ជាតិ
កម្ពុជា​មិន​យក​ថ្លៃ​ទិដ្ឋាការ សំបុត្រ​ជិះ​រថយន្ត និង​ទស្សនា​ប្រាសាទពី​ភ្ញៀវ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​
23, Jan 2017 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ទិដ្ឋាការ (VISA) សំបុត្រ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ទស្សនា​ខេត្តសៀមរាប និង​សំបុត្រ​ទស្សនា​ប្រាសាទបុរាណ​ខ្មែរ​ទាំងអស់ ឲ្យ​វាគ្មិន​បរទេស និង​អ្នកសេដ្ឋកិច្ច​ទាំងឡាយ​ដែល​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​នៅ​កម្ពុជា ដោយ​ឥតគិតថ្លៃ​។​



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​សេចក្តីសម្រេច​នេះ កាលពី​ថ្ងៃទី​២០ ខែមករា​នេះ នៅពេល​សម្តេច ជួប​លោក Klaus Schwab ស្ថាបនិក និង​ជា​ប្រធាន (World Economic Forum-WEF) នៅ​សាលសន្និសីទ Congress Center ក្នុង​ទីក្រុង​ដា​វ៉ូស (Davos) ប្រទេស​ស្វី​ស​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​លោក Klaus Schwab និង​សហការី​ដែល​ជួយ​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី អាស៊ាន​។ សម្តេច​បញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​កថា សម្តេច រីករាយ បន្ត​សហការ​ជាមួយ​លោក​ស្ថាបនិក WEF និង​សហការី ដើម្បី​ធ្វើ​ឲ្យ​កិច្ចប្រជុំ​នៅពេល​ខាងមុខនេះ​ទទួល បាន​ជោគជ័យ​។

​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​កម្ពុជា​ខាងមុខ ធ្វើឡើង​នាឱកាស​អបអរសាទរ​ខួប ៥០​ឆ្នាំ​របស់​អាស៊ាន និង​ការប្រមើលមើល​ពី​អនាគត​របស់​អាស៊ាន​ផងដែរ​។ កម្ពុជា​នឹង​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី អាស៊ាន នៅ​កម្ពុជា នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧ ខាងមុខ​៕


Tag:
 ​ហ៊ុន សែន​
  Klaus Schwab
  វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពី​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com