ជាតិ
គជប ច្រានចោល​បណ្តឹង​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​លុបឈ្មោះ​ជាង ៤០០​នាក់
18, Jan 2017 , 10:50 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ក្រោយ​សវនាការ​អស់​ពេល​១៤​ម៉ោង កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែមករា ជាថ្មី​ម្តងទៀត សម្រេច​ច្រានចោល​ពាក្យបណ្តឹង​របស់ គណបក្សប្រឆាំង​សុំ​លុបឈ្មោះ​អ្នកបោះឆ្នោត​៤០០​នាក់​ដោយសារ​ពួកគេ​និយាយ​ខ្មែរ​មិន​ច្បាស់​។



​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ គជប បានប្រកាស​មិន​ទទួលស្គាល់ បណ្តឹង​ជំទាស់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​លុប ឈ្មោះ​អ្នក​បាន​ចុះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ជាង ៤០០​នាក់​ទៀត​ដែល​គណបក្ស​នេះ​អះអាង ថា ពួកគេ​ជា​ជនជាតិ​វៀតណាម​កាន់​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​រស់នៅក្នុង​ឃុំ សង្កាត់​ចំនួន​ប្រាំមួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។​

​មន្ត្រី​គណបក្សប្រឆាំង​និយាយថា​អ្នក​ទាំងនោះ​និយាយ​ខ្មែរ​មិន​ច្បាស់ ដូចគ្នា​ក្នុងករណី​លើកទីមួយ ដែល​ពួកគេ​ថា​បាន​រកឃើញ​ដែរ ប៉ុន្តែ លោក ស៊ិ​ក ប៊ុន​ហុក ក្នុងការ​ឆ្លើយតប​ទៅនឹង​បណ្តឹង​ចុងក្រោយ និយាយថា យោងតាម​ឯកសារ​សញ្ជាតិ​របស់​ក្រសួងមហាផ្ទៃ ពួកគេ​បាន​បំពេញ​តាម ច្បាប់បោះឆ្នោត​ត្រឹមត្រូវ​ទាំង​អស់ហើយ​។​

​លោក ស៊ិ​ក ប៊ុន​ហុក បាន​និយាយថា ដើមបណ្តឹង​ទាំងអស់ បើ​មិន​ទទួលយក​សេ​ក្តី​សម្រេច​របស់ គជប អាច​ប្តឹងតវ៉ា​បន្តទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​ចំណាត់ការ​ចុងក្រោយ​។ នៅ​ថ្ងៃទី​១៨ ខែមករា​នេះ គជប នឹង​ពិនិត្យ​បណ្តឹង ១៦​ទៀតផង​៕

Tag:
 គជប​
  បោះឆ្នោត​ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com