អន្តរជាតិ
ភាពល្បីល្បាញ​មិនមែនជា​រឿង​ថ្មី​សម្រាប់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​នោះទេ​
20, Jan 2017 , 8:39 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ មាគ៌ា​មិន​ទំនងជា​ទទួលបាន​ជោគជ័យ​របស់លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​សេត​វិមាន បានចាប់ផ្តើម​ពី​ច្រកចូល​នៃ​សណ្ឋាគារ​របស់លោក​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ខែមិថុនា ដោយ​លោក​បានប្រកាសថា លោក​មាន​ចំណាប់អារម្មណ៍​ធ្វើជា​ប្រធានាធិបតី​។ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា «​ខ្ញុំ​ឈរឈ្មោះ​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​អាមេរិក ហើយ​យើង​នឹងធ្វើ​ឲ្យ​ប្រទេស​របស់​យើង​អស្ចារ្យ​ជាថ្មី​ម្តង​ទៀ​ត‍​»​។​



​អ្នកជំនួញ​ដែល​មិន​ធ្លាប់​កាន់តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​រូបនេះ នឹង​មានឱកាស​កាន់តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល នៅពេលដែល​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក​។

​មានកំណើត​ក្នុង​សង្កាត់ Queens ទីក្រុង​ញូវយ៉ក លោក ត្រាំ កើត​ក្នុង​គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ​មួយ ដែលមាន​ឪពុក​ជា​អ្នករកស៊ី​ខាង​អចលនទ្រព្យ គឺ​លោក Fred ដែលជា​អ្នកមាន​ឥទ្ធិពល​សំខាន់​ម្នាក់​កាលពី​ដើមឡើយ​។​

​លោក Bart Rossi អ្នក​ចិត្ត​វិទ្យា​ខាង​នយោបាយ​បាន​និយាយថា «​ឪពុក​របស់លោក ត្រាំ ផ្តាច់ការ​ខ្លាំងណាស់ មានការ​ទាមទារ​ខ្ពស់ និង​ជា​មេដឹកនាំ​។ ប្រាកដ​ណាស់ លោក ត្រាំ មាន​លក្ខណៈ និង​អត្តចរិត​កាត់​តាម​ឪពុក​របស់​លោ​ក‍​»​។​

​លោក ត្រាំ ទទួលបាន​ជោគជ័យ​នៅក្នុង​ជំនួញ​ខាង​អចលនទ្រព្យ​ដែល​ប្រថុយប្រថាន​ខ្ពស់​នៅក្នុង​សង្កាត់ Manhattan​។

​ការងារ​របស់​លោ​ករួ​ម​មាន ភាពជោគជ័យ​ដែល​ល្បីល្បាញ​ខ្លាំង សាងសង់​អគារ ត្រាំ បង្ហាញ​ពី​ទេពកោសល្យ​បង្កើត​ម៉ាក​ផ្ទាល់ខ្លួន និង​ការយល់ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ក្រោយ​មកជួយ​ដល់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​។ លោក Edward Mermelstein មេធាវី​នៃ​ក្រុមហ៊ុន RHEEM, BELL & MERMELSTEIN បាន​មានប្រសាសន៍ថា «​ការធ្វើ​ជំនួញ​នៅក្នុង​ទីក្រុង​ញូវយ៉ក​តម្រូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ដែល​ខ្លាំង និង​មានការ​លើកទឹកចិត្ត​ខ្ពស់ ហើយ​លោក​គឺមាន​លក្ខណៈ​ជា​អ្នកជំនួញ​នៅ​ទីក្រុង​ញូ​វ​យ៉​ក‍​»​។​

​បរាជ័យ​គួរ​ឲ្យ​កត់សម្គាល់​មួយចំនួន​របស់លោក ត្រាំ មានដូចជា កាស៊ីណូ​ដែល​ក្ស័យធន អចលនទ្រព្យ​មួយ​ក្ស័យធន​ដែល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់លោក​យ៉ាងខ្លាំង និង​ការចោទប្រកាន់​សាកលវិទ្យាល័យ ត្រាំ របស់លោក ពីបទ​បោកប្រាស់​ជាដើម​។​

​លោក ត្រាំ បាន​រៀប​អាពាហ៍ពិពាហ៍​បី​ដង លែងលះ​ជា​សាធារណៈ​ពីរដង និង​កូនប្រុស​ស្រី​៥​នាក់ ជា​អ្នកដើរតួ​សំខាន់​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​។ ជីវិត​ឯកជន​របស់លោក ត្រាំ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ដូចជា​ការធ្វើ​ជំនួញ​របស់លោក​ដែរ​។​

​ប៉ុន្តែ​កម្មវិធី «The Donald» ទទួលបាន​ការពេញនិយម​ឡើងវិញ​កាលពី​អំឡុង​ឆ្នាំ​២០០០ ជាមួយនឹង​ការបង្ហាញ​ពី​ជីវិត​ពិត​តាម​កញ្ចក់​ទូរទស្សន៍ និង​ការលើកឡើង​ពី​នយោបាយ​ជាតិ ដែល​អះអាងថា លោក​ប្រធានាធិបតី អូ​បា​ម៉ា មិន​បានកើត​នៅក្នុង​សហរដ្ឋអាមេរិក​ទេ​។ ប៉ុន្តែ​ក្រោយមក លោក ត្រាំ បាន​បដិសេធថា​មិនបាន​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ​ទេ នៅក្នុង​យុទ្ធនា​ការបោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​របស់លោក​។

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា «​លោកស្រី Hillary Clinton និង​យុទ្ធនាការ​កាលពី​ឆ្នាំ​២០០៨​របស់លោក​ស្រី​បាន​បង្កើត​បញ្ហា​ចម្រូងចម្រាស​ទៅលើ​ទីកន្លែង​កំណើត​នេះ​ឡើង​។ ហើយ​ខ្ញុំ​ជា​អ្នក​ត្រូវ​បញ្ចប់​វ‍ា​»​។​

​លោក ត្រាំ បាន​យកឈ្នះ​លើ​គូប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន​១៦​នាក់ ដើម្បី​ទទួលបាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី តាមរយៈ​សារ​មួយ​ដែល​លើកឡើង​ពី​កង្វល់​របស់​អ្នកបោះឆ្នោត​។​

​លោក MICHAEL KRANISH សហ​អ្នកនិពន្ធ​នៃ​សៀវភៅ Trump Revealed បាន​និយាយថា «​លោក​បានលើកឡើង​ពី​កង្វល់​ដ៏​ធំ​នេះ ដែល​បាន​កើតមាន​អស់​ពេល​មួយរយៈ​មកហើយ​»​។​

​ប៉ុន្តែ​លោក​ក៏បាន​សាកល្បង​ចង់ដឹង​មតិ​សាធារណជន​ដោយ​បានធ្វើ​អត្ថាធិប្បាយ​អំពី​ជនជាតិ​ម៉ិចស៊ិក​ផងដែរ​។​

​លោក ត្រាំ បាន​មានប្រសាសន៍ថា «​ពួក​ម៉ិចស៊ិក​នាំយក​ថ្នាំញៀន​មកជា​មួយ​។ ពួកគេ​នាំយក​ឧក្រិដ្ឋកម្ម​មកជា​មួយ​។ ពួកគេ​គឺជា​អ្នករំលោភ​សេពសន្ថវៈ​»​។​

​ចំពោះ អ្នក​កាន់សាសនា​ឥស្លាម លោក ត្រាំ បាន​និយាយថា «​ផែនការ​អន្តោប្រវេសន៍​ដ៏​អន្តរាយ​របស់លោក​ស្រី Hillary Clinton នឹង​នាំ​ជនអន្តោប្រវេសន៍​ឥស្លាម​ជ្រុលនិយម​ជាច្រើន​នាក់​ទៀត​មក​ក្នុងប្រទេស​នេះ ដែល​មិន​ត្រឹមតែ​គំរាម​ដល់​សង្គម​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​គំរាម​ដល់​ជីវិត​រស់នៅ​របស់​យើង​ទាំងមូល​ទៀតផង​»​។

​ចាប់តាំងពី​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​មក លោក ត្រាំ រាង​បន្ទន់​អត្ថាធិប្បាយ​របស់លោក ប៉ុន្តែ​ការវាស់ស្ទង់​ពី​ឥទ្ធិពល​នៃ​ពាក្យសម្តី​របស់លោក​ទៅលើ​សង្គម​អាមេរិក និង​ជំហរ​របស់​អាមេរិក​នៅ​ក្នុង​ពិភពលោក នឹងត្រូវ​រង់ចាំ​រហូត​ដល់​លោក​ចាត់វិធានការ​បន្ទា​ប់​ពី​ស្បថ​ចូលកាន់​តំណែង​រួចហើយ​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com