អន្តរជាតិ
សារ​«​ជាង​២​នាទី​»​របស់ Trump បញ្ចប់​ក្តីសង្ឃឹម​រពឹង​ពាណិជ្ជកម្ម TPP របស់​សិង្ហ​បុរី និង​វៀតណាម ស្ថិតនៅក្នុង​ដំណាក់កាល​ចុងក្រោយ
20, Jan 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​គោលនយោបាយ​«​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​»​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​នឹងធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​មួយ​ភាគ​ពេញចិត្ត​។


ក៏ប៉ុន្តែ​វា ក៏​ធ្វើ​ឲ្យ​បណ្តា​ដៃគូ​សហប្រតិបត្តិការ​ជិតស្និទ្ធ​រួមមាន​ទាំង​បណ្តា​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ដែល​កសាងឡើង​តាមរយៈ​រដ្ឋបាល​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវ​បាត់បង់​ក្តី​រពឹង និង​ក្តីសង្ឃឹម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាច្រើន​ឆ្នាំ​។ហើយ​នោះ​គឺ​ដោយសារតែ​ផែនការ​នៃ​ការដក​សមាជិកភាព​ចេញពី TPP របស់លោក ដូ​ណា​ល់ ត្រាំ​នោះឯង​។

​នៅសល់​ពេល​មិន​ច្រើន​ទៀត​នោះទេ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥​ជា​ផ្លូវការ​ហើយ​។ លោក នឹង​កាន់តំណែង​ផ្លូវការ​នៅ​ថ្ងៃទី​២០ មករា​នេះ​។ ទន្ទឹមនឹង​ការ​ជិត​មកដល់​នោះ គេ​មិន​នៅ​មិនទាន់​ភ្លេច​ឡើយ​នូវ​សុន្ទរកថា​របស់លោក​នៅ​ចុងឆ្នាំ​២០១៦​កន្លងទៅ ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​នៃ​ការបញ្ចប់​សមាជិកភាព​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​នោះ​។

​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំមុន បានបង្ហាញ​ពី​ផែនការ​ដែលជា​គោលនយោបាយ​ត្រូវអនុវត្ត​របស់លោក​ក្នុងពេល​ចូលកាន់​តំណែង​ផ្លូវការ​នៅ​សេត​វិមាន​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង​តាមរយៈ​វីដេអូ​ឃ្លី​ប​ជាង​២​នាទី និង​៣៧​វី​នាទី​។ តាមរយៈ​វីដេអូ​ឃ្លី​ប​នោះ លោក​ប្រធានាធិបតី បាន​សន្យា​ដាក់​ផលប្រយោជន៍​អាមេរិក​ជាគោលការណ៍​អាទិភាព ដោយ​ស្រោចស្រង់ និង​បង្កើត​ការងារ​ឲ្យ​កាន់​ច្រើន ចរចា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម បង្កើត​ច្បាប់ និង​បញ្ជា​ថ្មី​មួយចំនួន និង​គោលនយោបាយ​មួយចំនួន​ផ្សេងទៀត​ដែល​លោក ធ្លាប់​សន្យា​ក្នុង​យុទ្ធនាការ​បោះឆ្នោត​កន្លង​ទៅ​។

​អ្វី​គួរកត់សម្គាល់ លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​រូបនោះ ក៏បាន​បញ្ជាក់​ពី​គោលជំហរ​មិន​ប្រែប្រួល​របស់លោក​ជាថ្មី​ពាក់ព័ន្ធ​នឹង​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម «​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ឬ ហៅ​កាត់​ថា TPP» ផងដែរ​។ លោក លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ នឹង​ចេញ​សេចក្តីជូនដំណឹង​ពាក់ព័ន្ធ​នឹង​ការសម្រេច​ក្នុងការ​ដកខ្លួន​ចេញពី TPP ដែលជា​មហន្តរាយ​សម្រាប់​ប្រទេស​យើង​។ យើង នឹង​ចរចា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ដែលមាន​តម្លាភាព ដែល​នាំមក​នូវ​ការងារ និង​ឧស្សាហកម្ម​នៅក្នុង​ទឹកដី​អាមេរិក​ជំនួស​វិញ​»​។

​សារ​បញ្ជាក់​ពី​ជំហរ​ចុងក្រោយ​របស់លោក ត្រាំ លើ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ហាក់ដូចជា​បញ្ចប់​ក្តីសង្ឃឹម​របស់​បណ្តា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ ដែល​រួមមាន​ទាំង​សិង្ហ​បុរី និង​វៀតណាម ដែល​ធា្ល​ប់​រំពឹងថា លោក ត្រាំ អាច​ផ្លាស់ប្តូរ​ចិត្ត​ហើយ​ងាក​មក​បន្ត​ការចរចា TPP វិញ​នោះ​។

​មុន​មួយថ្ងៃ​នៃ​ការចេញ​វីដេអូ​ពី​គោលនយោបាយ​របស់លោក ត្រាំ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពី​«​ក្តីសង្ឃឹម​ខ្លះៗ​នៃ​ការផ្លាស់ប្តូរ​ចិត្ត​របស់លោក ត្រាំ លើ​TPP» នៅក្នុងពេល​លោក ចូលរួម​កិច្ចប្រជុំ APEC ដែល​កន្លែង​ដែល​មេដឹកនាំ​ពិភពលោក ក៏​ផ្តោត​សំខាន់​លើ​កិច្ចព្រមព្រៀង​នេះ​ផងដែរ​នោះ​។ 

​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖« TPP ដែល​គ្មាន​អាមេរិក មានន័យថា វា នឹង​ក្លាយជា​កិច្ចព្រមព្រៀង​មួយ​ថ្មី​។ មានន័យថា ភាគី​សរុប ១២-១ នឹងត្រូវ​បន្តទៅ​មុខ​ទាំងអស់គ្នា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែលមាន​លក្ខខណ្ឌ​នៃ​ការចូល​ជា​ធរមាន​ផ្សេងៗ​គ្នា​។ ហើយ វា ក៏​ជាការ​ចរចា​មួយ​ថ្មី ដែល វា ក៏​មិន​ងាយស្រួល​ក្នុងការ​ធ្វើ​ដែរ​»​។ លោក បន្តទៀតថា​៖ យើង មិនទាន់​ទៅដល់​ស្ពាន​(​ដំណាក់កាល​ចរចា​ថ្មី​)​នោះ​នៅឡើយ​ទេ​។ យើង នឹង​ឆ្លងកាត់​វា ប្រសិន ស្ថានភាព​នោះ​ពិតជា​កើតឡើង​មែន​»​។ លោក ថែមទាំង​ពន្យល់ថា ក្នុងការ​បោះឆ្នោត​អាមេរិក​មុនៗ បានបង្ហាញ​ឲ្យ​ឃើញថា គោលជំហរ​ដែល​ចេញ​ក្នុងពេល​យុទ្ធនាការ​បោះឆ្នោត បាន​ផ្លាស់ប្តូរ​នៅពេល ប្រធានាធិបតី​ជាប់ឆ្នោត ចូលកាន់​កាប់​តំណែង​។ តែ​លោក ត្រាំ ប្រហែលជា​មិន​ប្រែប្រួល​ឡើយ !

​ស្រដៀង​ទៅនឹង​សិង្ហ​បុរី វៀតណាម ដែលជា​មិត្ត​អាស៊ាន និង​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះដែរ​នោះ ក៏​ធា្ល​ប់​បានបង្ហាញ​ទាំង​ការត្រៀមខ្លួន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ថ្មី និង​ក្តីសង្ឃឹម​ខ្លះ ប្រសិន TPP អាច​ទៅមុខ​នោះ​។ យោងតាម​សារព័ត៌មាន Jakarta Post រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម លោក Tran Tuan Anh បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ TPP នៅតែ​បន្ត​អនុវត្ត និង​ដំណើរការ​ទៅមុខ នោះ វៀតណាម នឹង​អាច​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​ពហុ​វិស័យ​។ ផលិតផល​នាំចេញ​ចម្បង​របស់​វៀត​ណា​ម​ដូចជា វាយ​ន​ភណ្ឌ កាត់ដេរ ស្បែកជើង និង​អាហារ​សមុទ្រ នឹង​កាន់តែ​កើនឡើង​ទៅកាន់​អាមេរិក ជប៉ុន និង​កាណាដា ដែលជា​សមាជិក​របស់ TPP​។ ផ្ទុយទៅវិញ ប្រសិនបើ TPP មិន​ដំណើរការ​ទៅមុខ វៀតណាម នៅតែ​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​ផ្សេងទៀត​ដដែល​»​។

​សូម​ជម្រាប​ផងដែរ​ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ឬ ហៅថា​TPP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល បង្កើតឡើង​ដោយ​រដ្ឋ​ភាគី​ទាំង​១២​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ ភាគី​ទាំង​១២​រួមមាន អាមេរិក អូស្ត្រាលី ព្រុយ​ណេ កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​ហ្សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង វៀតណាម​ផងដែរ​។ កិច្ចព្រមព្រៀង​នេះ ទើបតែ​ទទួល​ហត្ថលេខា​ពី​បណ្តា​ប្រទេស​ទាំង​ដប់​ពីរ​នៅ​ចុងឆ្នាំ​២០១៥​ប៉ុណ្ណោះ បន្ទាប់ពី ភាគី​ពាក់ព័ន្ធ បាន​ចរចា​ជាសម្ងាត់​អស់​រយៈពេល​ជាង​៥​ឆ្នាំ​ហើយ​នោះ​។

​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​រំពឹងថា​មាន​ទំហំ​សរុប​ប្រមាណ​៤០​ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក​នេះ ផ្តោត​សំខាន់ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ការលុបបំបាត់​របាំង​ពន្ធគយ​លើ​ទំនិញ​រាប់ម៉ឺន​មុខ ការកំណត់​បទដ្ឋាន​ព​លកម្ម​និង​បរិស្ថាន និង ការការពារ​កម្មសិទ្ធិ​បញ្ញា​ផងដែរ​។ ។ កិច្ចព្រមព្រៀង​នេះ មិនទាន់​ទទួលបាន​សច្ចាប័ន​ពី​សភា​អាមេរិក​ឡើយ បើទោះបីជា​រដ្ឋបាល លោក អូ​បា​ម៉ា ព្យាយាម​បញ្ចុះបញ្ចូល​យ៉ាងណាក៏ដោយ​។ កិច្ចព្រមព្រៀង​នេះ អាច​ចូល​ជាធរ​មានបាន លុះត្រា តែ​ទទួលបាន​សច្ចាប័ន​ពី​អាមេរិក​៕


Tag:
 អាមេរិក​
  វៀតណាម​
  សិង្ហ​បុរី​
  TPP
© រក្សាសិទ្ធិដោយ thmeythmey.com