ជាតិ
សិល្បះ
អ្នកនាង ខាត់ សុ​ឃីម មាន​មោទកភាព​ពេល​ឃើញ​មាន​អ្នកគាំទ្រ​បទ «​រាំ​បទ​យើង​»
12, Apr 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ​ចម្រៀង​មាន​ចំណងជើង​ថា រាំ​បទ​យើង ដែល​ច្រៀង​រួមគ្នា​ដោយ​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម និង​លោក ដួង សុខ​គា កំពុង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​ខ្មែរ​អ្នក​និយម​ចម្រៀង​ចង្វាក់​ប្រពៃណីជាតិ​។ អ្នកនាង ខាត សុ​ឃីម ត្រេកអរ​យ៉ាងខ្លាំង នៅពេលដែល​ឃើញ​បទ​ចម្រៀង​របស់​អ្នកនាង​មានការ​គាំទ្រ​ខ្លះ​ដែរ ស្រប​ពេលដែល​យុវវ័យ​ភាគច្រើន​គាំទ្រ​ចម្រៀង​ចង្វាក់​បែប​បរទេស​។



​កាលពី​ថ្ងៃទី ១១ ខែមេសា ផលិតកម្ម​រស្មី​ហង្ស​មាស បានចេញ​ផ្សាយ MV បទ​ចម្រៀង រាំ​បទ​យើង លើកដំបូង​សម្រាប់​ឆ្នាំនេះ​។ បទ​នេះ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សាធារណជន ដែល​ធ្វើ​ឲ្យ​អ្នកនាង ខាត់ សុ​ឃីម មាន​មោទកភាព​យ៉ាងខ្លាំង​។ «​ខ្ញុំ​ពិតជា​មាន​មោទកភាព​ចំពោះ​ការងារ​របស់ខ្ញុំ​មួយ​នេះ​។ ខ្ញុំ​ផលិត​បទ​ចម្រៀង​នេះ ដើម្បី​ដាស់តឿន​ខ្លះ​ដល់​ក្មេងជំនាន់ក្រោយ​។ ពីមុន​យើង មិន​គិតថា គាត់​មក​គាំទ្រ​បទ​យើង​ទេ ប៉ុន្តែ​ពេល​យើង​ធ្វើ គាត់​គាំទ្រ ដែល​អាច​និយាយថា មក​ស្តាប់​បទ​ចម្រៀង​របស់​យើង​ខ្លះ​ដែរ​។ ខ្ញុំ​សប្បាយចិត្ត​ណាស់​»​។ នេះ​ជាការ​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពី​អ្នកនាង ខាត់ សុ​ឃីម​។

​បទ​ចម្រៀង រាំ​បទ​យើង​នេះ ជា​ចង្វាក់​ប្រពៃណី​ខ្មែរ មាន​ស្គរដី និង​ស្គរ​ឆៃយ៉ាំ ហើយ​បកស្រាយ​ដោយ​អ្នកនាង ខាត់ សុ​ឃីម និង​លោក ដួង សុខ​គា ព្រមទាំង​និពន្ធ​បទ​ភ្លេង​ដោយ ក្រុម​ត្រកូល​ខាត់​។

​យ៉ាងណា​អ្នកនាង សុ​ឃីម ក៏​ទទួលស្គាល់​ផងដែរ​ថា បទ​ចម្រៀង​នេះ ចេញ​ហាក់​យឺត​ពេល​បន្តិច ពោលគឺ​មុន​ពិធីបុណ្យ​ចូលឆ្នាំ តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ពី​ព្រោះតែ​អ្នកនាង​ផលិត​យឺត​។ បើតាម​តារា​ពហុ​ជំនាញ​រូបនេះ បទ រាំ​បទ​យើង នេះ គឺជា​បទ​ដំបូង ក្នុងចំណោម​បទ​ចម្រៀង​ទាំង ១១ បទ ដែល​អ្នកនាង និង​គ្រួសារ​ត្រកូល​ខាត់ ខំ​ផលិតឡើង ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅពេល​ខាងមុខ​។​

​អ្នកនាង បញ្ជាក់ថា បទ​ចម្រៀង​ដទៃទៀត​របស់​អ្នកនាង ដែល​សុទ្ធតែ​ចង្វាក់​បែប​ខ្មែរ នឹង​ចេញ​នៅថ្ងៃនេះ បន្តបន្ទាប់​ទៀត​៕

​សូម​ទស្សនា​បទ រាំ​បទ​យើង ខាងក្រោម​៖




Tag:
 ខាត់ សុ​ឃីម​
  ដួង សុខ​គា
© រក្សាសិទ្ធិដោយ thmeythmey.com