ជាតិ
កម្ពុជា​បាន​ជំនួយ​ពី​ជប៉ុន​សម្រាប់​ការ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ ការពង្រឹង​សហគមន៍ និង​សុខភាព​
02, Mar 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ចំនួន ១,៣៨៩,៨៨៨ ដុល្លារ​អាមេរិក សម្រាប់​ការបង្កើន​សមត្ថភាព​ក្រុម​បោសសម្អាត​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់ CMAC ការពង្រឹង​សហគមន៍​កសិកម្ម និង​ការលើកកម្ពស់​សុខភាព​មាតា និង​ទារក​។​



​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​ផ្តល់ជំនួយ​នេះ​ដល់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ចំនួន ៣ រួមមាន អង្គការ​សកម្មភាព​ក​ម្ចា​ត់​មីន​ជប៉ុន​(JMAS)​ទទួល​ថវិកា​ចំនួន ៥៤២,០៥០​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បង្កើន​សមត្ថភាព​ក្រុម​បោសសម្អាត​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់ CMAC​ដំណាក់កាល​ទី ៣, អង្គការ IVY ទទួលបាន​ថវិកា​ចំនួន ៣៨១,៤០៧​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​កាត់​បន្ថយ​ភាពក្រីក្រ តាមរយៈ​ការពង្រឹង​ទីផ្សារ​នៃ​ផលិតផល​សរីរាង្គ​រប​ស់​សហគមន៍​កសិកម្ម​ក្នុង ២ខេត្ត​ដំណាក់កាល​ទី​២ និង​អង្គការ​World Vision Japan ទទួល​ថវិកា​ចំនួន ៤៦៦,៤៣១​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​ទារក​ក្នុង​ខេត្តតាកែវ​ដំណាក់កាល​ទី​១ ។​



​ចំពោះ​គម្រោង​បង្កើន​សមត្ថភាព​ក្រុម​បោសសម្អាត​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់ CMAC ដំណាក់កាល​ទី​៣ ថ្លែង​ក្នុង​ពិធី​ចុះកិច្ចសន្យា​ផ្តល់ជំនួយ​នៅ​ថ្ងៃទី​១ ខែមីនា​នេះ នា​ស្ថានទូត​ជប៉ុន លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា អ្នកជំនាញ​របស់​អង្គការ JMAS នឹង​បន្តសកម្មភាព​បណ្តុះបណ្តាល​ក្នុង​តំបន់​សល់​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បន្ថែមទៀត​។​

​លោក​បន្ត​និយាយថា គម្រោង​នេះ មាន​គោលបំណង​បង្កើន​សមត្ថភាព​បន្ថែម​ដល់​ក្រុម​អន្តរាគមន៍​បោស​សម្អាត​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រូបង្រៀន​របស់ CMAC ព្រមទាំង​ពិនិត្យ​នូវ​លទ្ធភាព​នៃ​ការផ្ទេរ​ជំនាញ​ផ្នែក​បច្ចេកវិជ្ជា​ចុងក្រោយ​បំផុត ដូចជា ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​(Drones) ជាដើម​។ ជាមួយគ្នា លោក​បញ្ជាក់ថា គម្រោង​នេះ នឹង​ជួយ​ប្រជាជន​ជាង ២​សែន​នាក់​រស់នៅក្នុង​តំបន់​គោលដៅ​រួច​ផុតពី​ការភ័យខ្លាច​ដោយ​សំណល់​ជាតិ​ផ្ទុះ រួមទាំង​កែលម្អ​បរិស្ថាន និង​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​ប្រកបដោយ​ស្ថិរភាព​។​



​ដោយឡែក គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការពង្រឹង​ទីផ្សារ​នៃ​ផលិតផល​សរីរាង្គ​រប​ស់​សហគមន៍​​កសិកម្ម​ក្នុង ២​ខេត្ត នៅ​ដំណាក់កាល​ទី​២​វិញ លោក​ឯកអគ្គរដ្ឋទូត​ឲ្យ​ដឹងថា អង្គការ  IVY នឹង​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ដល់​សហគមន៍​កសិករ និង​សម្ព័ន្ធ​សហគមន៍​កសិករ​នៅក្នុង​ខេត្តព្រះវិហារ ព្រម​ទាំង​ជួយ​លើកស្ទួយ​គុណភាព​អង្ករ​សរីរាង្គ និង​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង​មួយ ដើម្បី​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​អង្ករ​សរីរាង្គ​។ លើសពីនេះ​ទៀត គម្រោង នឹង​ផ្តោតលើ​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​កសិផល​ស្វាយរៀង​(SAC) ដែល​ត្រូវបាន​សាងសង់​នៅ​ដំណាក់កាល​ទី​១ នៃ​គម្រោង​ដែល​បាន​ក្លាយជា​គំរូ​ឈានមុខ​មួយ​ដែល​អង្គការ IVY នឹង​បន្ត​ជួយ SAC ក្នុងការ​លើកស្ទួយ​តម្លៃបន្ថែម​លើ​ផលិតផល​របស់ខ្លួន​ប្រកបដោយ​និរន្តរភាព ដើម្បី​ឲ្យ SAC អាច​ដើរតួនាទី​ជា​គំរូ​មួយ​សម្រាប់​សហគម​ន៍ក​សិ​កម្ម​ដទៃទៀត​កាន់តែ​ជោគជ័យ​។​



​រីឯ គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​ទារក​ក្នុង​ខេត្តតាកែវ ដំណាក់កាល​ទី​១​វិញ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បន្ត​ថ្លែង​ឲ្យ​ឲ្យ​ដឹងថា អង្គការ World Vision ជប៉ុន នឹង​ផ្តល់​ការបណ្តុះបណ្តាល​សម្រាប់​​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​សុខាភិបាល និង​ការអប់រំ​ផ្នែក​សុខភាព​ដល់​មាតា​ក្នុងស្រុក​ប្រតិបត្តិ​គិរីវង់​​និង​ស្រុក​ប្រតិបត្តិ​កោះអណ្តែត ខេត្តតាកែវ​។​

​លោក​និយាយថា គម្រោង​នេះ មាន​គោលបំណង​លើកកម្ពស់​គុណភាព និង​ការផ្តល់សេវា​សុខភាព​ប្រជាជន រួមទាំង​កាត់បន្ថយ​អនុ​បាត​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ និង​ជម្ងឺ​នានា​ដែល​ឆ្លងតាម​ទឹក​មិន​ស្អាត ជាដើម ឲ្យ​កាន់តែ​ល្អប្រសើរ​។ គម្រោង​នេះ មាន​បំពាក់​សម្ភារៈ​បរិក្ខារ​ស​ម្រា​ប់​បន្ទប់​ក្រោយ​សម្រាល និង​ការកែលម្អ​បរិក្ខារ​អនាម័យ​នៅតាម​មណ្ឌល​សុខភាព ក្នុងស្រុក​ប្រតិបត្តិ​ទាំង ២ ។ នេះ​បើតាម​ប្រសាសន៍ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា​។​



​លោក ស៊ី​បា​តា មិ​គី​អុ ប្រធាន​តំណាង​អង្គការ JMAS លោកស្រី ម៉ាត់​ស៊ូ​អ៊ូ​រ៉ា អា​យូ​មិ ប្រធាន​គម្រោង​អង្គការ IVY និង​លោក ម៉ាត់​ស៊ូ​អុ​កា តា​គូ​យ៉ា ប្រធាន​គម្រោង​អង្គការ World Vision ជប៉ុន សុទ្ធតែ​បាន​អរគុណ​​រដ្ឋាភិបាល​ជប៉ុន​ដែល​បានផ្តល់​ថវិកា​ដល់​ពួកគេ សម្រាប់​អនុវត្ត​គម្រោង​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា តាម​សេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូត​ជប៉ុន កម្មវិធី​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន បាន​អនុវត្ត​ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ២០០២ រហូតមក​។ កម្មវិធី​នេះ មាន​គោល​ដៅ​គាំទ្រ​ដល់​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​លើ​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន​។ ហើយ ចាប់តាំងពី​ឆ្នាំ ២០០២ មក​បច្ចុប្បន្ន រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ជាង​២៨.៤ លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង​ចំនួន ៩៩ នៅ​កម្ពុជា ក្នុងនោះ មាន​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជាដើម​។​



​ចំពោះ​គម្រោង​ចុះហត្ថលេខា​ពេលនេះ  ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹងថា វា​ជា​គម្រោង​ទី​៤ ទី​៥ និង​ទី​៦ ក្រោម​គ្រោងការណ៍​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​នៅ​កម្ពុជា ​សម្រាប់​ឆ្នាំសារពើពន្ធ​ឆ្នាំ ២០១៦ ចាប់ពី​ខែមេសា ឆ្នាំ​២០១៦ ដល់​ខែមីនា ឆ្នាំ​២០១៧ របស់​ជប៉ុន​៕


Tag:
 ជំនួយ​
  ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា​
  គូ​សាណូ​ណិ​
  ជប៉ុន​
  សុខភាព​
  CMAC
© រក្សាសិទ្ធិដោយ thmeythmey.com