អន្តរជាតិ
«​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​» ធ្វើ​ឲ្យ​គ្រួសារ​អាស៊ាន មី​យ៉ាន់​ម៉ា​-​ម៉ាឡេស៊ី បន្ត​ប៉ះ​សម្តី​គ្នា​
23, Jan 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​វិបត្តិ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​«​រ៉ូ​ហ៊ីង​យ៉ា​» នៅតែ​បន្ត​ដិតដាម​ទំនាក់ទំនង​គ្រួសារ​អាស៊ាន​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ទាំង​នៅក្នុង​វេទិកា​អន្តរជាតិ​។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​រង​ការរិះគន់​ខ្លាំង​ពី​បណ្តា​សហគមន៍​អន្តរជាតិ​រឿង​ធ្វើ​ទុក​បុក​ម្នេញ​លើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ហាក់ដូចជា​មិនសូវ​បង្ហាញ​ចំណាត់ការ​ដោះស្រាយ ខណៈ​ម៉ាឡេស៊ី យកឈ្មោះ​ជា​ប្រទេស​កាន់សាសនា​ឥស្លាម បន្ត​ឈឺឆ្អាល និង​ការពារ​ជនជាតិភាគតិច​ទាំងនោះ​។

តើ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ នឹង​វិ​វត្ត​ទៅ​បែបណា បើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​មិនអាច​បញ្ចប់​?

​អនុរដ្ឋមន្ត្រី​ការពារជាតិ​មី​យ៉ាន់​ម៉ា​លោក Myint Nwe នៅ​ថ្ងៃទី​២៣ មករា ក្នុង​វេទិកា​សន្តិសុខ​នៃ​ប្រទេស​សិង្ហ​បុរី បាន​ទទូច​ឲ្យ​ពិភពលោក​ទុកពេល និង​ឱកាស​សម្រាប់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដើម្បី​ដោះស្រាយ​វិបត្តិ​ពាក់ព័ន្ធ​នឹង​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា ខណៈ​រឿង​ជនជាតិភាគតិច​នេះ ក្រៅពី​ត្រូវ​ចោទថា​ជាការ​បំពាន​សិទ្ធិមនុស្ស​ហើយ​នោះ ក៏​ជា​បញ្ហា​សន្តិសុខ​ដែល​អាច​ឲ្យ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ឆ្លៀតឱកាស​ចូលមក​នោះ​។

​តាម​របាយការណ៍​រប​ស់ម​ន្ត្រី​អង្គការសហប្រជាជាតិ មាន​ហិង្សា​បាន​ផ្តើម​កើតឡើង​នៅក្នុង​រដ្ឋ Rakhine ចាប់ពី​ថ្ងៃទី​៩ តុលា​ឆ្នាំមុន ដោយ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ក្រុម​ឧទ្ទាម ហើយ​បាន​បណ្តាល​ឲ្យ​មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា រាប់ពាន់នាក់​ភៀស​ខ្លូន​ចេញពី​មី​យ៉ាន់​ម៉ា​ទៅកាន់​ប្រទេសជិតខាង​។ ស្រប​ជាមួយនឹង​ព្រឹត្តិការណ៍​នេះ ក៏មាន​របាយការណ៍ ថា យោធា បាន​បំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុម​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា រាប់បញ្ចូល​ទាំង​បទល្មើស​រំលោភ សម្លាប់ និង​បង្ខំ​ឲ្យ​ចាក​ចេញពី​មី​យ៉ាន់​ម៉ា​ទៀតផង​។​

​យ៉ាងណាក៏ដោយ បន្ថែម​ពី​ការ​ច្រាន​របស់​រដ្ឋាភិបាល​កាលពី​ពេលមុនៗ លោក​អនុមន្ត្រី​ការពារជាតិ​មី​យ៉ាន់​ម៉ា ក៏បាន​ថ្លែង​ក្នុង​វេទិកា​ដែលមាន​ការចូលរួម​ពី​មេដឹកនាំ​អាស៊ាន​ថា មី​យ៉ាន់​ម៉ា ក៏បាន​ដឹងលឺ​ពី​របាយការណ៍​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​តំបន់​មាន​វិវាទ​ជនជាតិភាគតិច​នោះ​ផងដែរ​។ ហើយ​រដ្ឋាភិបាល ក៏​មិនបាន​លើកលែងទោស​ឲ្យ​ជន​ដែល​បំពាន​នឹង​រឿង​សិទ្ធិមនុស្ស​នោះ​ផងដែរ​។ តាម​ភ្នាក់ងារ​ព័ត៌មាន AFP លោក​អនុរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា​៖« ទាំង​រដ្ឋាភិបាល​យាំង​ហ្គូ​ន និង​សហគមន៍​អន្តរជាតិ គួរតែ​ផ្តោត​សំខាន់​លើ​ការស្វែងរក​ដំណោះស្រាយ​រយៈពេល​វែង និង​ទុកពេល​ឲ្យ​រដ្ឋាភិបាល​ដើម្បី​សម្រេច​កិច្ចការ​ប្រកបដោយ​ផ្លែផ្កា​ទៀតផង​»​។

​អ្វី​គួរកត់សម្គាល់​នោះ សេចក្តីថ្លែងការណ៍​រប​ស់មី​យ៉ាន់​ម៉ា ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សុន្ទរកថា​របស់​ប្រមុខ​ការពារជាតិ​ម៉ាឡេស៊ី ដែលមាន​វត្ត​មាននៅ​ទីនោះ​ផងដែរ​។ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី Hishammuddin Hussein បាន​ព្រមាន​ថា ប្រសិនបើ​បញ្ហា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា មិនអាច​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​នោះទេ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម នឹង​ឆ្លៀតឱកាស​ចូលមក​ដាក់​មូ​ល​ដ្ឋា​ន​នៅក្នុង​រដ្ឋ​អាស៊ីអាគ្នេយ៍​។ លោក សង្កត់ធ្ងន់ថា​៖«​លទ្ធភាព​(​វត្តមាន​រដ្ឋ​ឥស្លាម​) អាច​បណ្តាល​ឲ្យ​មានការ​ស្លាប់ និង​មហន្តរាយ​...»​។

​ថ្មីៗ​នេះ​ម៉ាឡេស៊ី ក៏បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយនឹង​ប្រទេស​អង្គការ​សហប្រតិបត្តិកា​រ​រដ្ឋ​ឥស្លាម​មួយ​នៅ​ម៉ាឡេស៊ី​ដើម្បី​ជជែក​ពី​បញ្ហា​«​រ៉ូ​ហ៊ីង​យ៉ា​»​។ នា​វេទិកា​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម (OIC) លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖« ការសម្លាប់ ត្រូវតែ​បញ្ឈប់​។ ការបំពាន​ទៅលើ​ស្ត្រី និង​កុមារ ត្រូវតែ​បញ្ឈប់​....​ការបំពាន​របស់​អ្នក (​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​) ទៅលើ​ជនជាតិ​ម៉ូ​ស្លី​ម ត្រូវតែ​បញ្ឈប់​»​។​

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ឈប់​ការរើសអើង និង​ការវាយប្រហារ​ទៅលើ​រ៉ូ​ហ៊ីង​យ៉ា​ជាបន្ទាន់ ហើយ អ្នក​ដែល​ល្មើស ក៏​គួរតែ​ត្រូវបាន​នាំខ្លួន​ដើម្បី​ប្រឈមមុខ​ច្បាប់​។ នាយករដ្ឋមន្ត្រី ក៏បាន​ប្រាប់​ទៅកាន់​មេដឹកនាំ​នៃ​ប្រទេស​ឥស្លាម​ទៀតថា ពួកគេ មិនអាច​ឈរ​នៅ​ស្ញៀ​ម និង​មិន​ធ្វើ​អី​បាន​នោះទេ ដ្បិត វា គឺជា​រឿង​ដ៏​ចាំបាច់​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ពី​សោកនាដកម្ម​មនុស្ស ក្នុងនាម​ជា​សំឡេង​សមូហភាព​របស់​ពិភព​ឥស្លាម​។​

​តាមពិតទៅ​ប្រទេស​អាស៊ាន​ដែល​កាន់សាសនា​ឥស្លាម មិនមែន​មានតែ​ម៉ាឡេស៊ី​ប៉ុណ្ណោះ​នោះទេ ពោលគឺ ព្រុយ​ណេ និង​ឥណ្ឌូណេស៊ី ដែល​គ្រួសារ​អាស៊ាន​ផងដែរ​នោះ ក៏​ជា​ប្រទេស​ប្រកាន់​សាសនា​ឥស្លាម​ផងដែរ​។ កន្លងមក មី​យ៉ាន់​ម៉ា ក៏​ធ្លាប់​ចោទ​ម៉ាឡេស៊ី​ថា ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ផងដែរ​។ ជាងនេះទៅទៀត​នោះ មី​យា់ន់​ម៉ា ថែមទាំង​ហ៊ាន​អះអាងថា ម៉ាឡេស៊ី ព្យាយាម​បង្វែរ​បញ្ហានយោបាយ​ក្នុងស្រុក តាមរយៈ​ការបង្កើន​ចលនា​ការពារ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​វិញ​៕


Tag:
 ម៉ាឡេស៊ី​
  មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com