ខ្មែរ​ក្រហម
ជាតិ
បុគ្គលិក​ជាតិ​ចូលធ្វើការ​វិញ ប៉ុន្តែ​គ្រោង​ធ្វើ​កូតកម្ម​ម្តងទៀត​នៅ​ថ្ងៃទី១ ខែមេសា
18, Mar 2013 , 9:32 am        
រូបភាព
បុគ្គលិក​ជាតិ​ប្រមាណ​៣០នាក់ដែល​បម្រើការនៅសាលាក្តី​ខ្មែរក្រហម បានចាប់ផ្តើម​ចូលធ្វើការ​វិញ​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៣ នេះ បន្ទាប់​ការិយាល័យ​រដ្ឋបាល​បាន​អះអាងថា ពួកគេ​នឹង​ទទួលបាន​ប្រាក់ខែ​សម្រាប់​ខែធ្នូ នា​អំឡុង​សប្តាហ៍​នេះ។



លោក នេត្រ ភ​ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បានបញ្ជាក់​ប្រាប់​គេហទំព័រ «ថ្មីៗ » តាម​ទូរ​សព្ទ​ថា បុគ្គលិក​ជាតិ​ប្រមាណ៣០នាក់​ក្នុង​ចំណោម​២៨៧នាក់ បានសម្រេច​ចិត្ត​ចូលធ្វើការ​វិញ​ចាប់ពី​ថ្ងៃទី១៨ រហូតដល់​ថ្ងៃទី៣១ ខែមីនា។

លោក​បាន​បន្ថែមថា ពួកគេ​នឹង​បន្តធ្វើ​កូតកម្ម​ចាប់ពី​ថ្ងៃទី១ ខែមេសា ទៀត ប្រសិនបើ​មិនមាន​ការចុះហត្ថលេខា​ប​ន្ត​កិច្ចសន្យា​របស់​ពួកគេ​ទេនោះ។ លោក ភ​ត្រា បាន​ប្រាប់​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី១ ខែមករា មក មិនទាន់មាន​ការចុះហត្ថលេខា​ណាមួយ​ដើម្បី​បន្ត​កិច្ចសន្យាការងារ​របស់​បុគ្គលិក​ជាតិ​នោះឡើយ។ ចំពោះ​បញ្ហា​នេះ លោក​អះអាងថា ការិយាល័យ​រដ្ឋបាលរ​ង់​ចាំមើល​ការសន្យា​ជា​ផ្លូវការ​ណាមួយ​ពី​ម្ចាស់ជំនួយ​សិន។

លោក​បាន​លើកឡើងថា៖ «ប្រសិនបើ​គ្មាន​កិច្ចសន្យា​ណាមួយ​ពី​ប្រទេស​ម្ចាស់ជំនួយ​ទេនោះ ការិយាល័យ​រដ្ឋបាល​ក៏​មិនអាច​បន្ត​កិច្ចសន្យា​ឲ្យ​ពួកគេ​បានដែរ។ បច្ចុប្បន្ន​យើង​កំពុង​ស្នើ​ឲ្យ​ប្រទេស​ម្ចាស់ជំនួយ​ព​ន្លឿ​ន​ដំណើរការ​របស់ខ្លួន​ដើម្បី​ជួយ​ដល់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម ដើម្បី​យើង​អាច​បន្ត​កិច្ចសន្យាការងារ»។

ខណៈដែល​បុគ្គលិក​ថ្នាក់ជាតិ​ធ្វើការ​ដោយ​អត់​ប្រាក់ខែ​អស់​រយៈពេល​បី​ខែ​មកហើយ​នោះ ភាគី​អន្តរជាតិ​មាន​ប្រាក់ខែ​រហូតដល់​ខែមិថុនា។ សម្រាប់​សាច់ប្រាក់​ក្នុង​ខែធ្នូ​ដែល​ការិយាល័យ​រដ្ឋបាល​ទទួល​បាន​ដើម្បី​បើក​ឲ្យ​បុគ្គលិក​ជាតិ​នោះ គឺជា​ថវិកា​ដែល​នៅ​សេសសល់​កាលពី​ឆ្នាំ២០១២ របស់​សហភាព​អឺរ៉ុប។ បុគ្គលិក​ជាតិ​​រំពឹងថា​នឹង​ទទួលបាន​ក្នុងអំឡុង​សប្តាហ៍​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com