ជាតិ
គ​.​ជ​.​ប ច្រានចោល​បណ្តឹង​ឲ្យ​លុបឈ្មោះ​អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ចំនួន ១៨១​នាក់​
18, Jan 2017 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ច្រានចោល​បណ្តឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ស្នើ​ឲ្យ​លុបឈ្មោះ​អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ចំនួន ១៨១​នាក់ ក្នុង​សំណុំរឿង​ចំនួន ៧ មកពី ៥ រាជធានី​ខេត្ត ជា​លើកទីមួយ​។



​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប បានប្រកាស​រក្សា​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ប្រជុំ​សម្រេច​ឃុំ​សង្កាត់ នៅ​ដដែល ក្រោយ​ពីស​នវ​ការពិនិត្យ​សំណុំរឿង​ទាំង ៧ អស់​ពេញ​មួយ​កាលពី ថ្ងៃទី​១៦ ខែមករា​។​

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​រូបនេះ បាន​បញ្ជាក់ថា តំណាង​ដើមបណ្តឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លើកឡើងថា ជនជាតិ​វៀតណាម​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​នោះ ពុំ​ឈរ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​។​

​លោក​ប្រកាសសេចក្តី​សម្រេច​បែបនេះ តប​នឹង​បណ្តឹង​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា ពួកគេ​រកឃើញ​ជនជាតិ​វៀតណាម​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​តាម​មូលដ្ឋាន​ពួកគេ​។​
 
​លោក ស៊ិ​ក ប៊ុន​ហុក បាន​អាន​សេចក្តីប្រកាស​មួយៗ​ខ្លាំងៗ​ថា ការលើកឡើង​របស់​ភា​គី​ដើម បណ្តឹង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ឈរលើ​គោលការណ៍​ច្បាប់​ឡើយ ដោយហេតុថា អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទាំងនោះ​សុទ្ធ​តែមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដែល ចេញ​ដោយ​អាជ្ញាធរ​ក្រសួងមហាផ្ទៃ​ស្របច្បាប់​។​

​ទន្ទឹមគ្នា​ដែរ លោក​បានប្រកាស​បើកផ្លូវ​ឲ្យ​ដើមបណ្តឹង​ដែល​មិន​ព្រម​ទទួលយក​សេចក្តីសម្រេច គ​.​ជ​.​ប អាចមាន​សិទ្ធិ​ប្តឹងតវ៉ា​បន្តទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ តាមច្បាប់​។​

​ចំពោះ​ការស្នើ​ឲ្យ​ស៊ើបអង្កេត​ជនបរទេស​ដែល​ទទួល​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ លោក ស៊ិ​ក ប៊ុន​ហ៊ុ​ក បាន​បញ្ជាក់ថា គ​.​ជ​.​ប ពុំមែន​ជា​អាជ្ញាធរ​អនុវត្ត​រឿងនេះ​ទេ​។​

​នេះ​គឺជា​លើកដំបូង​ហើយ ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បើកសវនាការ​លើ​សំណុំរឿង​ចំនួន ៧ មកពី​រាជធានី​ខេត្ត​ចំនួន ៥ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំឡើង​។ CNRP រកឃើញថា ជនជាតិ​វៀតណាម​ជាង ១០០​នាក់​នោះ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី តាម​ការិយាល័យ​មួយចំនួន រាជធានី​ខេត្ត​ទាំង ៥ មាន រាជធានី​ភ្នំពេញ កំពង់ស្ពឺ ប៉ៃលិន កំពង់ឆ្នាំង និង​ខេត្ត​ព្រះសីហនុ​។​

​ប៉ុន្តែ ក្រោយ​ការផ្ទៀងផ្ទាត់​ជាមួយ​ក្រសួងមហាផ្ទៃ គ​.​ជ​.​ប បញ្ជាក់ថា ពួកគេ​បាន​បំពេញ​តាមច្បាប់​ត្រឹមត្រូវ​៕


Tag:
 ​ស៊ិ​ក ប៊ុន​ហុក​
  គ​.​ជ​.​ប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com