ជាតិ
ព្រឹទ្ធសភា​សម្ពោធ​អគារ​ជំនួយ​ចិន​មួយ​ខ្នង​ដែលមាន​តម្លៃ​ជាង ៣​លាន​ដុល្លារ​
20, Jan 2017 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រឹទ្ធសភា បាន​បើកសម្ពោធ​អគារ​មួយ​ខ្នង កម្ពស់ ៣​ជាន់ ដែលជា​ជំនួយ​រដ្ឋាភិបាល​ចិន​មានតម្លៃ​ទឹកប្រាក់​ចំនួន ២២,២០០,០០០​យ័ន ស្មើនឹង ៣,៣៤៣,៣៧៥ ដុល្លារ​អាមេរិក នៅ​ថ្ងៃទី​២០ ខែមករា​នេះ ។​



​លោក អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​រាយការណ៍​អំពី ដំណើរការ​សាងសង់​អគារ​ខុទ្ទកាល័យ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​ថា អគារ​ខុទ្ទកាល័យ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​១​ខ្នង​នេះ មាន​កម្ពស់ ៣​ជាន់ មាន​ទំហំ ១,៥០០ ម៉ែត្រការ៉េ ក្នុងនោះ រួមមាន ការបំពាក់​សម្ភារ ឧបករណ៍​អេឡិចត្រូនិក សម្ភារ​ការិយាល័យ និង​ជណ្តើរយន្ត ដែលមាន​ទឹកប្រាក់​ចំនួន​២២,២០០,០០០ យ័ន ស្មើនឹង​៣,៣៤៣,៣៧៥ ដុល្លារ​អាមេរិក​។​

​តាម លោក អ៊ុំ សា​រឹទ្ធ អគារ​នេះ​ត្រូវបាន​សង់​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៦ រហូត​បញ្ចប់​ទៅតាម​កិច្ចសន្យា នៅ​ចុងខែ ធ្នូ​ឆ្នាំ​២០១៦ ក្រោម​គោលការណ៍​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន និង​កម្ពុជា​។​

​លោក ស្យុ​ង ប៉  ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បានចាត់ទុក​អង្គនីតិបញ្ញត្តិ​រួមចំណែក​មួយ​យ៉ាងសំខាន់ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​រវាង​សភា និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការគ្រប់គ្រង​នយោបាយ ការគ្រប់គ្រង​ប្រទេស ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​កាន់តែ​ស៊ីជម្រៅ​។​

«​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​អ្នកជិតខាង​ប្រកបដោយ​មិត្ត​ភាពជា​ប្រពៃណី និង​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។ លោក ស្យុ​ង ប៉ បញ្ជាក់​។​

​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​សន្យា​ប្រើប្រាស់​រាល់​ជំនួយ​ចិន​ឲ្យ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​ខិតខំ​បន្ត​ពូន​ជ្រុំ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អជា​ប្រពៃណី​ជាង​២​ពាន់​ឆ្នាំ​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​ប្រធានព្រឹទ្ធសភា​សង្ឃឹម​ថា រដ្ឋាភិបាល​ចិន​នឹង​បន្ត​ជួយ​ជា​បន្តបន្ទាប់​ទៀត​ដល់​ព្រឹទ្ធសភា ជាពិសេស ការគាំទ្រ​ក្នុង​ការជួយ​កសាង​អគារ​សាលប្រជុំ​ពេញអង្គ​ថ្មី​មួយ នាពេលខាងមុខ ដើម្បី តប​នឹង​តម្រូវការ​ចាំបាច់​ចំពោះមុខ និង​យូរអង្វែង​នៅក្នុង​ដំណើរ​ការកសាង​កម្ពុជា​ជា​នីតិរដ្ឋ ស្មើ​សិទ្ធិ​ស្មើមុខ​ជាមួយ​រដ្ឋ​ដទៃ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​។​

​តាម​របាយការណ៍​លោក អ៊ុំ សា​រឹទ្ធ ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតមកដល់​បច្ចុប្បន្ន ព្រឹទ្ធសភា បានទទួល​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន ១៤​លើក ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន ១៥,៩១៥,២៣៥,១៤ ដុល្លារ​អាមេរិក​៕





Tag:
 សាយ ឈុំ​
  ស្យុ​ង ប៉​
  ព្រឹទ្ធសភា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com