អន្តរជាតិ
សេដ្ឋី Jack Ma ប្រាប់ ត្រាំ​៖«​គ្មាន​អ្នកណា​លួច​ការងារ​អ្នកឯង​ទេ​, នេះ​វា​មកពី​អ្នកចំណាយ​លើ​សង្គ្រាម​ច្រើនពេក​»
20, Jan 2017 , 9:19 pm        
រូបភាព
​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​ព្រលះ ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ មួយ​ទំហឹង ដោយ​លោក​បញ្ជាក់ថា សេដ្ឋកិច្ច​អាមេរិក​ប្រឈម​បញ្ហា មិនមែន​មកពី​សកលភាវូបនីយកម្ម និង គ្មាន​អ្នកណា​លួច​ការងារ​ប្រជាជន​អាមេរិក​ឡើយ​។  គ្រប់យ៉ាង​វា​បណ្តាលមកពី​អាមេរិក​ខ្លួនឯង​ចំណាយលុយ​ច្រើនពេក​លើ​សង្គ្រាម​និង​យោធា មិនសូវ​គិត​ប្រជាជន​ខ្លួនឯង​។​



«​គ្មាន​ពី​ណា​គេ​លួច​ការងារ​អ្នកឯង​ទេ​, វា​មកពី​អ្នក​ចំណាយលុយ​ច្រើនពេក​លើ​យោធា​និង​ធ្វើ សង្គ្រាម​»​។ នេះ​ជាការ​លើកឡើង​របស់​ម​ហា​សេដ្ឋី​ចិន​ដ៏​ល្បីឈ្មោះ​លោក Jack Ma ដែលទំនងជាឆ្លើយតប​ប្រធានាធិបតី​ថ្មី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុងពេល​លោក​ជជែក​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ Davos សប្តាហ៍​នេះ​។​

​មហាសេដ្ឋី​ចិន Jack Ma បាន​ជួប​ប្រធានាធិបតី​ទី​៤៥ លោក ដូ​ណា​ល់ ត្រាំ កាលពីដើម​ខែមករា ហើយ​លោក​អះអាងថា​លោក​យល់ឃើញ​ខុសប្លែក​ពី​ប្រធានាធិបតី​អាមេរិក​រូបនេះ​។ លោក ដូ​ណា​ល់ ត្រាំ យល់ឃើញថា  សេដ្ឋកិច្ច​អាមេរិក​ធ្លាក់ចុះ ហើយ​ក្រុមហ៊ុន​ឧស្សាហកម្ម​អាមេរិក​ប្រឈម​បញ្ហា ហើយ​ប្រជាជន​អាមេរិក​បាត់បង់​ការងារ​ដោយសារ​ការបើក​រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក និង​នៅ​ចិន​។ លោក​បន្ទោស​ចិន និង​ម៉ិ​ក​ស៊ិ​ក​ចំពោះ​បញ្ហា​នេះ ហើយ​លោក​គំរាម​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ថែមទៀត​ផង​។​

​យោងតាម​ខ្សែអាត់​វីដេអូ​សន្និសីទ​សារ​ព័ត​មាន​ដែល​ចុះផ្សាយ​លើ​គេហទំព័រ World Economic Forum ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma បានលើកឡើង​ដូច្នេះ​ថា​៖ កន្លងមក អាមេរិក​ប្រឡូក​ក្នុង​សង្គ្រាម ១៣ ហើយ​ចំណាយលុយ​ប្រហែល ៤០,២ ទ្រី​លាន​ដុល្លារ​។ ចុះ​ម៉េច​បានជា​គេ​មិន​ចំណាយលុយ​នោះ​ខ្លះ​ដើម្បី​សង់​ហេដ្ឋារចនាសម្ព័ន្ធ​និង​ជួយ​ប្រជាជន​អាមេរិក​វណ្ណៈ​កណ្តាល​និង​វណ្ណៈ​ទាប​?»​។​

​លោក Jack Ma សង្កត់ធ្ងន់ថា បើ​អាមេរិក​បង្វែរ​ការប្រើប្រាស់​ហិរញ្ញវត្ថុ​ដែល​ខ្លួន​ចំណាយ​លើ​យោធា​និង​សង្គ្រាម មក​អភិវឌ្ឍ​ឧស្សាហកម្ម គ្រប់យ៉ាង​នឹង​ប្រសើរឡើង​ច្រើនជាង​បច្ចុប្បន្ន​ឆ្ងាយ​ណាស់​។​

​មហាសេដ្ឋី​រូបនេះ​ពន្យល់​បន្ថែមថា​៖ «​ទោះជា​អ្នកឯង​ពូ​កែ​យុទ្ធសាស្ត្រ​យ៉ាងណាក៏ដោយ​, អ្នកឯង​ត្រូវ​ចំណាយលុយ​ជួយ​ប្រជាជន​ខ្លួនឯង​។ តាំងពីក្មេង​មក​ខ្ញុំ​លឺឈ្មោះ​ក្រុមហ៊ុន​អាមេរិក​ធំៗ​មាន Ford, Boeing និង​ក្រុម​ហ៊ុនធំៗ​ដទៃទៀត​។ ហើយ​ដល់​រយៈពេល​១០​ឬ ២០​ឆ្នាំ​ចុង​ក្រោយនេះ​ខ្ញុំ​លឺសូរ​ឈ្មោះ Silicon Valley និង Wall Street​។ ដល់​ឆ្នាំ ២០០៨ វិបត្តិ​សេដ្ឋកិច្ច​កើតឡើង អាមេរិក​ខាតបង់​លុយ​១៩,២ ទ្រី​លាន​ម្នាក់ឯង ហើយ​ប្រជាជន​៣៤​លាន​នាក់​បាត់បង់​ការងារ​ទូទាំង​ពិភពលោក​។ ចុះបើ​យើង​យកលុយ​ដែល​ចំណាយ​លើ​តំបន់​មជ្ឈិមបូព៌ា​និង​លើ Wall Street  មក​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​អាមេរិក​វិញ​? មិនដឹងថា​វា​ផ្លាស់ប្តូរ​ច្រើន​ប៉ុណ្ណា​ទេ​»​។​

​វា​បង្ហាញ​ឲ្យ​ឃើញថា គ្មាន​អ្នកណា​លួច​ការងារ​ប្រជាជន​អាមេរិក​ឡើយ​។ គ្រប់យ៉ាង​មកពី​ការចំណាយ​ថវិកា​ច្រើន​ជ្រុល​លើ​រឿង​ធ្វើសង្គ្រាម​។  យោងតាម​របាយ​ត​ការណ៍​ស្រាវជ្រាវ​របស់​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​សន្តិភាព សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​ប្រហែល ៥៩៦ ពាន់​លាន​ដុល្លារ​ឬ​ស្មើ ៣,៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​លើ​ការចំណាយ​ផ្នែក​យោធា​ក្នុង​ឆ្នាំ ២០១៥​។ ការចំណាយ​នេះ​ខ្ពស់ជាង​ការចំណាយ​ប្រទេស​នានា​លើ​ពិភពលោក​។​

​លោក Jack Ma បានបញ្ជាក់​ចុងក្រោយ​ថា​៖« ដូច្នេះ​គ្មាន​ប្រទេស​ណា​លួច​ការងារ​ពី​អ្នក​ទេស​។ វា​ជា​យុទ្ធសាស្ត្រ​របស់​អ្នក​ខ្លួនឯង ហើយ​វា​បណ្តាលមកពី​អ្នក​មិនបាន​ប្រើប្រាស់​លុយ​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ​»៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Jack Ma
© រក្សាសិទ្ធិដោយ thmeythmey.com