ជាតិ
មេធាវី នឹង​ប្តឹង​ជំទាស់​ចៅក្រម​ស៊ើបសួរ ដែល​ទុក​រឿងក្តី​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ហួស​កាលកំណត់​
20, Jan 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅតែ​បន្ត​រក្សាទុក​សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ដោយ​ហួស​កាលកំណត់​។ មេធាវី គ្រោង​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​ចៅក្រម​ស៊ើបសួរ ដែល​មិន​ព្រម​បន្ត​នីតិវិធី​។



​មេធាវី គ្រោង​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​រក្សា​សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ដោយ​មិន​ដោះស្រាយ​។ មេធាវី បញ្ជាក់ថា បណ្តឹង​នេះ នឹងធ្វើ​ឡើង​នៅ​ស​ប្តា​ហ៏​ក្រោយ ប្រសិនបើ ចៅក្រម​ស៊ើបសួរ នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​សំណុំរឿង​របស់​មន្ត្រី​អាដហុក និង មន្ត្រី​គ​.​ជ​.​ប​។
​លោក សំ សុ​គង់ មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​អ្នក​ខាងលើ បាន​និយាយ​៖«​បើ​មួ​យស​ប្តា​ហ៏​ទៀត ចៅក្រម​ស៊ើបសួរ នៅតែ​មិនទាន់​ដោះស្រាយ យើង​នឹង​ប្តឹងទៅ​សាលាឧទ្ធរណ៍​»​។

​សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១៦​មកម្ល៉េះ​។ បន្ទាប់ពី​បញ្ចប់​នីតិវិធី​ខាងលើ ចៅក្រម​ស៊ើបសួរ មាន​រយៈពេល​យ៉ាងយូរ​២០​ថ្ងៃ ក្នុង​ការចេញ​ដីកា​ដំណោះស្រាយ ដោយ​សម្រេច​ថា ត្រូវ​លើកលែង​ការចោទប្រកាន់​លើ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ហើយដោះលែង​ពួកគេ ឲ្យ​មាន​សេរីភាព​ឡើងវិញ ឬក៏​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ ទាំងនេះ​គឺជា​លើកឡើង​របស់លោក សំ សុ​គង់ កន្លងមក​។​

​ដោយសារតែ សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​រក្សាទុក​ដោយ​ហួស​កាលកំណត់ មេធាវី ក៏បាន​ដាក់​លិខិត​ទៅកាន់​ចៅក្រម​ស៊ើបសួរ​ម្តង​រួចមកហើយ ដើម្បី​ស្នើ​ឲ្យ​ចេញ​ដីកា​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ចៅក្រម​ស៊ើបសួរ នៅតែ​មិនទាន់​ចេញ​ដីកា​ដំណោះស្រាយ​នៅឡើយ​ទេ បើទោះបីជា​ហួស​កាលកំណត់​ក៏ដោយ​។​

​មិនមែន​តែ​នីតិវិធី​ទេ ដែល​មិនទាន់​ដំណើរការ សូម្បីតែ​គម្រោង​នៃ​ការចរចា សុំ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ក៏​ជាប់គាំង​ដែរ​។ ក្រោយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមទាំង​លោក​មេឃុំ ស៊ា​ង ចែត ទទួលបាន​ព្រះរាជទាន​លើកលែងទោស ពី​ព្រះមហាក្សត្រ សាធារណជន​មួយចំនួន ហាក់​សង្ឃឹមថា មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប អាច​នឹងមាន​ឱកាស​បាន​រួចផុតពី​ការឃុំ​ឃាំង នៅ​ចុងខែ​ធ្នូ ឆ្នាំ ២០១៦ ផងដែរ​។

​ប៉ុន្តែ​ក្តីសង្ឃឹម​នេះ បាន​បាត់បង់​ទៅវិញ នៅពេលដែល​មេដឹកនាំ​គណបក្ស​ធំៗ​ទាំងពីរ​មិនបាន​ជួបពិភាក្សា​គ្នា​នោះឡើយ ក្នុង​រយៈពេល​ជាង ១ ខែ​មកនេះ​។ លើសពីនេះ ក្រសួងមហាផ្ទៃ ថែមទាំង ចេញមក​បដិសេធ ចំពោះ​មតិ​មហាជន ដែល​យល់ច្រឡំ​ថា សម្តេច ស ខេង បាន​សន្យា ថា​នឹង​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ថែមទៀត​។
 
​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មន្ត្រី​អាដហុក​ទាំង​៤​រូប រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការរង​រប​ស់គ​.​ជ​.​ប លោក នី ចរិយា បាន​ជាប់ពន្ធ​នាគារ ជាង៨ខែហើយ​។ មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ បើតាម​ការចោទប្រកាន់​របស់​តុលាការ អ្នក​ទាំង​ប្រាំ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា​៕


Tag:
 ADHOC
  NEC
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com