អន្តរជាតិ
ឡាវ​បញ្ចេញ​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​ស្ថាប័ន និង​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ
20, Jan 2017 , 9:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីឡាវ
លោកនាយករដ្ឋមន្ត្រីឡាវ
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ឡាវ បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​មន្ត្រី​ពុករលួយ ដែល​របាយការណ៍​នោះ ក៏បាន​រកឃើញថា មាន​មន្ត្រី​ជាច្រើន​ទាំង​នៅ​ថ្នាក់កណ្តាល និង​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​ចម្រុះ​ស្ថាប័ន បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​រូបភាព ហើយ វា ក៏បាន​បណ្តាល​ឲ្យ​បាត់បង់​ប្រភព​ហិរញ្ញវត្ថុ​ជាតិ​ជាច្រើន​ផងដែរ​។



​អាជ្ញាធរ​ជាតិ​ស៊ើបអង្កេត​នៃ​ឡាវ (SIA) បានបង្ហាញ​របាយការណ៍​ស្តីពី​សកម្មភាព​ពុករលួយ​របស់​មន្ត្រី​ថ្នាក់កណ្តាល និង​ថ្នាក់ក្រោម​ជាតិ ដែល​បាន​ស៊ើបអង្កេត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ របាយការណ៍​នោះ បាន​បង្ហាញថា មាន​មន្ត្រី​ទាំង​មកពី​វិស័យ​កសិកម្ម វិស័យ​ការងារ និង​សុខមាលភាព​សង្គម ប្រៃសនីយ៍ និង​ក្រសួង​សេដ្ឋកិច្ច បានធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​ជាច្រើន​លាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។

​របាយការណ៍​ដែល​ដកស្រង់​ដោយ​ប្រភពព័ត៌មាន​ដដែល​នោះ បាន​បង្ហាញថា តាមរយៈ​សកម្មភាព​អំពើពុករលួយ​របស់​ម​ន្ត្រី​ទាំងនោះ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ត្រូវ​ខាតបង់​ថវិកា​ជាច្រើន​លាន​ដុល្លារ ដែល​ក្នុងនោះ​តាមរយៈ​ស្ថាប័ន​កសិកម្ម ១១.៣ ទ្រី​លាន​គីប (​ប្រមាណ​ជាង​១​លាន​ដុល្លារ​), ក្រសួង​ប្រៃសនីយ៍ ២០ ទ្រី​លាន​គីប (​ប្រមាណ​២​លាន​ដុល្លារ​) និង​ជាច្រើន​លាន​ផ្សេងទៀត​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ការងារ​។

​ហើយ​តាម​បញ្ជាក់​របស់​អនុប្រធាន​នៃ​អាជ្ញាធរ​ជាតិ​ស៊ើបអង្កេត​នៃ​ឡាវ (SIA) មន្ត្រី​ពុករលួយ​ទាំងនោះ បានធ្វើ​សកម្មភាព​នោះ​តាមរយៈ សំណូក​សូកប៉ាន់ បំពាន​អំណាច គេង​បន្លំ​តាមរយៈ​ការសាងសង់ ការ​ក្លែងបន្លំ​ឯកសារ និង​ឆបោក​ទ្រព្យសម្បត្តិ​សាធារណៈ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ដដែល​នោះ​។

​រដ្ឋាភិបាល និង​បក្ស​កុម្មុយនីស្ត​ឡាវ បានចាប់ផ្តើម​យុទ្ធនាការ​រឹតបន្តឹង និង​ប្រឆាំង​អំពើពុករលួយ​ខ្លាំង​ចាប់ពី​ឆ្នាំ​២០១៤​មក ដោយ​ក្នុងនោះ មន្ត្រី​សាធារណៈ ត្រូវតែ​ប្រកាស​ពី​ទ្រព្យសម្បត្តិ​៕


Tag:
 ឡាវ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com