ជាតិ
មេ​សហជីព ថា កម្មករ​នឹង​ទទួលបាន​ផល​វិជ្ជមាន​ច្រើន ក្នុងជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន​
07, Aug 2017 , 6:18 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ជួប​កម្មករ​នៅតាម​រោងចក្រ ដើម្បី​ពិនិត្យមើល​ទៅលើ​ស្ថានភាព​ការងារ​និង​ការរស់នៅ​ពួកគេ​។ មេ​សហជីព​នៅ​កម្ពុជា សន្និដ្ឋានថា ជំនួប​ប្រមុខ​រដ្ឋាភិបាល និង​កម្មករ​នេះ នឹង​អាចមាន​ច្រកចេញ​ច្រើន ក្នុងការ​ដោះស្រាយ​បញ្ហា​ទុក្ខលំបាក​របស់​កម្មករ​។​



​ដំណឹង​សម្ដេច ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅតាម​រោងចក្រ​នេះ ត្រូវបាន​មេ​សហជីព​នៅ​កម្ពុជា សាទរ​យ៉ាងខ្លាំង​។ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ យល់ថា បើ​សម្ដេច ហ៊ុន សែន ចុះ​ជួប​កម្មករ​មែន​នោះ វា​គឺជា​ឱកាសល្អ​មួយ សម្រាប់​កម្មករ​ទូទាំង​ប្រទេស​កម្ពុជា ដែល​អាច​បង្ហាញ​ពី​ទុក្ខលំបាក​របស់​ពួកគេ ក្នុងការ​បំពេញការងា​រ​កន្លងមក​។ លោក ប៉ាវ ស៊ីណា ជឿជាក់ថា បញ្ហា​ដែល​កម្មករ​លើក​ចំពោះមុខ​ប្រមុខ​រដ្ឋាភិបាល​ផ្ទាល់​នោះ វា​អាចមាន​ដំណោះស្រាយ​ច្រើន សម្រាប់​កម្មករ​ទាំងនោះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលឃើញ​ដែរ​ពី​ចំណុច​វិជ្ជមាន​ថា បើ​ជំនួប​នោះ​កើតឡើង​វា អាចមាន​ការវិវត្ត​ច្រើន ព្រោះ​ទី​១ វា​ជិត​រដូវ​ការបោះឆ្នោត ។ ទី​២ ខ្ញុំ​សង្កេតឃើញ នៅពេលដែល​កម្មករ​ជួប​ប្រមុខ​រដ្ឋាភិបាល​ផ្ទាល់ តែងតែមាន​ការវិវត្ត​មកដល់​ម៉ោង​នេះ មាន​ទាំង​ការវិវត្ត​ការចរចា​ប្រាក់​ឈ្នួល​តាមរយៈ​រដ្ឋាភិបាលចម្រុះ​។ ហើយក៏​មានការ​កែទម្រង់​គោលនយោបាយ ដូចជា​បញ្ហា​ទឹក ភ្លើង ហានិភ័យ​ការងារ បញ្ហា​សុខភាព រួមទាំង​បញ្ហា​ជាប់ពន្ធ​របស់​កម្មករ​ជាដើម​។ ទាំងអស់នេះ​ខ្ញុំ​មើលឃើញថា វា​ក៏​ជា​សម្មិទ្ធផល​ដែល​សហជីព និង​រដ្ឋាភិបាល​ជជែក​គ្នា​ដែរ​»​។​

​បញ្ហា​ប្រាក់​ឈ្នួល​ទាប  លក្ខខណ្ឌ​ការងារ​អាក្រក់ និយោជក​ធ្វើបាប និង​មន្ត្រី​មួយចំនួន​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​កន្លងមកនេះ គឺ​សុទ្ធតែជា​បញ្ហា​ដែល​កម្មករ ត្រូវ​រៀបរាប់​ដោយផ្ទាល់​ចំពោះមុខ​នាយករដ្ឋមន្ត្រី​។ នេះ​ជាការ​លើកឡើង​របស់លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(CCAWDU) ដែល​ជំរុញ​ឲ្យ​កម្មករ​យក​ឱកាសល្អ​មួយ​នេះ ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ពួកគេ​បន្ថែមទៀត​។​

​លោក អាត់ ធន់ បានបញ្ជាក់​ដូច្នេះ​ថា​៖«​កម្មករ​អាច​យក​ឱកាស​ជួប​ប្រមុខ​រដ្ឋាភិបាល​នោះ ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នូវ​បញ្ហា​អវិជ្ជមាន​កន្លងទៅ​។ ហើយ​ត្រង់​ថា ប្រមុខ​រដ្ឋាភិបាល​ចុះទៅ​ជួប​កម្មករ​យក​បញ្ហា​អវិជ្ជមាន​ទាំងនោះ មក​ដោះស្រាយ​វា​ជា​រឿង​ល្អ ប៉ុន្តែ​បើ​គាត់​(​ហ៊ុន សែន​)​ចុះទៅ​ហើយ មិន​យក​បញ្ហា​កម្មករ​មក​ដោះស្រាយ ហើយ​ស្ដាប់​តែ​មន្ត្រី​រដ្ឋាភិបាល​ដដែល ក៏​វា​គ្មាន​ន័យ​អ្វី​ដែរ​»​។​

​បន្ថែម​ពីលើ​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ចាត់ទុកថា ជំនួប​សម្ដេច ហ៊ុន សែន និង​កម្មក​នាពេលខាងមុខ នឹង​អាច​លើកកម្ពស់​ជីវភាព​រស់​នៅ​កម្មករ​រោងចក្រ​ទូទាំងប្រទេស ឲ្យ​កាន់តែ​ប្រសើរឡើង​។ ហើយ​វា​ក៏​ឱកាស​នៃ​ការសន្ទនា​ដោយផ្ទាល់​រវាង​ប្រមុខ​រដ្ឋាភិបាល និង​ក្រុម​ថៅកែ​រោងចក្រ ក្នុងការ​ស្វែងយល់​បន្ថែ​ម​ទៀត​ពី​បញ្ហា​ប្រឈម​នៅក្នុង​ការវិនិយោគ​រប​ស់​ពួកគេ ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​នៃ​វិស័យ​ឧស្សាហ​កម្មនេះ​ផងដែរ​។​

​ក្តី​រំពឹង​នៃ​ក្នុងការ​ដោះស្រាយ​បញ្ហា​កម្មករ​របស់​ភាគី​សមា​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​មេ​សហជីព​នេះ ធ្វើឡើង​ក្រោយពី​មាន​ដំណឹង​ថា លោកនាយក​រដ្ឋមន្ត្រី គ្រោង​ជួបប្រជុំ​ជាមួយ​កម្មករ​-​កម្ម​ការី នៅ​ថ្ងៃទី​២០ ខែសីហា ខាងមុខ​។

​យោងតាម​ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បច្ចុប្បន្ន​សមាគម​នេះ មាន​សមាជិក​ចំនួន ៥១២ ដោយ​ក្នុងចំណោម ៥៩​ក្នុង​វិស័យ​ស្បែកជើង ហើយ​វិស័យនេះ​បាន​ស្រូបយក​ការងារ​ជាង ៧០ ម៉ឺន​នាក់ ។ បច្ចុប្បន្ន​កម្មករ​រោងចក្រ​ទូទាំងប្រទេស ទទួលបាន​ប្រាក់ខែ​គោល​១៥៣​ដុល្លារ​។ ជុំវិញ​បញ្ហា​ប្រាក់ខែ​នេះ ភាគី​ខាង​សហជីព​មួយចំនួន ត្រៀម​ជួបប្រជុំ​ជាមួយ​ភាគី​ខាង​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល នា​ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​ស្នើសុំ​ឲ្យ​មានការ​ដំឡើង​បន្ថែមទៀត សម្រាប់​ប្រាក់ខែ​គោល​របស់​កម្មករ​នៅ​ឆ្នាំ​២០១៨​។​

​ប្រាក់ខែ​កម្មករ ១៥៣​ដុល្លារ​នេះ បង្ហាញថា កម្មករ​កម្ពុជា​មានលទ្ធភាព​ទទួល​ប្រាក់បៀវត្ស​ខ្ពស់ជាង​កម្មករ​នៅ​ប្រទេស​ភូមា ឡាវ និង​បង់​ក្លា​ដេ​ស​ជាដើម ខណៈដែល​កម្មករ​រោងចក្រ​នៅ​ប្រទេស​វៀតណាម​ទទួលបាន​ប្រាក់ខែ​ជាង​១៦០​ដុល្លារ និង​កម្មករ​នៅ​ប្រទេស​ថៃ ទទួលបាន​ប្រាក់ខែ​៣០០​ដុល្លារ​។ នេះ​បើតាម​លោក អាត់ ធន់ ដែល​បន្ថែម​ដូច្នេះ​ថា​៖«​មូលហេតុ​ដែល​យើង​ចង់​ទាមទា​ឲ្យ​ដំឡើង​ប្រាក់ខែ​ដល់ក​ម្មករ​នោះ ព្រោះ​ប្រាក់ខែ​កម្មករ​យើង​១៥៣​ដុល្លារ និង​ធ្វើការ​ថែម​ម៉ោង​បាន​ជាង​២០០​ដុល្លារ​នេះ មិនអាច​ចាយវាយ​គ្រាប់​គ្រាន់​ទេ ដោយសារតែ​អតិ​ផល​ណា និង​ថ្លៃទំនិញ​ស្រុក​យើង​ថ្លៃ​។ ប៉ុន្តែ​នៅ​វៀតណាម និង​ថៃ​វិញ ប្រាក់ខែ​គេ​លើស​យើង​តិចតួច​ទេ តែ​តម្លៃ​ទំនិញ​ពួកគេ​ថោក ដូច្នេះ​ពួកគេ​អាច​ចំណាយ​គ្រប់គ្រាន់​សម្រាប់​ជីវភាព​រស់នៅ​ស្រុក​គេ​»​។​


Tag:
 ហ៊ុន សែន​
  កម្មករ​រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com