ពាក់ព័ន្ធ​ការបរាជ័យ ​នៃ​នយោបាយ​ការបរទេស​មកកាន់​តំបន់​អាស៊ី ​របស់លោក អូ​បា​ម៉ា ឡើយ​»​។​

​ទោះ​មិនទាន់​វាយតម្លៃថា គោលនយោបាយ​នេះ​បរាជ័យ ​ឬ​អត់​ក៏ដោយ លោក អ៊ា សុផល ក៏​មើលឃើញ​ផល​លំបាក​មួយចំនួន ​ដែល​រដ្ឋបាល​លោក អូ​បា​ម៉ា ជួបប្រទះ​កន្លងមក ​ក្នុងការ​អនុវត្ត​នយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​នោះ​។

«​វា​ជា​រឿង​រហ័ស​ពេក​ដែល​ត្រូវ​វាយតម្លៃថា គោលនយោបាយ​ការបរទេស​នេះ ​ជោគជ័យ ​ឬ​អត់​។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ថា គោលនយោបាយ​នេះ​ ត្រូវបាន​អនុវត្ត​យឺត​បន្តិច​ក្រោម​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​រឿងរ៉ាវ​ច្រើន​បានកើត​ឡើង​នៅ​អាមេរិក​ ដែល​រារាំង​ការប្រឹងប្រែង​អនុវត្ត​គោលនយោបាយ​មក​តំបន់​អាស៊ី​នេះ​។ បញ្ហា​ចម្រូងចម្រាស​នេះ ​មានដូចជា ច្បាប់​ស្តីពី​ប្រព័ន្ធ​សុខាភិបាល (Obamacare) និង​វិបត្តិ​ហិរញ្ញវត្ថុ (Government shutdown) និង​បញ្ហា​ផ្សេងទៀត​ដែរ​»​។

 ៣.  អនាគត​នៃ​គោលនយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​នៅ​អាស៊ី​ស្ថិតក្នុង​ភាពស្រពិចស្រពិល​?

​តាំងពីដើម​មក ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ជាក់​ច្បាស់​ថា អាមេរិក​មិនអាច​បោះបង់ចោល​អាស៊ី​ឡើយ ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ អ្វីដែល​សំខាន់ ​គោលនយោបាយ​ត្រឡប់មក​អាមេរិក​នេះ ​ក៏​មិន​ផ្លាស់ប្តូរ ​ឬ​ចប់​ត្រឹម​អាណត្តិ​លោក​ដែរ​។

​ប៉ុន្តែ​ការបន្ត​គោលនយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​នេះ ​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់ ព្រោះប្រធានាធិបតី​ថ្មី​លោក ដូ​ណា​ល់ ត្រាំ ទំនងជា​មិន​បន្ត​គោលនយោបាយ​នេះ​ទេ ហើយ​លោក​មាន​គោលនយោបាយ​ថ្មី​ផ្សេងទៀត​សម្រាប់​អាស៊ី​។

​ពេល​សួរ​ពី​ការប្រមើលមើល​ ពី​អនាគត​គោលនយោបាយ​ការបរទេស​អាមេរិកចំពោះ​តំបន់​អាស៊ី​ ក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ  លោក អ៊ា សុផល ​នៅតែ​បញ្ជាក់ថា វា​ជា​រឿង​រហ័ស​ពេក​ ដែល​ត្រូវ​វាយតម្លៃ​ពី​អនាគត​នៃ​គោលនយោបាយ​នេះ​។ ប៉ុន្តែ​លោក​ជឿជាក់ថា រដ្ឋបាល ដូ​ណា​ល់ ត្រាំ នឹង​បន្ត​គោលជំហរ​រឹងត្អឹង​ ចំពោះ​របប​ដឹកនាំ​ដែល​មិន​គោរព​សិទ្ធិមនុស្ស​នៅ​អាស៊ី​។

​លោក​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖ « ទីប្រឹក្សា​លោក ដូ​ណា​ល់ ត្រាំ ជាច្រើន​នាក់​ត្រូវបាន​ជ្រើសរើស​ចេញពី មូលនិធិ​Heritage  (Heritage Foundation) ហើយ​ពួកគេ​ជា​អ្នកគាំទ្រ​សិទ្ធិមនុស្ស​ និង​ប្រឆាំង​របប​ដឹកនាំ​ផ្តាច់ការ។ ក្នុងករណី​ដែល​ទីប្រឹក្សា​ទាំងនេះ​អាចធ្វើ​តាម​អ្វី​ដែលគេ​គាំទ្រ វា​នឹង​ក្លាយជា​រឿង​ពិបាក ​សម្រាប់​របប​ដឹកនាំ​ដែល​មិន​គោរព​សិទ្ធិមនុស្ស​នៅ​អាស៊ី​»​។​

​ដោយឡែក លោក ឈាង វណ្ណា​រិ​ទ្ធ សហ​ស្ថាបនិក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ (Cambodian Center for Strategic Studies) យល់ឃើញថា វា​នឹងមាន​ការផ្លាស់ប្តូរ​ច្រើន ​ក្នុង​គោលនយោបាយ​មក​តំបន់​អាស៊ី​នេះ​ ក្រោម​របប​ដឹកនាំ​លោក ដូ​ណា​ល់ ត្រាំ ហើយ​លោក ត្រាំ ក៏​មិន​បន្ត​គោលនយោបាយ​បន្សល់​ពី​រដ្ឋបាល​លោក អូ​បា​ម៉ា ដែរ​។

«​ខ្ញុំ​មិន​គិតថា ដូ​ណា​ល់ ត្រាំ នឹង​បន្ត​គោលនយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​ឡើយ​។ ក្នុង​ទំនាក់ទំនង​ជាមួយ​អាស៊ី លោក ដូ​ណា​ល់ ត្រាំ មាន​វិធីសាស្ត្រ​ផ្សេង ដោយ​លោក​គិតគូរ​ពី​ពាណិជ្ជកម្ម​ឆ្លាត មិនមែន​ពាណិជ្ជកម្ម​សេរី​ឡើយ​។ ម្យ៉ាងទៀត រដ្ឋបាល​លោក​ ក៏​មិន​យកចិត្តទុកដាក់ ​និង​គាំទ្រ​សម្ព័ន្ធមិត្ត​អាមេរិក​ខ្លាំង​ដែរ ហើយ​រដ្ឋបាល​នេះ ​ក៏​មិនសូវមាន​ចំណាប់អារម្មណ៍​ លើ​ការលើកស្ទួយ​ពហុ​ស្ថាប័ន​ដូច​របប​ដឹកនាំ​លោក អូ​បា​ម៉ា​ដែរ​»៕


Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  TPP
  P2A
© រក្សាសិទ្ធិដោយ thmeythmey.com