ខ្មែរ​ក្រហម
ជាតិ
លោកស្រី ជា លាង៖ ការស្លាប់​របស់ អៀង សារី មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សំណុំរឿង០០២ឡើយ
14, Mar 2013 , 4:23 pm        
រូបភាព
លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការស្លាប់​របស់លោក អៀង សារី ថា​បណ្តាលមកពី​ជំងឺ​បេះដូង ដោយ​យោងតាម​ការអះអាង​របស់​គ្រូពេទ្យ​ក្រោយ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ប្រមាណ​ជា​បួន​ម៉ោង។



នៅក្នុង​សន្និសីទ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ជា​កន្លែង​ដែល​លោក អៀង សារី បាន​ស្លាប់​កាលពី​វេលា​ម៉ោង៨ និង៤៥នាទី ថ្ងៃទី១៤ ខែ​មិនា នេះ លោកស្រី ជា លាង បាន​អះអាងថា ការស្លាប់​របស់​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​រូបនេះ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំណុំរឿង០០២នោះឡើយ ហើយ​វា​ក៏​មិន​បានធ្វើ​ឲ្យ​បាត់​សំណុំរឿង​ដែរ ព្រោះ​វា​ស្ថិតក្នុង​តំណាក់កាល​ជំនុំជម្រះ មិនមែនជា​តំណាក់កាល​ប្រមូល​ព័ត៌មាន​នោះឡើយ។
បើទោះបីជា​បណ្តឹងអាជ្ញា​ត្រូវ​រលត់​ក្តី ប៉ុន្តែ​ការស៊ើបអង្កេត​លើ​ករណី​នៃ​ការស្លាប់​របស់ អៀង សារី ក្នុង​អាយុ៨៧ឆ្នាំ នៅតែ​បន្ត ដោយ​អំឡុង​ពី២ ទៅ៣ សប្តាហ៍​ខាងមុខ ការិយាល័យ​សហ​ព្រះរាជអាជ្ញា​នឹង​ចេញ​របាយការណ៍​លម្អិត។

ទាក់ទង​នឹង​ដំណើរការ​សំណុំរឿង០០២ ត្រូវបាន​លោកស្រី ជា លាង អះអាងថា នឹង​បន្ត​បោះជំហាន​ទៅមុខ​ជាមួយ​ជនជាប់ចោទ​ពីររូប​ផ្សេងទៀត គឺ នួន ជា និង ខៀវ សំផន។

កាលពី​វេលា​ម៉ោង​ជិត៣រសៀល ក្រុមគ្រួសារ​សព​លោក អៀង សារី បាន​ដឹក​សព​ចេញពី​មន្ទីរ​ពេទ្យរុស្ស៊ី ដើម្បី​យកទៅ​បូជា នៅ​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជា​អតីត​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម។ លោកស្រី អៀង ធី​រិ​ទ្ធ ដែលជា​ភរិយា​លោក អៀង សារី មិនត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ពី​មរណភាព​របស់លោក អៀង សារី ទេ។

មានតែ​កូន ៤ នាក់ និង​ចៅ​របស់លោក អៀង សារី ប៉ុណ្ណោះ​ដែល​បានមក​ជួបជុំ​នៅក្នុង​បន្ទប់​មន្ទីរពេទ្យ ពេលដែល​គ្រូពេទ្យ​កំពុង​ពិនិត្យ​សាកសព​កាលពី​ព្រឹក​មិញ។ ការព្យាយាម​លាក់បាំង​រឿងនេះ​ពី​លោកស្រី អៀង ធី​រិ​ទ្ធ គឺ​ដោយ​ខ្លាច​ជំងឺផ្លូវចិត្ត​របស់លោក​ស្រី​រើស​ឡើង៕



© រក្សាសិទ្ធិដោយ thmeythmey.com