ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ស្វី​ស បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​
20, Jan 2017 , 8:59 pm        
រូបភាព
កម្ពុជា-ស្វីស
កម្ពុជា-ស្វីស
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ភាគី​ស្វី​ស ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​មាន​កាន់តែ​ធំ​ជាង​មុន ខណៈ​ទំហំ​ពាណិជ្ជកម្ម​បច្ចុប្បន្ននេះ មាន​ជាង​៣០​លាន​ដុល្លារ​។​



​ទន្ទឹមនឹងនេះ​ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ពិភាក្សាគ្នា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រៅប្រទេស (FTA) ជាពិសេស​ទិសដៅ​ជំរុញ​ឲ្យ​វិស័យ​ឯកជន​កម្ពុជា​-​ស្វី​ស ចូលរួម​ឲ្យ​បាន​ច្រើនឡើង ដូចជា​ការនាំ​ផលិតផល​ស្វី​ស ដែលមាន​គុណភាព​ចូល​កម្ពុជា និង​នាំ​ផលិតផល​កម្ពុជា​ដូចជា​អង្ករ​ចេញមក​ប្រទេស​ស្វី​ស​ផងដែរ​។​

​ក្នុងជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន លោកស្រី Doris Leuthard ប្រធានាធិបតី​នៃ​សហព័ន្ធ​ស្វី​ស សន្យា​ជំរុញ​ទេសចរណ៍​ស្វី​ស​ទៅ​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។ ហើយ​ប្រទេស​ស្វី​សនឹង​បន្ត​ជួយ ក្នុងការ​ពង្រឹង​សន្តិសុខ​ស្បៀង​ដល់​កសិករ ដោយ​ជំរុញ​អោយ​កសិករ​ខ្មែរ​ដាំ​ដំណាំ​ផ្សេងៗ​បន្ថែម​ក្រៅពី​ស្រូវ​។ ជាពិសេស​ជួយ​ពង្រឹងសមត្ថភាព​តួនាទី​របស់​សភា​កម្ពុជា តាម​ការស្នើសុំ​របស់រ​ដ្ឋា​ភិ​បាល​ទៀតផង​។​

​ក្រៅពីនេះ សម្តេច ហ៊ុន សែន បាន​អញ្ជើញ លោកស្រី​ប្រធានាធិបតី​ស្វី​សមក​ទស្សនៈកិច្ច​កម្ពុជា នៅពេល​វេលា​ដ៏​សមរម្យ​មួយ​នាពេលខាងមុខ​។ សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ប្រធានាធិបតី​ស្វី​ស ជួយ​ជំរុញ អ្នកវិនិយោគទុន​ស្វី​ស មក​ចូលរួម​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន ដែល​នឹងធ្វើ​នៅ​កម្ពុជា នៅ ខែ ឧសភា ឆ្នាំ ២០១៧ នេះ​ផងដែរ​៕


Tag:
 ​ហ៊ុន សែន​
 ​ ស្វី​ស​
  ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com