ជាតិ
កម្ពុជា និង​ព័រ​ទុយ​ហ្គា​ល់ ឯកភាព​ឲ្យ​មាន​កម្មវិធីសិក្សា​ភាសា​ព័រ​ទុយ​ហ្គា​ល់​
24, Jan 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ កម្ពុជា និង​ព័រទុយហ្កាល់ ឯកភាពគ្នា​ឲ្យ​មាន​ការដាក់​កម្មវិធីសិក្សា​ភាសារ​ព័រ​ទុយ​ហ្គា​ល់​នៅ​កម្ពុជា ដើម្បី​ពង្រឹង​ផ្នែក​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។



​ក្នុងជំនួប​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​នោះ កម្ពុជា​និង​ព័រ​ទុយ​ហ្គា​ល់ បាន​ឯកភាព​ពិចារណា​អំពី​ការផ្លាស់ប្ដូរ​និស្សិត និង​គ្រូបង្រៀន​ទៅវិញទៅមក ហើយ​ក្នុងនោះ​ក៏មាន​ការសិក្សា​ភាសា​ព័រ​ទុយ​ហ្គា​ល់​ផងដែរ​។ ការលើកឡើង​នេះ​នៅក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​លោក ប្រាក់ សុខុន និង  លោក Francisco Vaz Patto ឯកអគ្គរដ្ឋទូត​ព័រ​ទុយ​ហ្គា​ល់​ប្រចាំ​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​កម្មវិធីសិក្សា​ភាសា​ព័រ​ទុយ​ហ្គា​ល់​នេះ ឯកអគ្គរដ្ឋទូត​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ថ្មី​ប្រចាំ​កម្ពុជា ក៏បាន​ស្នើសុំ​លោក ជេ​ត ជេ​លី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បើក​បង្រៀន​ភាសា​ព័រ​ទុយ​ហ្គា​ល់ (Portuguese) នៅ​កម្ពុជា​។​

​លោក ជេ​ត ជេ​លី សាកលវិទ្យាធិការ RUPP បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ឯកអគ្គរដ្ឋទូត​ព័រ​ទុយ​ហ្គា​ល់ បាន​សន្យា​ផ្តល់​គ្រូបង្រៀន​ថ្នាក់​ភាសា​ព័រ​ទុយ​ហ្គា​ល់​នៅ​កម្ពុជា​ទៀតផង នាពេល​ថ្មីៗ​នេះ​។​

​លោក ជេ​ត ជេ​លី បាន​បន្ថែមថា លោក និង​ឯកអគ្គរដ្ឋទូត​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ បាន​ពិភាក្សាគ្នា​រួច​ថា ការបើក​ថ្នាក់​ភាសា​នេះ​សម្រាប់តែ​និស្សិត​ថ្នាក់​សិក្សា​អន្តរជាតិ (International Studies) និង ពាណិជ្ជកម្ម​អន្តរជាតិ (International Business) ពិសេស​សិស្ស និស្សិត​ត្រៀម​ទៅ​សិក្សា​នៅ​ព័រ​ទុយ​ហ្គា​ល់​ផង​។ តាម​លោក ជេ​ត ជេ​លី បច្ចុប្បន្ន មនុស្ស​ជាង ៣០០​លាន​នាក់​ប្រើ​ភាសា​ព័រ​ទុយ​ហ្គា​ល់ និង​ប្រទេស ១០ បាន​យក​ភាសា​ព័រ​ទុយ​ហ្គា​ល់​ជា​ភាសាផ្លូវការ​៕


Tag:
 ​កម្ពុជា​
 ​ ព័រ​ទុយ​ហ្គា​ល់
© រក្សាសិទ្ធិដោយ thmeythmey.com