អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​សឹក​ថៃ បដិសេធ​សំណើ​ដែល​«​ចង់​ឲ្យ​យោធា​សន្យាថា​មិន​ធ្វើ​រដ្ឋប្រហារ​តទៅទៀត​»
20, Jan 2017 , 7:59 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ (ប្រភពរូបភាព៖ Chiangrai Times)
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ (ប្រភពរូបភាព៖ Chiangrai Times)
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​របប​សឹក​ថៃ បាន​ច្រាន​សំណើ​របស់​បក្សនយោបាយ ដែល​ទទូច​ឲ្យ​យោធា ចូលរួម​ជាមួយនឹង​បក្សនយោបាយ​នៅក្នុង​កិច្ចព្រមព្រៀង​អនុស្សារណៈ​យោគយល់​ស្តីពី​ការផ្សះផ្សារ​ជាតិ ដោយ​ឲ្យ​ក្រុម​យោធា ត្រូវ​សន្យាថា នឹងមិន​ធ្វើ​រដ្ឋប្រហារ​ទៀត​នោះ​។ ការច្រានចោល​នេះ ដោយ​របប​សឹក អះអាងថា យោធា គ្មាន​បំណង​ធ្វើ​រដ្ឋប្រហារ​អ្វី​ឡើយ ប្រសិនបើ​ប្រទេស ស្ថិតនៅក្នុង​ស្ថានភាព​ល្អ​នោះ​។



​លោក​ឧបនាយកមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​នៃ​កិច្ចព្រមព្រៀង​ផ្សះផ្សារ​ជាតិ Prawit Wongsuwon បាន​ប្រតិកម្ម និង​ច្រានចោល​សំណើ​ដែល​ចង់​ឲ្យ​យោធា​ចូលរួម​ចុះហត្ថលេខា​ជាមួយនឹង​បក្សនយោបាយ​ក្នុង​ការមិនធ្វើ​រដ្ឋប្រហា​រ​យោធា​ទៀត​នោះ​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​យោធា មិនចាំបាច់​ចុះហត្ថលេខា​(​លើ​កិច្ចព្រមព្រៀង​ផ្សះផ្សារ​ជាតិ​)​នោះទេ​។ ខ្ញុំ ចង់​បញ្ជាក់​អ្នក​ថា គ្មាន​នរណាម្នាក់​(​យោធា​) ចង់​ធ្វើ​រដ្ឋប្រហារ​នោះទេ លើកលែងតែ​ប្រទេស ស្ថិតនៅក្នុង​ស្ថានភាព​អាក្រក់ និង​ខ្វះ​ការ​យោ​យល់​គ្នា​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៩ មករា​។

​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ​នោះ ក៏បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ទៀតថា រដ្ឋប្រហារ​យោធា​អាចធ្វើ​ទៅបាន ក៏​លុះត្រាតែ​មានការ​គាំទ្រ​ពី​ប្រជាជន​ផងដែរ​។ សម្រាប់​លោក ក៏​ទទួលស្គាល់​ដែលថា រដ្ឋប្រហារ​យោធា ក៏​មិនមាន​អ្វី​ល្អ​ដែរ ដោយ​លោក​បន្ថែមទៀតថា លោក មិន​ប្រកាន់​ឡើយ​ប្រសិន មាន​នរណាម្នាក់​មកកាន់​តំណែង​លោក​នោះ​។ លោក សង្កត់ធ្ងន់ថា​៖«​មិនចាំបាច់​មានការ​ភ័យខ្លាច​ពី​រដ្ឋប្រហារ​ឡើយ ប្រសិនបើ​មិនមាន​ការគាំទ្រ​ឲ្យ​ធ្វើ​ពី​ប្រជាជន​នោះ​»​។ នេះ​បើ​យោង​ប្រភពព័ត៌មាន​ដដែល​នោះ​។

​ប្រតិ​ប​កម្ម​របស់​ប្រធាន​គណៈកម្មការ​រូបនេះ ធ្វើឡើង​បន្ទាប់ពី អតីតរដ្ឋមន្ត្រី​ការបរទេស Kasit Piromya ដែល​ចេញពី​បក្ស​ប្រជាធិបតេយ្យ និង​អតីត​សមាជិកសភា​នៃ​បក្ស​ភឿ​ថៃ Worachai Hema បានស្នើ​ឲ្យ​លោក បញ្ចូល​យោធា​នៅក្នុង​ភាគី​នៃ​កិច្ចព្រមព្រៀង​ផ្សះផ្សា ពិសេស​នោះ ឲ្យ​យោធា សន្យាថា នឹងមិន​ធ្វើ​រដ្ឋប្រហារ​យោធា​ទៀត​នោះ​។ គិត​ចាប់ពី​ឆ្នាំ​១៩៣២​នៃ​ការផ្លាស់​របប​ដឹក​នាំមក ថៃ​ធ្លា​ប់រង​នូវ​រដ្ឋប្រហារ​យោធា​ដោយ​ជោគជ័យ​១២​លើក​មកហើយ​។

​សូមបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​របប​សឹក​ថៃ គ្រោង​បង្កើត​កិច្ចព្រមព្រៀង ឬ​បទបញ្ជា​ថ្មី​មួយ ដោយ​ទាមទារ​ឲ្យ​មានការ​ចុះហត្ថលេខា​ពី​គណបក្សនយោបាយ និង​អង្គការ​ពាក់ព័ន្ធ​។ បទបញ្ជា​ថ្មី​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​កសាង​ទំនុកចិត្ត និង​ផ្សះផ្សា​ជាតិ និង​ជាពិសេស​នោះ ដើម្បី​ធានា​ឲ្យ​បាន​ថា គណបក្សនយោបាយ មិនត្រូវ​រំខាន​ការបោះឆ្នោត​នាពេល​អនាគត ឬ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ដែរនោះ​។​

​នៅ​ថ្ងៃទី​១៧ មករា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំ​សប្តាហ៍ បាន​ពន្យល់​ពី​ផែនការ​លម្អិត​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ផ្សះផ្សារ​ជាតិ​យ៉ាង​ដូច្នេះ​ថា​៖« បទបញ្ជា​នោះ គឺជា​កិច្ចព្រមព្រៀង​ដែល​ផ្តល់​ការទុកចិត្ត​ដល់​សង្គម ដែល​ក្រោម​បទបញ្ជា​នេះ អ្នក​ត្រូវតែ​ធ្វើ​អ្វីដែល​អ្នក​និយាយ​។ ឧទាហរណ៍​នោះ (​តាមរយៈ​កិច្ចព្រមព្រៀង​) យើង នឹងមិន​បង្កើត​ឲ្យ​មាន​ជម្លោះ​ទៀត​នោះទេ​, យើង នឹងមិន​រំខាន​ការបោះឆ្នោត​នាពេល​អនាគត ហើយ យើង នឹង​ទទួល​រដ្ឋាភិបាល​ដែល​ចេញពី​ការបោះឆ្នោត​»​។

​រដ្ឋាភិបាល​របប​សឹក ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ អូ​ចា ជា​ប្រមុខ បាន​ឡើង​កាន់អំណាច​បន្ទាប់ពី​លោក បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ក្រោម​ហេតុផល​ថា​រដ្ឋបាល​របស់លោក​ស្រី ធ្វើ​ឲ្យ​សង្គម​ថៃ ត្រូវ​បែកបាក់ និង​បែងចែក​និន្នាការ​នយោបាយ​។ ក្នុង​រដ្ឋបាល​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ លោក បាន​សន្យា​ផ្សះផ្សា​ជាតិ​ឡើងវិញ តាមរយៈ​ការបង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី និង​ច្បាប់​ពាក់ព័ន្ធ​មួយចំនួន រួមទាំង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​នៅ​ចុងឆ្នាំ​២០១៧ ឬ​ដើមឆ្នាំ​២០១៨​ខាងមុខនេះ​៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com