ជាតិ
លទ្ធផល​កំណាយ​ស្ពាន​ហាល​អង្គរវត្ត​បង្ហាញថា​ធ្លាប់បាន​ជួសជុល​៤​លើក​មកហើយ​
18, Jan 2017 , 2:37 pm        
រូបភាព
​សៀមរាប​៖ ដោយ​គោរព​តាម​អនុសាសន៍​ពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) មុននឹង​ធ្វើការ​ជួសជុល គឺ​តម្រូវ​ឲ្យ​មាន​កំណាយ​សាកល្បង​មួយ ដើម្បី​ដឹង​ពី​ស្ថានភាព​ជាក់ស្តែង​របស់​ស្ពាន​បុរាណ​។ ក្រុមការងារ​បានសម្រេច​បើក​រណ្តៅ​នៅលើ​ស្ពាន​ហាល​ខាងលិច​ចំនួន​២​កន្លែង ដែលជា​លទ្ធផល​បាន​បង្ហាញថា ស្ពាន​នេះ​ធ្លាប់បាន​ជួសជុល​ចំនួន​៤ តាំងពី​សាងសង់​រួចមក​។



​គម្រោង​ជួសជុល​ស្ពាន​ហាល​ខាងលិច​ក្នុងដំណាក់កាល​ទី​២ ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន កំពុង​ចាប់ផ្តើម​រៀបចំ​បណ្តើរៗ​ហើយ​។ អ្នកជំនាញ​នឹង​យក​លទ្ធផល​ដែល​បាន​ពី​ការធ្វើ​កំណាយ ដើម្បី​ដាក់​ជជែក​នៅក្នុង​កិច្ចប្រជុំ ICC-Angkor ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២៤-២៥ មករា ខាងមុខនេះ​។​



​លោក អន សុភាព ប្រធាន​ក្រុមការងារ​ជួសជុល​ស្ពាន​ហាល​ខាងលិច​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៨ មករា ឆ្នាំ​២០១៧​ថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញ​លទ្ធផល​មួយចំនួន ដែល​បាន​ពី​ការធ្វើ​កំណាយ​នៅលើ​ស្ពាន​ហាល​។ លោក​បន្ថែមថា គេ​បានដឹង​ពី​ស្ថានភាព​ថ្ម ក៏ដូចជា​ការស្រុតចុះ​នៃ​ថ្ម និង​ការខូចខាត​ជញ្ជាំង​ថ្មបាយក្រៀម ដែលជា​ជញ្ជាំង​ស្ពាន​ហាល​។​

​លោក អន សុភាព បាន​បន្ថែមទៀតថា ក្នុង​លទ្ធផល​កំណាយ​នេះ​ទៀតសោត ក៏បាន​បង្ហាញថា ស្ពាន​ហាល​ដែលមាន​ប្រវែង​ប្រមាណ​២០០​ម៉ែត្រ​នេះ ធ្លាប់បាន​ធ្វើការ​ជួសជុល​៤​ដំណាក់កាល​មកហើយ​។ ដំណាក់កាល​ទី​១  គឺ​ស្ពាន​នេះ​ធ្លាប់​ជួសជុល​ក្នុងសម័យ​ក្រោយ​អង្គរ​។ ដំណាក់កាល​ទី​២ ការជួសជុល​នៅ​ដើម​ទសវត្ស​ទី​៥០ ដែល​ជួសជុល​ដោយ​បារាំង នៅ​ចំហៀង​ខាងជើង​ផ្នែក​ខាងកើត ដែល​ការជួសជុល​នៅពេលនោះ​មានការ​ប្រើ​បេតុង​ច្រើន​។ ដំណាក់កាល​ទី ៣ ការជួសជុល​នៅ​សម័យ​បារាំង​ដែរ នៅ​ពាក់កណ្តាល​ផ្នែក​ខាងត្បូង​។ និង​ដំណាក់កាល​ទី​៤ ការជួសជុល​ពី​ឆ្នាំ ១៩៩៦​ដល់ ២០០៧ ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា និង​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ផ្នែក​ខាងជើង ក្នុងដំណាក់កាល​ទី​២​។​

​សម្រាប់​គម្រោង​ជួសជុល​ស្ពាន​ហាល​ដែល​កំពុង​ធ្វើ​បច្ចុប្បន្ននេះ ក៏​ជា​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ជួសជុល​ផ្នែក​ខាងជើង​ក្នុងដំណាក់កាល​ទី​២ មាន​ប្រវែង​១០០​ម៉ែត្រ​។ គម្រោង​នេះ គ្រោង​នឹង​ប្រើប្រាស់​រយៈពេល​៤​ទៅ​៥​ឆ្នាំ រាប់​ចាប់​ពីថ្ងៃ​ចុះ​អនុស្សារណៈ​កាលពី​ខែឧសភា ឆ្នាំ​២០១៦ រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​។​



​លោក អន សុភាព បាន​លម្អិត​ពី​លទ្ធផល​ចំនួន​ទៀត ដែល​បាន​ពី​ការបើក​រណ្តៅ​កំណាយ​ស្ពាន​ហាល​។ គេ​សង្កេតឃើញ​ស្ថានភាព​ស្ពាន​ហាល​មាន​រចនាសម្ព័ន្ធ​ស្មុគស្មាញ​មួយចំនួន ដូចជា ការជួសជុល​នៅក្រោយ​សម័យអង្គរ​មិនបាន​រៀប​ថ្ម និង​ពង្រឹង​គ្រឹះ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​គ្រាន់តែ​ប្រមូល​កំទេចកំទី​ដែលមាន​ស្រាប់​ចាក់​បំពេញ​តែប៉ុណ្ណោះ​។ ចំណែក​ជញ្ជាំង​ថ្មបាយក្រៀម​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ក្នុងនោះ មានតែ​ស្រទាប់​ទី​៤​ឡើងលើ​តែប៉ុណ្ណោះ​ដែល​នៅ​រក្សា​គុណភាព​បានល្អ​។​

​គេ​មិនទាន់​ដឹងថា តើ​ការងារ​ជាក់ស្តែង​នៃ​ដំណើរការ​ជួសជុល​ស្ពាន​ហាល​នឹងធ្វើ​ដោយ​របៀប​ណា​នោះទេ ដោយ​គេ​នឹង​រង់​ចាំមើល​ការសម្រេច​របស់​គណៈកម្មាធិកា​រ ICC-Angkor​។ តាម​ការបញ្ជាក់​របស់​លោក អន សុភាព អ្នកជំនាញការ​របស់ ICC-Angkor គ្រោង​ចុះ​មើល​ការដ្ឋាន​កំណាយ​ស្ពាន​ហាល​នៅ​ថ្ងៃទី​២០ មករា ខាងមុខនេះ​៕


Tag:
 ស្ពាន​ហាល​អង្គរ​
  អន សុភាព​
  ICC-Angkor
© រក្សាសិទ្ធិដោយ thmeythmey.com