ជាតិ
សង្ក្រាន្ត​ឆ្នាំ​ថ្មី​មកដល់​នា​វេលាយប់​ម៉ោង​៣ និង​១២​នាទី ឈានចូល​ថ្ងៃ​សុក្រ​
13, Apr 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​២៥៦១ នឹង​មកដល់​នា​វេលាយប់​ម៉ោង​៣ និង​១២​នាទី ឈានចូល​ថ្ងៃ​សុក្រ ៣​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៦ ។ នេះ​បើតាម​សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំរកា ដែល​ផ្សាយ​ដោយ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរា​ស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។​

 
​តាម​ក្បួនតម្រា នៅ​ឆ្នាំនេះ ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះនាម កិ​មិ​រា​ទេវី ជា​បុត្រី​ទី​៦​នៃ​កបិល​មហាព្រហ្ម ទ្រង់​គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​សេត លំអ​នៅ​ព្រះ​កាណ៌​ដោយ​បុប្ផា ច​ង្កូ​រ​ណី អ​ភរ​ណៈ​កែវ​បុស្ស​រា​គ័​ម ភក្សាហារ​ទ្រង់​ចេកណាំវ៉ា ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះ​ខ័​ន្ធ ព្រះហស្ត​ឆ្វេង​ទ្រង់​ពិណ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​ម​ហឹ​ង្សា (​សត្វ​ក្របី​)​ជា​ពាហនៈ​។​
 
​ព្រះ​នាង​កិ​មិ​រា​ទេវី នាំ​អស់​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅកាន់​គុហា​កែ​វធ​ម្មាលី​នាទី​ភ្នំ​កៃលាស ខេត្ត​ហិម​ពា្ត​ជាទី​តម្កល់ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស​នាំមក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុ​មេរុរាជ​តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី (២៤​ម៉ោង​)​។​
 
​បន្ទាប់មក ព្រះ​នាង​នាំយកទៅ​តម្កល់ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ ចូលទៅ​ស្រង់ទឹក​អា​នោ​ត​ត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ដែលជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត​ក្នុង​ព្រះរាជ​ហ​ប្ញ​ទ័យ ហើយ​នាំគ្នា​ចូលទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ​ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេ​បុត្រ​និមិត្ត​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្តី ជ័យ​មង្គល ជន្មាយុ​យឺនយូរ​ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូលមក​ដល់​នេះ បាន​ធូរ​ទូលំទូលាយ សុខក្សេមក្សាន្ត​តរៀង​ទៅ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com