កីឡាជាតិ
ជាតិ
លី​ក​កំពូល​កម្ពុជា​៖ បឹងកេត​រំកិល​ឡើង​មួយកម្រិត​ចំណាត់ថ្នាក់ ខណៈ​ណាហ្គា​វើ​ល​ឡើង​ពីរ​កម្រិត​
10, Apr 2017 , 10:35 am        
រូបភាព
ដោយ:
​ក្រោយ​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៤-០ កាលពី​ម្សិលមិញ ក្រុម​បឹងកេត​បាន​ឡើង​ចំណាត់ថ្នាក់​មួយកម្រិត​ក្នុង​សប្តាហ៍​ទី​៧​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ខណៈ​ណាហ្គា​វើ​ល ឡើង​ពីរ​កម្រិត​បន្ទាប់ពី​យក​ឈ្នះ​អាស៊ី​អឺរ៉ុប ៤-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ ចំណែក ភ្នំពេញ​ក្រោ​ន និង​អគ្គិសនី​កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​ក្រោយ​ចាញ់​គូប្រជែង​។



​ក្រុម​ឈរ​លេខ​រៀង​ទី​៤​សប្តាហ៍​ទី​៦ បឹងកេត បាន​ឡើង​មកឈរ​លេខ​រៀង​ទី​៣​ក្នុង​សប្តាហ៍​ទី​៧​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ដោយមាន​១៤​ពិន្ទុ​។ បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៤-០ កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុម​អគ្គិសនី​កម្ពុជា​ក្រោយ​ចាញ់​បឹងកេត បាន​ធ្លាក់​មកឈរ​លេខ​រៀង​ទី​៦ ដោយ​រក្សា​១០​ពិន្ទុ​ដូច​កាល​ឈរ​លេខ​រៀង​ទី​៥​សប្តាហ៍​ទី​៦​។

​រីឯ​ក្រុម​ណាហ្គា​វើ​ល ដែល​ឈរ​លេខ​រៀង​ទី​៦​ក្នុង​សប្តាហ៍​ទី​៦​បាន​ឡើង​មកឈរ​លេខ​រៀង​ទី​៤​ក្នុង​សប្តាហ៍​ទី​៧​ដោយមាន​១២​ពិន្ទុ បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប បន្ត​ឈរ​លេខ​រៀង​ទី​១០​ក្នុង​សប្តាហ៍​ទី​៧ ដោយមាន​៣​ពិន្ទុ​។



​ជាមួយគ្នានេះ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ក្រោយ​យកឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៥-២ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ បាន​ឡើង​មកឈរ​លេខ​រៀង​ទី​៧​ដោយមាន​៩​ពិន្ទុ​។ រីឯ​លេខ​រៀង​ទី​៨​របស់​ថា​យ​ហ្គឺ​រ បាន​ជំនួស​ដោយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ក្រោយ​យកឈ្នះ​ជើង​ខ្លាំង​ភ្នំពេញ​ក្រោ​ន ៣-១ នៅ​កីឡដ្ឋាន RSN កាលពី​ថ្ងៃ​សោ​រ៍​សប្តាហ៍​មុន​។ ចំណែក​ភ្នំពេញ​ក្រោ​ន​ដែល​ឈរ​លេខ​រៀង​ទី​៣ បាន​ធ្លាក់​មកឈរ​លេខ​រៀង​ទី​៥ ក្រោយ​ប្រកួត​ចាញ់​វេ​ស្ទើ​ន​ភ្នំពេញ​។



​ដោយឡែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​ឈរ​កំពូល​តារាង​ដោយមាន​១៩​ពិន្ទុ​ក្រោយ​យកឈ្នះ​ក្រុម​ស៊ីម៉ាក់ ៧-០ នៅ​កីឡដ្ឋាន​ជាតិ​ស្តា​ត​ចាស់ ខណៈ​ក្រុម​ក្រសួងការពារជាតិ​ក្រោយ​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២-០ បាន​បន្ត​ឈរ​លេខ​រៀង​ទី​២​ដោយមាន​១៧​ពិន្ទុ​។ ចំណែក ក្រុម​គីរីវង់​សុខ​សែន​ជ័យ និង​ស៊ីម៉ាក់​បាន​បន្ត​ឈរ​បាន​តារាង និង​បន្ទាប់​បាត​តារាង​ដោយមាន​១​ពិន្ទុ និង​៣​ពិន្ទុ​៕ 


Tag:
 Cambodian League 2017
  បឹងកេត​
  ណាហ្គា​វើ​ល​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com