ជាតិ
២០១៨ កម្ពុជា និង​ឡាវ ព្រមព្រៀងគ្នា​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ជលផល​រួមគ្នា
23, Jan 2017 , 11:19 pm        
រូបភាព
Laos and Cambodia ក្រុមការងារគម្រោងគ្រប់គ្រងជលផលទន្លេមេគង្គ និងសេគង្គ មកពីប្រទេសកម្ពុជា និងឡាវ ពិភាក្សាជាមួយតំណាងសហគមន៏អំពីការគ្រប់គ្រងធនធានមច្ឆជាតិនៅខេត្ត អាតាពឺ ប្រទេសឡាវ
Laos and Cambodia ក្រុមការងារគម្រោងគ្រប់គ្រងជលផលទន្លេមេគង្គ និងសេគង្គ មកពីប្រទេសកម្ពុជា និងឡាវ ពិភាក្សាជាមួយតំណាងសហគមន៏អំពីការគ្រប់គ្រងធនធានមច្ឆជាតិនៅខេត្ត អាតាពឺ ប្រទេសឡាវ
ដោយ:
​ភ្នំពេញ​៖ ប្រទេស​ឡាវ និង​កម្ពុជា បាន​ព្រមព្រៀងគ្នា បង្កើត​ស្ថាប័ន​គ្រប់គ្រង​ជលផល​រួមគ្នា​មួយ នៅ​ដំណាច់ឆ្នាំ​២០១៨ ដើម្បី​ធានា​និរន្តរភាព​ជលផល​របស់​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​(MRC) ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៣ មករា​។

 

​កម្ពុជា និង​ឡាវ បាន​ពង្រឹង​កិច្ចការ​ឆ្លងដែន ការពារ​ជន​ផល​នៃ​ប្រទេស​ទាំងពីរ ឲ្យ​មាន​និរន្តរភាព ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​រាប់លាន​នាក់ ដែល​កំពុង​អាស្រ័យ​ផល​ពី​ធនធាន​មច្ឆជាតិ​នៃ​ទន្លេមេគង្គ និង​សេកុង។ គម្រោង​នេះ គឺធ្វើឡើង​បន្ទាប់​មាន​មន្ត្រី​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ និង​អាជ្ញាធរ​ជលផល​នៃ​ប្រទេស​កម្ពុជា និង​ឡាវ បាន​ទៅ​ទស្សនកិច្ច​រួមគ្នា​មួយ ទៅកាន់​ទន្លេមេគង្គ និង​សេកុង។

​ទន្លេមេគង្គ និង​សេកុង បាន​ភ្ជាប់​រវាង​ខេត្ត​ចំប៉ា​សាក់ និង​អា​តា​ពឺ​របស់​ឡាវ ជាមួយ​ខេត្តស្ទឹងត្រែង និង​ក្រចេះ របស់​កម្ពុជា​។

​លោក វ៉ា​ត់ បុត្ត​កុសល អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មានប្រសាសន៍ថា​៖ «​យើង​មាន​បញ្ហា និង​ក្តីកង្វល់​ដូចគ្នា ក្នុងការ​គ្រប់គ្រង​ជល​ផល ដែល​កំពុង​រង​ការ​គំរាម​គំហែង​ដោយសារ​សកម្មភាព​រប​ស់មនុស្ស និង​ការអភិវឌ្ឍ​ន៏​ហេដ្ឋារចនាសម្ព័ន្ធ​។ ដូច្នេះ ការពង្រឹង​កិច្ចសហការ សំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងពីរ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​»​។ 

​គម្រោង​គ្រប់គ្រង​ជលផល​នៅ​ទន្លេមេគង្គ និង​សេកុង នឹង​ពិភាក្សា​អំពី​សហប្រតិបត្តិ​ការឆ្លង​ដែន និង​ការអនុវត្ត​រួមគ្នា ដើម្បី​អភិរក្ស​ជីវចម្រុះ​នៃ​ទន្លេ​ទាំងពីរ​។ គម្រោង​នេះ​ស្ថិតក្នុង​ចំណោម គម្រោង​ទ្វេភាគី​ចំនួន​៥ ដែល​ផ្តល់​មូលនិធិ​ដោយ​ធនាគារពិភពលោក ក្រោម​ជំនួយ​បច្ចេកទេស​ពី MRC​។ 

​លោក អាន ពេជ្រ​ហ​ត្ត​ដា នាយក​ផ្នែក​ផែនការ របស់ MRC មានប្រសាសន៍ថា​៖«​គម្រោង​នេះ នឹង​រឹតចំណង​សហការ​រវាង​កម្ពុជា និង​ឡាវ​។ យើង​សង្ឃឹមថា វា​នឹង​នាំមក​នូវ​សកម្មភាព​រួម និង​សហប្រតិបត្តិការ​ដ៏​ទូលំទូលាយ ដែល​អនុញ្ញាត ឲ្យ​ប្រទេស​ទាំងពីរ ធ្វើការ​រួមគ្នា​ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​ពួកគេ​»​។​

​អ្នកជំនាញ​ផ្នែក​ជលផល​មកពី​ប្រទេស​ទាំងពីរ បានកំណត់ បញ្ហា​ចម្បងៗ ដូចជា​៖ ការនេសាទ​គ្មាន​និរន្តរភាព កង្វះ​ការអនុវត្ត​ច្បាប់​ជលផល និង​ការបាត់បង់​ជម្រក​ត្រី ជាដើម​។ ពូជ​ត្រី​ចំនួន​៥​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្ងាយ​ពី​ទីជម្រក នឹង​កំណត់​សម្រាប់​ការត្រួតពិនិត្យ​។ លើសពីនេះ ក្រុម​ទាំងពីរ ក៏បាន​ព្រមព្រៀង​ប្រើប្រាស់​វិធីសាស្ត្រ​តាមដាន និង​ត្រួតពិនិត្យ​ត្រី ដែល​បង្កើតឡើង​ដោយ MRC ផងដែរ​។ ប្រទេស​ទាំងពីរ​នឹង​ចាប់ផ្តើម​សកម្មភាព​ត្រួតពិនិត្យ និង​បណ្តុះបណ្តាល​ក្រុម​អ្នកនេសាទ អំពី​៖ ការ​ចងក្រង​សកម្មភាព​នេសាទ ឧបករណ៍​នេសាទ និង​កំណត់​ជម្រក​ត្រី​។ លទ្ធផល​ដ៏​ចម្បង​មួយទៀត​នោះ គឺ កម្ពុជា និង​ឡាវ បាន​ព្រមព្រៀង បង្កើត     ស្ថាប័ន​គ្រប់គ្រង​ជលផល​រួមគ្នា​មួយ នៅ​ដំណាច់ឆ្នាំ ២០១៨​។ ពួកគេ នឹង​ចាប់ផ្តើម​ពិភាក្សា​ពី​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ស្ថាប័ន​នេះ បញ្ហា​ហរិញ្ញវត្ថុ និង​ស្វែងយល់​ពី​តម្រូវការ​របស់​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​ភាពជោគជ័យ​ក្នុងការ​បង្កើត និង​ការអនុវត្ត​ផែនការ​ការពារ​ជលផល​រួមគ្នា​។

​លោក Viengsay Sophachan អ្នកសម្របសម្រួល​ថ្នាក់ជាតិ នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​ឡាវ និយាយថា​៖«​កិច្ចសហការ​នេះ នឹង​ជួយ​ឲ្យ​ធនធាន​មច្ឆា​ជាតិ​របស់​ប្រទេស​ទាំងពីរ​មាន​និរន្តរភាព​»​។  

ទន្លេ​សេកុង ហូរ​ពី​ប្រទេស​វៀតណាម កាត់​ប្រទេស​ឡាវ មុននឹង​ហូរ ចូល​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​ទន្លេមេគង្គ​។ ក៏ប៉ុន្តែ ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ទន្លេ​ទាំងពីរ កំពុង​រង​ការ​គំរាម​គំហែង ពី​ការកើនឡើង​នៃ​សកម្មភាព​នេសាទ​ខុសច្បាប់ គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត ព្រមទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ទំនប់​វា​រី​អគ្គិសនី​ផងដែរ​៕  


Tag:
 ឡាវ​
 ​ កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com