ជាតិ
អ្នក​បុរាណវិទ្យា​កំពុង​ធ្វើ​កំណាយ​លើ​ទីតាំង​ផលិត​លោហៈ​ទី​២​នៅ​តំបន់​អង្គរ​
23, Jan 2017 , 6:04 pm        
រូបភាព
​សៀមរាប​៖ ស្ថានីយ​ស្លដែក​បុរាណ​មួយកន្លែង ត្រូវបាន​ក្រុម​អ្នក​បុរាណវិទ្យា​ប្រទះឃើញ​កាលពី​ចុងឆ្នាំ​២០១៥​។ ថ្មីៗ​នេះ ស្ថានីយ​ទី​២ ត្រូវបាន​ប្រទះឃើញ​ដូចគ្នា ហើយ​វា​កំពុង​បាននិងកំពុង​ធ្វើ​កំណាយ ដើម្បី​សិក្សា​ពី​វិសាលភាព​ទាំងមូល​។



​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​បើក​កំណាយ​លើ​ទីតាំង​ស្លដែក​បុរាណ​មួយកន្លែង​ទៀត ដែលមាន​ទីតាំងនៅ​ភូមិ​សាលា​ក្រ​វ៉ាន់​។ ក្រុម​អ្នកស្រាវជ្រាវ​នឹង​បើក​កំណាយ​លើ​ស្ថានីយ​ស្លដែក​បុរាណ​ទី​២​នេះ ចាប់ពី​ថ្ងៃទី​២៣ មករា ដល់​ថ្ងៃទី​១ កុម្ភៈ ឆ្នាំ​២០១៧​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា គោលបំណង​សំខាន់​នៃ​ការបើក​កំណាយ​នេះ គឺ​ពិនិត្យមើល​រចនាសម្ព័ន្ធ​នៃ​ចង្ក្រាន​ស្លដែក ដើម្បី​បង្ហាញ​ពី​សារៈសំខាន់ និង​តម្រូវការ​លោហៈ​ដែល​ប្រើប្រាស់​នៅក្នុង​រាជធានី​អង្គរ ព្រមទាំង​ពិចារណា​ឡើងវិញ​អំពី​ប្រភព​ផ្គត់ផ្គង់​ដល់​អង្គរ ដែល​កន្លងមក​អ្នកស្រាវជ្រាវ​ធ្លាប់​គិតថា លោហៈ​បាន​នាំចូល​ពី​ប្រភព​ផ្សេង​។​

​គួររម្លឹកថា នៅ​ចុងឆ្នាំ​២០១៥ ក្រុម​ស្រាវជ្រាវ​ផ្លូវ​បុរាណ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​ស្ថានីយ​ស្លដែក​មួយកន្លែង ដែលមាន​ទីតាំងនៅ​ភូមិ​សាលា​ក្រ​វ៉ាន់ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ដែល​ស្ថិតនៅ​តំបន់​ការពារ​ទី​២​ក្នុង​រមណីយដ្ឋាន​អង្គរ​។ វា​គឺជា​ស្ថានីយ​ស្លដែក​ដំបូង​គេ​បង្អស់ ដែល​គេ​ប្រទះឃើញ​ក្នុង​តំបន់​អង្គរ​៕


Tag:
 ​ស្ថានីយ​ស្លដែក​
  អ៊ឹម សុខ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com