ជាតិ
សេដ្ឋកិច្ច
«​យុវជន បច្ចេកវិទ្យា និង​កំណើន​» ជា​ប្រធានបទ​សម្រាប់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន​
01, Mar 2017 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បាន​ជ្រើស​យក​ប្រធានបទ «​យុវជន បច្ចេកវិទ្យា និង​កំណើន​» សម្រាប់​ការពិភាក្សា​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ខែឧសភា​ឆ្នាំនេះ​។​



​គណៈកម្មការ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៨​ខែកុម្ភៈ បាន​បើក​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​ដឹកនាំ​ដោយ​លោក Justin Wood ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​ការងារ​ត្រៀម​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​ខែឧសភា ឆ្នាំ​២០១៧ ។ កិច្ចប្រជុំ​នេះ​បានសម្រេច​កំណត់​យក​ប្រធានបទ «​យុវជន បច្ចេកវិទ្យា និង​កំណើន​» ធ្វើជា​ប្រធាន​សម្រាប់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន​ឆ្នាំនេះ​។​

​លោក ស៊ុន ចាន់ថុល ក្នុងពេល​កន្លងមក បាន​មានប្រសាសន៍ថា ឆ្លៀត​ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​នេះ រដ្ឋាភិបាល​នឹង​បង្ហាញ​សក្ដានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា ដើម្បី​ទាក់ទាញ​បណ្ដា​វិនិយោគិន​បរទេស​ឲ្យ​ចូលមក​បណ្ដាក់ទុន​រក​ស៊ី​។​

​វេទិកា​នេះ​នឹងមាន​ការចូលរួម​ពី​សំណាក់​ប្រតិភូ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ពី​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ប្រមាណ ៧០០​នាក់​។ កាលពី​ឆ្នាំ​២០១៦ វេទិកា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​អ្នកចូលរួម​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ផ្សេងទៀត​ជាង​៥០​ប្រទេស​។ វេទិកា​នេះ គឺ​វេទិកា​ថ្នាក់​តំបន់​មួយ​របស់  World Economic Forum ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​៕


Tag:
 ស៊ុន ចាន់ថុល​
  វេទិកា​សេដ្ឋកិច្ចពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com