អន្តរជាតិ
កេ​ន​យ៉ាៈប​ក្ស​ប្រឆាំង​បន្ត​បាតុកម្ម​ឡាំប៉ា​បដិសេធ​លទ្ធផល​បោះឆ្នោត ខណៈ​អ្នកស្លាប់​កើន​ដល់​១១​នាក់​
13, Aug 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ថា​ប្រធានាធិបតី​ផុត​អាណត្តិ​ជា​អ្នកឈ្នះឆ្នោត​នោះ បេក្ខជន​បក្សប្រឆាំង និង​អ្នកគាំទ្រ​ក៏​ប្រកាស​ដូចគ្នា​ថា​ខ្លួន​នឹង​បន្ត​បាតុកម្ម​បដិសេធ​លទ្ធផល​។ ចលនា​បាតុកម្ម​នេះ​បាន​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​និង អំពើហិង្សា​ផង​។ មនុស្ស​ប្រហែល ១១​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ចលនា​បាតុកម្ម​បដិសេធ​លទ្ធផល​បោះឆ្នោត​នេះ​។​



​ក្រុម​អ្នក​គាំ​ទ្រេ​បេក្ខជន​ប្រធានាធិបតី​បក្សប្រឆាំង​លោក Raila Odinga បាន​ចេញមុខ​ប្រកាស​ថ្ងៃ​សៅរ៍​ទី ១២ សីហា​ថា ពួកគេ​មិន​បោះបង់​ការទាមទារ​ឲ្យ​មានការ​បដិសេធចោល​លទ្ធផល​បោះឆ្នោត​ឡើយ​។ ពួកគេ​នៅ​បន្ត​បាតុកម្ម ទោះបីជា​ចលនា​នេះ​បាន​បង្ក​ឲ្យ​មាន​អំពើហិង្សា រហូត​ឆក់យក​ជីវិត​មនុស្ស​ប្រហែល ១១​នាក់​ហើយ​ក្តី​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចលនា​បាតុកម្ម​កើនឡើង​កាន់តែខ្លាំង​ក្រោយ​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​កេ​ន​យ៉ា​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ដោយ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក Uhuru Kenyatta ឈ្នះឆ្នោត​នៅ​ថ្ងៃ​សុក្រ​។ បាតុកម្ម​នេះ​កើតឡើង​ខ្លាំង​តែ​នៅ​តំបន់​ដែល​ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​ច្រើន​ស្ថិតនៅ​ប៉ុណ្ណោះ​។

​គេ​ឃើញ​បាតុករ​រាប់រយ​នាក់​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​សៅរ៍ ហើយ​ការប្រើប្រាស់​អំពើហិង្សា​ក៏​ផ្ទុះឡើង​ពេល​ប៉ូលិស​ព្យាយាម​នាំគ្នា​បំបែក​ចលនា​បាតុកម្ម​នេះ​ព្រោះ​ស្ថានភាព​ហាក់​លែងមាន​ច្បាប់​មាន​ទម្លាប់​ទៅហើយ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ​មនុស្ស ប្រហែល​១១​នាក់​រួចទៅហើយ​ដែល​បាន​ស្លាប់​ដោយសារ​អំពើហិង្សា​និង​ការប្រឈមមុខគ្នា​រវាង​បាតុករ និង​ប៉ូលិស​នេះ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កេ​ន​យ៉ា Fred Matiangi បានចាត់ទុក​ចលនា​បាតុកម្មហិង្សា​នេះ​ថា​ជា​សកម្មភាព​ឧក្រិដ្ឋ​ថែមទៀត​។​

​ទោះបី​ក្រុម​អ្នកគាំទ្រ​បេក្ខជន​បក្សប្រឆាំង​នាំគ្នា​បន្តធ្វើ​បាតុកម្ម​ទាត់​ចោល​លទ្ធផល​បោះឆ្នោត​ក៏ដោយ មេដឹកនាំ​បក្សប្រឆាំង​និង​ជា​បេក្ខជន​ប្រធានាធិបតី​លោក Raila Odinga មិនទាន់​ចេញមុខ​ថ្លែង​សុន្ទរកថា​ឬ​ជួប​អ្នកគាំទ្រ​ឡើយ ក្រោយ​ចាញ់ឆ្នោត​។ បេក្ខជន​ដែល​ចាញ់ឆ្នោត​បួន​លើក​រាប់ទាំង​ឆ្នាំ ២០១៧ រូបនេះ​គ្រាន់តែ​បដិសេធ​លទ្ធផល​បោះឆ្នោត និង​អះអាងថា ត្រូវគេ​បន្លំ​ទប់ស្កាត់​លោក​កុំ​ឲ្យ​ឈ្នះឆ្នោត​ប៉ុណ្ណោះ​។

​យ៉ាងណា​ក៏ដោយចុះ វា​មិនមែនជា​រឿង​ចម្លែក​ទេ​សម្រាប់​កេ​ន​យ៉ា​ដែល​ត្រូវ​ប្រឈម​ចលនា​បាតុកម្មហិង្សា និង​មាន​ប្រទាំង​ប្រទើស​និង​ប៉ះទង្គិច​គ្នា​រហូតដល់​មាន​មនុស្ស​ស្លាប់​ច្រើន​ក្រោយ​បោះឆ្នោត​បែបនេះ​នោះ​។ វា​ក៏​ដោយសារ​នៅ​កេ​ន​យ៉ា​មានការ​បែកខ្ញែក​គ្នា​ផ្នែក​នយោបាយ​ផង និង​ជាតិពន្ធុ​ផង​។ អំពើហិង្សា​ក្រោយ​បោះឆ្នោត​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ឆ្នាំ ២០០៧ ដោយ​កាលនោះ​ការប៉ះទង្គិច​គ្នា​បាន​ឆកយក​ជីវិត​មនុស្ស ១១០០​នាក់ ហើយ​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៦​សែន​អ្នក​ផ្សេងទៀត​បាត់បង់​ជម្រក​ផង​៕


Tag:
 កេ​ន​យ៉ា​
  Uhuru Kenyatta
  Raila Odinga
© រក្សាសិទ្ធិដោយ thmeythmey.com