ជាតិ
ក្រសួងអប់រំ ជ្រើសរើសសិស្សពីថ្នាក់ទី២-១២ ដើម្បីចូលរួមប្រកួត «ទិវាប្រវត្តិសាស្ត្រធម្មជាតិសាកល»
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សានុសិស្សចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី១២ ដើម្បីចូលរួមប្រកួតប្រជែង «ទិវាប្រវត្តិសាស្ត្រធម្មជាតិសាកល» សម្រាប់ឆ្នាំ២០១៧។ សិស្សានុសិស្សជ័យលាភី៣ក្រុម នឹងទទួលបានអាហារូបករណ៍ ដើម្បីទៅប្រកួតផ្ដាច់ព្រ័ត្រនៅទីក្រុង Chongqing ប្រទេសចិន។
កម្មវិធីប្រកួតប្រជែង «ទិវាប្រវត្តិសាស្ត្រធម្មជាតិសាកល» គឺជាកម្មវិធីអប់រំមួយ ដែលបង្កើតឡើង ដើម្បីជំរុញការសិក្សាពីវិទ្យាសាស្ត្រធម្មជាតិ និងប្រវត្តិសាស្ត្រ សម្រាប់សិស្សានុសិស្សថ្នាក់បឋម និងមធ្យមសិក្សា ពីថ្នាក់ទី ២ ដល់ ១២។ កម្មវិធី «ទិវាប្រវត្តិសាស្ត្រធម្មជាតិសាកល» ឆ្នាំ២០១៧នេះ ជាលើកទី៣ របស់កម្ពុជា ដែលបានដឹកនាំសិស្សចូលរួមប្រកួតប្រជែង។
លោក ជ័យ ចាន់អឿន ព្រឹទ្ធបុរសផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាគ្រូបំប៉នសម្រាប់ការប្រកួតប្រជែងនេះ បានឲ្យដឹងថា កម្មវិធីនេះ ផ្ដល់ឱកាសដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី២ ដល់ទី១២ ដែលស្រឡាញ់ និងចូលចិត្តផ្នែកវិទ្យាសាស្ត្រ។ លោក បន្តថា សិស្សានុសិស្សទាំងអស់ ត្រូវជ្រើសរើសប្រធានបទដោយខ្លួនឯង ដើម្បីសិក្សាស្រាវជ្រាវពីប្រវត្តិវិទ្យាសាស្ត្រ។
លោក ជ័យ ចាន់អឿន បញ្ជាក់ថា ការប្រកួតប្រជែងនេះ មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីជ្រើសរើសក្រុមដែលមានស្នាដៃល្អ ចំនួន ១៥ក្រុម ទៅប្រកួតប្រជែងនៅឆាកអន្តរជាតិ។ លោក បន្ថែមថា ការប្រកួតប្រជែងនេះ ក៏ជាទិសដៅរបស់ក្រសួងអប់រំ ដែលទាក់ទងទៅនឹងវិទ្យាសាស្ត្រ ដើម្បីបង្កើនការយល់ដឹងដល់សិស្សានុសិស្សកម្ពុជា លើមុខវិជ្ជា STEM ផងដែរ។
សម្រាប់លក្ខខណ្ឌនៃការចូលរួមប្រកួតប្រជែង សិស្សានុសិស្សទាំងអស់ ត្រូវមានក្រុមរៀងៗខ្លួន ដោយមួយ ក្រុមមានសមាជិក ២នាក់ ដោយជ្រើសរើសប្រធានបទទាក់ទងនឹង ជីវៈចម្រុះ។ សិស្សានុសិស្សទាំងអស់ ត្រូវស្រាវជ្រាវទាក់ទងនឹងប្រធានបទដែលបានជ្រើសរើស។ បន្ទាប់មក ផ្ញើឯកសារដែលបានស្រាវជ្រាវ និងវីដេអូ ទៅកាន់អ៊ីម៉ែល
។
គួរបញ្ជាក់ថា សិស្សានុសិស្សជ័យលាភី៣ក្រុម ពីលេខ១ ដល់ លេខ៣ នឹងទទួលបានអាហារូបករណ៍ ដើម្បីទៅប្រកួតផ្ដាច់ព្រ័ត្រនៅទីក្រុង Chongqing ប្រទេសចិន។ កម្មវិធីនេះ នឹងឈប់ទទួលពាក្យប្រកួតថ្ងៃទី២៥ ឧសភា។ សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងតាមទូរសព្ទ ០១២ ៩៣៩ ២៤០ / ០៨៩ ៩៥៤ ៨៤៨៕
Tag:
ក្រសួងអប់រំ
ទិវាប្រវត្តិសាស្ត្រធម្មជាតិសាកល
© រក្សាសិទ្ធិដោយ thmeythmey.com