អន្តរជាតិ
អូស្ត្រាលី ផ្អាក​ប្រតិបត្តិការ​ដែនអាកាស​នៅ​ស៊ី​រី ក្រោយ​រុស្ស៊ី​គំរាម​បាញ់​ទម្លាក់​
20, Jun 2017 , 10:59 pm        
រូបភាព
​ប្រតិបត្តិការ​ដែនអាកាស​របស់​អូស្ត្រាលី​នៅ​ស៊ី​រី ត្រូវបាន​ទទួលបញ្ជា​ឲ្យ​ផ្អាក​សិន​នៅ​ថ្ងៃទី​២០ ក្រោយ​មានការ​គំរាម​ពី​សំណាក់​រុស្ស៊ី​។ ការបាញ់​ទម្លាក់​យន្តហោះ​រដ្ឋាភិបាល​ស៊ី​រី​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ដោយ​យន្តហោះ​ចម្បាំង​អាមេរិក​នៅ​ថ្ងៃទី​១៨ ខែមិថុនា គឺជា​មូលហេតុ​នាំ​ឲ្យ​រុស្ស៊ី​មិន​សប្បាយចិត្ត និង​បាន​ព្រមាន​បាញ់​យន្តហោះ​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ស៊ី​រី​វិញ​។ ក្រសួងការពារជាតិ​អូស្ត្រាលី​និយាយថា នេះ​ជា​វិធានការ​ការពារ​ទុក​សម្រាប់​ទាហាន​របស់ខ្លួន​។​



​យន្តហោះ​របស់​ក្រុម​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ស៊ី​រី កំពុង​ប្រឈមមុខ​គ្រោះថ្នាក់​ខ្លាំង បន្ទាប់ពី​រុស្ស៊ី​គំរាម​បាញ់​ទម្លាក់​រាល់​យន្តហោះ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ខាងលិច​ទន្លេ Euphrates ។ ការ​គំរាម​របស់​រុស្ស៊ី​ធ្វើឡើង​បន្ទាប់​យន្តហោះ​អាមេរិក​បាញ់​ទម្លាក់​យន្តហោះ​ស៊ី​រី​ដែល​កំពុង​វាយប្រហារ​គោលដៅ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្បែរ​ក្រុង Raqqa ដែល​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​ជ្រុលនិយម​មួយ​នៅលើ​ទឹកដី​ស៊ី​រី​។​

​ក្នុង​គោលដៅ​ការពារ​កងទ័ព​របស់​ខ្លួន អូស្ត្រាលី​ដែល​បាន​បញ្ជូន​យន្តហោះ​ចូលរួម​ក្នុង​ក្រុមចម្រុះ​របស់​អាមេរិក ក៏​សម្រេចចិត្ត​ផ្អាក​ការហោះហើរ​របស់​យន្តហោះ​ខ្លួន​សិន​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​២០ ខែមិថុនា ក្រសួងការពារជាតិ​អូស្ត្រាលី​បញ្ជាក់ថា កងទ័ព​របស់ខ្លួន​កំពុង​ពិនិត្យ​ស្ថានការណ៍​ដែនអាកាស​ឲ្យ​បានច្បាស់លាស់ ហើយ​ការសម្រេចចិត្ត​ចាប់ផ្ដើម​ប្រតិបត្តិ​ឡើងវិញ ឬ​អត់​នោះ នឹងធ្វើ​ឡើង​តាម​កាលៈទេសៈ​ជាក់ស្ដែង​។ 

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កងទ័ព​អូស្ត្រាលី​នឹង​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ក្នុង​ក្រុមចម្រុះ​នៅ​អ៊ីរ៉ាក់​ដដែល​។ ទន្ទឹមគ្នានេះ អូស្ត្រាលី​ក៏​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ស្ថានភាព​នៅ​ស៊ី​រី ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ និង​ការ​គំរាម​ផ្សេងៗ​លើ​កងទ័ព​របស់ខ្លួន​។ នេះ​ក៏​ព្រោះតែ​រុស្ស៊ី​បាន​គំរាម​ហើយ​ថា​មី​ស៊ី​ល និង​យន្តហោះ​របស់ខ្លួន នឹង​បាញ់​មិន​រើសមុខ​រាល់​យន្ត​ហោះណា​ដែល​ហោះចូល​ក្នុង​បរិវេណ​តំបន់​ខាងលិច​ទន្លេ Euphrates ។

​ក្រោយ​ការបាញ់​ទម្លាក់​យន្តហោះ​ស៊ី​រី​ធុន Su-22 រុស្ស៊ី​ដែល​តែង​ជួយ​គាំទ្រ​របប​រដ្ឋាភិបាល​ស៊ី​រី​រហូតមក បានសម្រេច​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទង្វើ​របស់​ក្រុមចម្រុះ​ដឹកមុខ​ដោយ​អាមេរិក​។ ការបាញ់​ទម្លាក់​យន្តហោះ​ដែល​រដ្ឋាភិបាល​ស៊ី​រី​អះអាងថា​កំពុង​កម្ទេច​ក្រុម​ជ្រុលនិយម គឺជា​សកម្មភាព​លើកទីមួយ​របស់​សម្ព័ន្ធ​មិត្ត​អាមេរិក​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​នៃ​ជម្លោះ​ស៊ី​រី ខណៈ​ពីមុនមក​ក្រុមចម្រុះ​មិនដែល​បាញ់​ដូចនេះ​ឡើយ​។​

​រុស្ស៊ី ទំនងជា​ខឹងសម្បារ​ខ្លាំង​ដែល​ទ័ព​ចម្រុះ​ធ្វើ​សកម្មភាព​ដោយ​មិន​ប្រាប់​ខ្លួន​នោះ បើទោះជា​រុស្ស៊ី និង​អាមេរិក​មាន​កិច្ច​ព្រម​ព្រៀ​បញ្ចៀស​គ្រោះថ្នាក់​ក៏ដោយចុះ​។ បច្ចុប្បន្ន​រុស្ស៊ី​មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ច្រើន​ប្រភេទ​ពង្រាយ​នៅ​មូលដ្ឋានទ័ព​មួយចំនួន​នៅ​ស៊ី​រី​។ ប្រព័ន្ធ​ការពារ​ដែនអាកាស​ទាំង​នោះ​មាន​ទាំង ប្រព័ន្ធ S-400, S-300 និង​ប្រព័ន្ធ​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​ស៊ី​រី​ចាប់ពី​ចុងឆ្នាំ​២០១៥ ក្រោយ​ពេលដែល​យន្តហោះ​ចម្បាំង Su-24 របស់ខ្លួន​ត្រូវ​កងទ័ព​តួ​ក​គី​បាញ់​ធ្លាក់​នៅ​ព្រំដែន​ស៊ី​រី​នោះ​៕ 


Tag:
 អូស្ត្រាលី​
  ស៊ី​រី​
  រុស្ស៊ី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com