អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាមេរិក ប្តេជ្ញា​ការពារ​សម្ព័ន្ធមិត្ត​ជប៉ុន​ប្រឆាំង​កូរ៉េខាងជើង​
16, Mar 2017 , 9:59 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ចាប់ផ្តើម​ទស្សនកិច្ច​លើកដំបូង​របស់ខ្លួន​នៅ​អាស៊ី​ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ជប៉ុន​។ លោក​បាន​ធានា​ប្រាប់​មេដឹកនាំ​ជប៉ុន​ថា អាមេរិក​នៅតែ​បន្ត​ប្រឹងប្រែង​រក្សា​និង​ការពារ​សម្ព័ន្ធមិត្ត​ជប៉ុន​ដើម្បី​ទប់ទល់​និង​ដោះស្រាយ​រាល់​បញ្ហា​សន្តិសុខ​តំបន់​។



​លោក Rex Tillerson រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​អញ្ជើញ​ទៅដល់​ប្រទេស​ជប៉ុន​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្នាក់​តំបន់​ដំបូង​បំផុត​របស់ខ្លួន​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦​មីនា​នេះ​។ នៅ​ជប៉ុន មន្ត្រីការទូត​ជាន់ខ្ពស់​រូបនេះ​បាន​ប្រាប់​ជប៉ុន​ថា អាមេរិក​ឲ្យ​តម្លៃ​សម្ព័ន្ធភាព​រវាង​ជប៉ុន​និង​អាមេរិក​ខ្លាំងណាស់​។

​យោងតាម​សារព័ត៌មាន New York Times  មុនពេល​ជួប​ជាមួយ​សម​ភាគី​ជប៉ុន​លោក Fumio Kishida លោក Rex Tillerson បាន​ថ្លែងថា​៖« ពេល​ខ្ញុំ​ធ្វើដំណើរ​មក​ក្នុង​តំបន់​នេះ ជប៉ុន​ជា​កន្លែង​ខ្ញុំ​មក​ទស្សនកិច្ច​មុនគេ​ដែល​វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​សារសំខាន់​មួយ​ដែលថា អាមេរិក​ឲ្យ​តម្លៃ​សម្ព័ន្ធភាព​រវាង​អាមេរិក​និង​ជប៉ុន​។ ប៉ុន្តែ​ក្រៅពីនេះ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​ចំពោះ​អាមេរិក​ដែរ​»​។​

​បន្ថែម​ពី​បង្ហាញ​ការប្តេជ្ញាចិត្ត​រក្សា​សម្ព័ន្ធភាព​ជាមួយ​ជប៉ុន រ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ​ក៏​កត់សម្គាល់​ផងដែរ​ថា សម្ព័ន្ធភាព​ត្រីភាគី​រវាង​ជប៉ុន​, កូរ៉េខាងត្បូង​និង​ជប៉ុន​ពិតជា​សំខាន់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផងដែរ​។​
 
​តាមពិតទៅ ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នេះ​កើតឡើង​ស្រប​ពេលដែល​ភាព​តានតឹង​កើនឡើង​នៅក្នុង​តំបន់​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជាច្រើន​គ្រាប់​កាលពីដើម​សប្តាហ៍​មុន​។ ស្ថានការណ៍​តានតឹង​នេះ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​នៅក្នុង​តំបន់​ជាពិសេស​នៅ​ជប៉ុន​និង​កូរ៉េខាងត្បូង ហើយ​សហរដ្ឋអាមេរិក​ក៏​សម្រេច​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ទៅ​កូរ៉េខាងត្បូង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅ​សម្ញែង​សាច់ដុំ​យោធា​ថែមទៀត​។ យ៉ាងណាមិញ​គេ​នៅតែ​រស់​ចាំមើល​ចំណាត់ការ​ជា​ដុំកំភួន​របស់​រដ្ឋបាល ដូ​ណា​ល់ ត្រាំ ក្នុងការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ក៏ដូចជា​បញ្ហា​សន្តិសុខ​តំបន់​ផ្សេងទៀត​ដែរ​។​

​បន្ទាប់ពី​ចាកចេញ​ពី​ជប៉ុន រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ​នឹង​បន្តដំណើរ​ទៅកាន់​កូរ៉េខាងត្បូង​។ លោក​នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ស្តីទី​និង​ជា​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង  Hwang Kyo-ahn មុននឹង​បន្តទៅ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​យោធា​ជាប់​ព្រំដែន​កូរ៉េខាងជើង (DMZ)​។  គេ​បារម្ភ​ថា វត្តមាន​របស់លោក Tillerson នៅ​តំបន់​គ្មាន​យោធា អាច​នឹង​ជំរុញ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ធ្វើ​សកម្មភាព​បង្ករឿង​ផ្សេងទៀត​ផងដែរ ប៉ុន្តែ​ការអញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ប្រទាញប្រទង់​គ្នា​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​ខ្លួន​ប្រឆាំង​កូរ៉េខាងជើង​។

​បន្ទាប់ពី​កូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ នឹង​បន្តដំណើរ​ទៅ​ប្រទេស​ចិន​ជា​ទិសដៅ​ចុងក្រោយ​នៃ​ទស្សនកិច្ច​តំបន់​អាស៊ី​របស់លោក​។​ប្រធានបទ​សំខាន់​ដែល​នឹងត្រូវ​លើកឡើង​ក្នុងពេល​លោក​ទៅ​ទស្សនកិច្ច​មាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្ប​ង បញ្ហា​កូរ៉េខាងត្បូង និង​ទស្សនកិច្ច​របស់​ប្រធានាធិបតី ស៊ី ជិន​ពីង ទៅ​អាមេរិក​និង​ជួប​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ នៅ​ខែ មេសា​ខាងមុខ​ផងដែរ​៕


Tag:
 Rex Tillerson
  កូរ៉េខាងជើង​
  ជប៉ុន​
  Fumio Kishida
© រក្សាសិទ្ធិដោយ thmeythmey.com