អន្តរជាតិ
ឌូ​ទើ​តេ​៖«​ខ្ញុំ​នឹង​ចេញពី​តំណែង​ភ្លាម បើ​កូនប្រុស​ខ្ញុំ​ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ​មែន​»
13, Aug 2017 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា ក្នុងករណី​ដែល​កូនប្រុស​លោក​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​មែន លោក​នឹង​ចាក​ចេញពី​តំណែង​ដោយ​គ្មាន​ស្តាយស្រណោះ​។ លោក​រង់​ចាំមើល​អ្នក​រិះ​គន់ និង​ចោទប្រកាន់​ក្រុមគ្រួសារ​លោក​យក​ភស្តុតាង​មក​បង្ហាញ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ទាំងអស់គ្នា​។​



«​បើ​កូនប្រុស​ខ្ញុំ​ពិតជា​មាន​ពាក់ព័ន្ធ​អំពើពុករលួយ​មែន អ្នក​ត្រូវ​រៀបចំ​ភស្តុតាង​និង​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​។ គ្រាន់តែ​បង្ហាញ​ភស្តុតាង​ទាំងនោះ ខ្ញុំ​នឹង​ចុះ​ចេញពី​តំណែង​ប្រធានាធិបតី​ភ្លាម​។ នេះ​ជាការ​ប្តេជ្ញាចិត្ត​របស់ខ្ញុំ​ចំពោះ​អ្នក​ទាំងអស់គ្នា​។ វា​ជាស​ម្តី​របស់ខ្ញុំ​ផ្ទាល់​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ផ្តាំ​ទៅកាន់​អ្នក​រិះគន់​លោក​នៅ​ថ្ងៃ​សុក្រ​ទី ១១ សីហា​។​

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer ប្រធានាធិបតី​រូបនេះ​បាន​បន្ត​និយាយ​ពី​ការចុះ​ចេញពី​តំណែង​ជា​ញឹកញាប់​កន្លងមក ហើយ​លោក​ប្តេជ្ញាចិត្ត​គោរព​ពាក្យសម្តី​របស់ខ្លួន​បើសិនជា​អ្នក​រិះគន់​លោក​អាច​បញ្ជាក់បាន​ថា​ក្រុមគ្រួសារ​លោក​ពិត​ជាមាន​ពាក់ព័ន្ធ​រឿង​ពុករលួយ​មែន​នោះ​។​

​លោក ឌូ​ទើ​តេ ក៏​បញ្ជាក់​ជាថ្មី​រឿង​ចុះ​ចេញពី​តំណែង​នេះ​ក៏ដោយ​ដើម្បី​ឆ្លើយតប​នឹង​សម្តី​បុគ្គលិក​ក្រុមហ៊ុន​ទិញ​លក់​ភាគហ៊ុន​មួយ​ដែល​បាន​អះអាង​ក្នុងពេល​បំភ្លឺ​ចំពោះ​គណៈកម្មការ​សភា​ហ្វីលីពីន ក្នុងករណី​ស៊ើបអង្កេត​ពាក់ព័ន្ធ​ការ​សូកប៉ាន់​សម្រួល​ឯកសារ​កាលពី​សប្តាហ៍​មុន​។

​ក្នុងការ​ស៊ើបអង្កេត​ក​រ​ណី​នាំចូល​គ្រឿងញៀន​ពី​ចិន​មានតម្លៃ ៦,៧​ពាន​លាន​ប៉ឺ​សូ​នេះ បុគ្គលិខ​ក្រុមហ៊ុន​ជួញដូរ​ភាគហ៊ុន Mark Taguba បាន​អះអាងថា​ប្រាប់​គណៈកម្មការ​សភា​ថា ខ្លួន​បាន​បង់លុយ​ឲ្យ​មន្ត្រី​ការិយាល័យ​ពន្ធដារ​ដើម្បី​ជួយ​សម្រួល​ឯកសារ​ដឹកជញ្ជូន​។ ជននេះ​បាន​ក្រុមមន្ត្រី​ទាំងនោះ​ជា​ផ្នែក​មួយ​នៃ​ក្រុមមន្ត្រី​ជាន់ខ្ពស់​ក្រុង Davao ក្នុងនោះ​មាន​អភិបាលរងក្រុង​ផង​។

​គេ​ដឹង​ច្បាស់​ថា កូនប្រុស​លោក ឌូ​តើ​ទេ លោក Paolo Dutete ក៏​កំពុង​កាន់តំណែង​ជា​អភិបាលរងក្រុង​ផងដែរ​។ ប៉ុន្តែ​ពេល​សមាជិកសភា​ស្នើ​ឲ្យ​លោក Mark Taguba ទម្លាយ​ឈ្មោះ​អភិបាលរងក្រុង​នោះ គេ​មិនបាន​និយាយ​ឈ្មោះ​លោក Paolo ឡើយ ហើយ​ថែមទាំង​បញ្ជាក់ថា គេ​មិន​ដែរ​ជួប​ជាមួយ​អភិបាលរងក្រុង​ម្នាក់​នោះដែរ​កន្លងមក​៕


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Paolo Duterte
  Davao
© រក្សាសិទ្ធិដោយ thmeythmey.com