ខ្មែរ​ក្រហម
ជាតិ
បុគ្គលិក​​សាលាក្តី​​ខ្មែរ​ក្រហម​​ផ្នែក​​ប្រតិ​ចារិក​​ប្រកាស​​មិន​​ធ្វើ​ការ​​ដែរ​
12, Mar 2013 , 12:52 pm        
រូបភាព
បន្ទប់​សវនាការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម
បន្ទប់​សវនាការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម
បន្ទប់​សវនាការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម
បន្ទប់​សវនាការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម
បុគ្គលិក​សាលាក្តី​ខ្មែរក្រហម​ផ្នែក​ប្រតិ​ចារិក​ចំនួន៧នាក់(អ្នកសរសេរ​ដំណើរការ​សវនាការ​ឡើង​វិញ) បានប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ១១មិនា​ម្សិលមិញ​អំពី​ការធ្វើ​ពហិការ​មិន​បំពេញការងារ​របស់​ពួកគេ ដោយសារតែ​ពួកគេ​មិនមាន​ប្រាក់បៀវត្សរ៍។ ព័ត៌មាន​នេះ​ត្រូវបាន​អះអាង​ដោយ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​លោក​នេ​ត ភក្ត្រា​នៅ​ថ្ងៃ​អង្គារ​នេះ។
អ្នកនាំពាក្យ​រូបនេះ​បន្តថា ក្រុម​បុគ្គលិក​ផ្នែក​ប្រតិ​ចារិក​គួរតែ​បានធ្វើ​ពហិការ​តាំងពី​ថ្ងៃ​ទី​មិនា​ជាមួយ​ក្រុម​បុគ្គលិក​ផ្នែក​បកប្រែ​ភាសា​ដែរ នេះ​បើ​យោ​តាម​ញ្ញត្តិ​របស់​ពួកគេ​ដែល​លោក​ទើបតែ​ទទួលបាន។ ប៉ុន្តែ​ថា​ពួកគេ (បុគ្គលិក​ផ្នែក​ប្រតិ​ចារិក)ទើបតែ​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។



«មូលហេតុ​នៃ​ការធ្វើ​កូដកម្ម​មិន​ធ្វើ​ការងារ​នេះ គឺ​ដូចគ្នា​នឹង​ការចង់បាន​របស់​ក្រុម​អ្នកបកប្រែ​ភាសា​ដែរ។ គឺ​ប្រាក់បៀវត្សរ៍។ ពួកគេ​ទាមទារ​ប្រាក់បៀវត្ស​រទាំ​ង៣ខែ​ដែល​ពួកគេ​មិនទាន់​បានទទួល»។ នេះ​គឺជា​ការបញ្ជាក់​របស់លោក​នេ​ត ភក្ត្រា។

បញ្ហា​នៅត្រង់ថា ក្រោយពី​ពេលដែល​ក្រុម​បុគ្គលិក​ផ្នែក​បកប្រែ​ភាសា​ប្រកាស​ធ្វើ​កូដកម្ម​មិន​បំពេញការងារ ការជួបពិភាក្សាគ្នា​មួយ​ជាមួយ​ផ្នែក​រដ្ឋបាល​ត្រូវបាន​រៀបចំ​ភ្លាម ហើយ​ថា ក្រុម​បុគ្គលិក​ផ្នែក​បកប្រែ​ក៏បាន​យល់ព្រម​ទទួលយក​ប្រាក់បៀវត្សរ៍​ខែធ្នូ​សិន ជា​ថ្នូរ​នឹង​ការចូល​បំពេញការងារ​វិញ​នោះ។

នៅពេលនេះ បុគ្គលិក​ផ្នែក​ប្រតិ​ចារិក​ដែល​មិនបាន​ចូលរួម​ចរចារ​ជាមួយ​ផ្នែក​រដ្ឋបាល​នោះ ហើយ​ដែល​ប្រកាស​ធ្វើពហិការ​មិន​បំពេញការងារ​ដែល​នោះ តើ​នឹង​យល់ព្រម​ធ្វើតាម​លក្ខខណ្ឌ​នេះដែរ​ឬទេ?

ទោះយ៉ាងណា​ក៏ដោយ រហូតមកដល់​ពេលនេះ​គឺ​មានតែ​បុគ្គលិក​ជាតិ២អង្គភាព​នេះ​ទេ​ដែល​បានចេញ​ប្រកាស​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការងារ​នៅក្នុង​សាលាក្តី​ខ្មែរក្រហម​នោះ។ បុគ្គលិក​ទាំង២អង្គភាព​បញ្ចូល​គ្នា​មាន​ចំនួន​ជាង៣០នាក់។

បុគ្គលិក​ផ្នែក​ជាតិ​ទាំងអស់​នៅក្នុង​សាលាក្តី​ខ្មែរក្រហម​មាន​ចំនួន២៨៧នាក់។ ក្នុងចំណោម​នេះ មានតែ​បុគ្គលិក​ចំនួន១៧នាក់​ដែល​ធ្វើការ​នៅក្នុង​អង្គភាព​ជនរងគ្រោះ​ប៉ុណ្ណោះ​ដែល​បានទទួល​ប្រាក់បៀវត្សរ​ធម្មតា​ដោយសារ​ជំនួយ​ថវិកា​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់។ ចំណែក២៧០នាក់​ផ្សេងទៀត​ពួកគេ​ធ្វើការ​ដោយ​ឥត​ប្រាក់ខែ៣ខែ​មកហើយ។

លោក​នេ​ត ភក្ត្រា​បានបញ្ជាក់​ឡើងវិញ​ថា នៅពេលនេះ ជា​ពេលដែល​បុគ្គលិក​ជាតិ​ជួប​វិបត្តិ​ថវិកា​យូរ​ជាងពេលណាៗទាំងអស់ ចាប់តាំងពី​មាន​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​មក​នោះ សាលាក្តី​កំពុង​រង់ចាំ​ថវិកា​យ៉ាង​អន្ទះសារ​របស់​សហភាព​អឺរ៉ុប​ដែល​បាន​សន្យា​ផ្តល់៣០ម៉ឺន​ដុល្លារ​សម្រាប់​ភាគី​ជាតិ​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com